ព័ត៌មានជាតិ

ធនាគារ អេស ប៊ី អាយ លី ហួរ គឺជាធនាគារ លំដាប់ជួរមុខ នៅកម្ពុជា បានប្រកាស សម្ពោធជាផ្លូវការ

ភ្នំពេញ ៖ ធនាគារ អេស ប៊ី អាយ លី ហួរ ដែលជាធនាគារបង្កើតឡើង ក្រោមការចូលរួម វិនិយោគ របស់ អ្នកឧកញ៉ា លី ហួរ ជាមួយដៃគូជាយុទ្ធសាស្រ្ត អាជីវកម្មគឺក្រុមហ៊ុន SBI Holdings បានប្រកាសបើកសម្ពោធជាផ្លូវការ នៅថ្ងៃទី១៤ ខែ កញ្ញា ឆ្នាំ២០២២ នេះ នៅសណ្ឋាគារ សូហ្វីតែលភ្នំពេញភូគីត្រា ។

ពិធីសម្ពោធនេះ មានការចូលរួមក្រោមអធិបតីភាព លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិ នៃកម្ពុជា និង លោក មីកាមិ ម៉ាសាហិរ៉ូ (Mikami Masahiro) ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ។

ដូចដែលបានដឹងរួចមកហើយ ធនាគារ អេស ប៊ី អាយ លី ហួរ ពីមុនត្រូវបានសាធារណជន ស្គាល់យ៉ាងច្បាស់ថាជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ដែលបានកម្លាយខ្លួន ទៅជាធនាគារពាណិជ្ជ ក្រោយទទួលបានអាជ្ញាបណ្ណ ធ្វើប្រតិបត្តិការធនាគារពី ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ដោយមានការចូលរួម វិនិយោគពីដៃគូ ជាយុទ្ធសាស្រ្តអាជីវកម្មគឺក្រុមហ៊ុន SBI Holdings ។
ការវិនិយោគ របស់ក្រុមហ៊ុនដ៏ធំ មកពីប្រទេសជប៉ុន ក្នុងវិស័យធនាគារនេះ គឺបញ្ជាក់ឱ្យឃើញថា ប្រទេសកម្ពុជាយើង គឺជាប្រទេសដែលមាន សុខសន្តិភាព ស្ថិរភាព និងសក្តានុពលសេដ្ឋកិច្ចរីកចម្រើនខ្លាំង នៅក្នុងតំបន់ និង មានការអភិវឌ្ឍឥតឈប់ឈរ ព្រមទាំងមានសក្តានុពល ធនធានមនុស្សខ្លាំង ក្នុងវិស័យធនាគារ ក៏ដូចជាវិស័យផ្សេងៗទៀតដែលជួយជំរុញ ដល់ការរីកចម្រើនសេដ្ឋកិច្ច ជាតិកម្ពុជាទាំងមូល ។

ជាទិសដៅយុទ្ធសាស្រ្តនាពេលខាងមុខ និងស្របទៅ តាមផែនការ ស្ដារសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា អាជីវកម្មរបស់ធនាគារ នឹងផ្ដោតសំខាន់ទៅលើការពង្រឹង ប្រព័ន្ធឌីជីថល ដែលរួមមានប្រព័ន្ធធនាគារស្នូល ប្រព័ន្ធធនាគារចល័ត ឬ ម៉ូប៊ែលប៊ែងឃីង (Mobile Banking) និងមធ្យោបាយឌីជីថលផ្សេងៗទៀត ដើម្បីផ្ដល់ជូនអតិថិជន ក៏ដូចជា ប្រជាពលរដ្ឋទូទាំងប្រទេស នូវបទពិសោធន៍សេវាកម្មហិរញ្ញវត្ថុដ៏ល្អបំផុត។ ធនាគារនឹងបន្ថែមចំនួន ម៉ាស៊ីន អេ ធី អ៊ឹម និងបន្តអភិវឌ្ឍផលិតផល និងសេវាកម្ម របស់ធនាគារ ឱ្យកាន់តែប្រសើរថែមទៀត ដោយមានការចូលរួម ជាមួយដៃគូរ អាជីវកម្មដែលមានសក្ដានុពល និងបណ្ដាភាគី ពាក់ព័ន្ធ ដើម្បីបំពេញតម្រូវការទីផ្សារ និងស្របតាម យុទ្ធសាស្រ្តជាតិ ស្តីពី បរិយាបន្នហិរញ្ញវត្ថុ ដែលយុទ្ធសាស្រ្តនេះ គឺ មានការគំាទ្រយ៉ាងពិសេស ពីធនាគារជាតិនៃកម្ពុជា ។ ទន្ទឹមនឹងនេះផងដែរ ធនាគារក៏មានគម្រោង ក្នុងការពង្រីក ចំនួនសាខាបន្ថែមទៀត ដើម្បីពង្រីក នូវវិសាលភាព បម្រើអតិថិជនគ្រប់ទីកន្លែង ទៅដល់ ភូមិ ឃុំ និងកេរ្តិ៍ឈ្មោះ របស់ធនាគារ អោយបានកាន់តែល្អបំផុត ។

អ្នកឧកញ៉ា លី ហួរ ប្រធានក្រុមព្រឹក្សាភិបាល នៃធនាគារ អេស ប៊ី អាយ លី ហួរ បានមានប្រសាសន៍ថា៖ « ដោយសារមានការប្តេជ្ញាចិត្តដ៏មុតមាំ ទើបយើងអាចប្រែក្លាយខ្លួន ពីមីក្រូហិរញ្ញវត្ថុ លី ហួរ ទៅជាធនាគារពាណិជ្ជ អេស ប៊ី អាយ លី ហួរ ប្រកបដោយជោគជ័យ ។»

អ្នកឧកញ៉ា បានលើកឡើងទៀតថា គោលបំណង នៃការបង្កើតធនាគារ អេស ប៊ី អាយ លី ហួរ គឺដោយសារចង់លើកមុខមាត់ថ្មី លើវិស័យធនាគារ ជាមួយដៃគូ ដែលមានបទពិសោធន៍ និងការជួយជ្រោមជ្រែងដល់ការរស់នៅ របស់ប្រជាជនកម្ពុជា អាជីវករ និងអ្នកជំនួញកម្ពុជា ឱ្យទទួលបាន នូវបទពិសោធន៍ សេវាកម្មធនាគារ បែបឌីជីថលដ៏លឿនរហ័ស និងប្រកបដោយទំនុកចិត្ត ដែលក្នុងនោះផ្តោត លើផ្នែកសេវាហិរញ្ញវត្ថុ រាប់ទាំងខ្នាតតូច រហូតដល់ខ្នាតធំ និងសេវាកម្មសំខាន់ៗ ជាច្រើនទៀត ។
«ខ្ញុំចង់ឃើញប្រទេសកម្ពុជា និងប្រជាជនកម្ពុជា ទទួលបានផលប្រយោជន៍ មានភាពងាយស្រួល និងមានការរីកចម្រើន តាមរយៈសេវាកម្មហិរញ្ញវត្ថុ ដែលមានជំនាញវិជ្ជាជីវៈ ដូច្នេះហើយធនាគារ អេស ប៊ី អាយ លី ហួរ ក៏មានគោលដៅចម្បងក្នុងការពង្រីកខ្លួនឱ្យច្រើនបំផុត និងឆាប់រហ័សបំផុត ទៅក្នុងតំបន់នានានៅក្នុងប្រទេសកម្ពុជា» ។ នេះបើតាមការបញ្ជាក់របស់អ្នកឧកញ៉ា លី ហួរ ។

ក្នុងឱកាសសម្ពោធជាផ្លូវការនេះ ធនាគារ អេស ប៊ី អាយ លី ហួរ មានការផ្តល់ជូនសេវាកម្មប្រាក់បញ្ញើសន្សំដ៏មានសុវត្ថិភាព សន្សំដោយទំនុកចិត្ត និងទទួលបានអត្រា ការប្រាក់ខ្ពស់រហូតដល់ ៧.៧៥% ខណៈកម្ចីទិញផ្ទះអាចទទួលបានទំហំរហូត ដល់៩៥% ជាមួយអត្រាការប្រាក់ទាប ចាប់ពី ០.៦៤% ប៉ុណ្ណោះក្នុង១ខែ និង មានរយៈពេលកម្ចីវែងបំផុត រហូតដល់ ២៥ឆ្នាំ។ ក្រៅពីនេះ ធនាគារ អេស ប៊ី អាយ លី ហួរ ក៏កំពុងដាក់ឱ្យប្រើប្រាស់ នូវកម្មវិធីធនាគារចល័ត នៅលើទូរសព្ទដៃ ដែលអាចទាញយក និងបង្កើតគណនីបានដោយខ្លួនឯង យ៉ាងងាយស្រួល ។ ដើម្បីទាញយកសូមចុច onelink.to/sbilhmobileapp
គួររំលឹកផងដែរថា ទន្ទឹមនឹងការកម្លាយខ្លួនជាធនាគារពាណិជ្ជនៅដើមឆ្នាំ២០២០ក៏ជាពេលវេលាដែលស្ថានភាពជំងឺឆ្លងកូវីដ-១៩ ក៏កំពុងរីករាលដាល និងបានជះឥទ្ធិពលយ៉ាងខ្លាំង ដល់សេដ្ឋកិច្ចរបស់ប្រទេសយើង ហើយក៏បានកំពុងបន្តជះឥទ្ធិពលមិនល្អ លើគ្រប់វិស័យ នៃសេដ្ឋកិច្ចជាតិទាំងមូល ដែលជាឧបសគ្គមួយ ធ្វើឱ្យធនាគារពុំអាចរៀបចំពិធីសម្ពោធជាផ្លូវការបាន។ ទោះបីជាមានវិបត្តិយ៉ាងណាក៏ដោយ ក្រោមការដឹកនាំ របស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន និងការគាំទ្រជាយុទ្ធសាស្ត្រ ពីធនាគារជាតិ នៃកម្ពុជា ធនាគារ អេស ប៊ី អាយ លី ហួរ សម្រេចបានលទ្ធផល អាជីវកម្មយ៉ាង ល្អប្រសើរ ហើយបានក្លាយជាធនាគារធំមួយ ក្នុងចំណោមធនាគារធំៗ ក្នុងប្រទេស ដែលមានសកម្មភាព អាជីវកម្មលេចធ្លោ និងទទួលស្គាល់ ពីសាធារណៈជន ក្នុងរយៈពេលដ៏ខ្លី បន្ទាប់ពីកម្លាយខ្លួនមកជាធនាគារពាណិជ្ជ ។ បច្ចុប្បន្ន ធនាគារបានពង្រីកការិយាល័យរហូតដល់ ៤៦ សាខា គ្របដណ្តប់ គ្រប់ ២៥ ខេត្ត-ក្រុង ទូទាំងប្រទេស ចំណែកឯលទ្ធផលអាជីវកម្មសំខាន់ៗរបស់ធនាគារ រួមមាន ៖ ផលប័ត្រឥណទានបានកើនឡើងដល់ចំនួន ជាង៦៣០លានដុល្លារ ប្រាក់បញ្ញើសន្សំ ៦០០លានដុល្លារ និងមានទ្រព្យសកម្មសរុបឈានដល់ ចំនួនជាង៧៦០លានដុល្លារ គិតត្រឹមដំណាច់ខែសីហា ឆ្នាំ២០២២ នេះ។ ខណៈពេលនៃការកម្លាយខ្លួនមកជាធនាគារពាណិជ្ជ ក្នុងកំឡុងពេលមានវិបត្តិជំងឺកូវីដ-១៩ ធនាគារមានកំណើនបុគ្គលិក ពីចំនួន ៥៩៧នាក់ ទៅ ចំនួន ១,៥៣០នាក់ គិតត្រឹមដំណាច់ខែសីហា ឆ្នាំ២០២២នេះ ដែលមានការកើនឡើងរហូតដល់ជិត១,០០០នាក់ ក្នុងរយៈពេលខ្លីប៉ុណ្ណោះ។

ជាចុងបញ្ចប់ អ្នកឧកញ៉ា លី ហួរ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមគណអធិបតី ឯកឧត្តមទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ដៃគូរអាជីវកម្មនានា និងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ដែលមានវត្តមាននៅក្នុងពីធីបើកសម្ពោធជាផ្លូវការ របស់ធនាគារ អេស ប៊ី អាយ លី ហួរឱ្យជួបនូវពុទ្ធពរគ្រប់ប្រការ ទទួលបានជ័យជំនះ គ្រប់ភារៈកិច្ច និងប្រកបរបរពាណិជ្ជកម្ម កាន់តែជោគជ័យ និងរីកចម្រើនជានិរន្តរ៍ ។

សម្រាប់ព័ត៌មានបន្ថែមអំពីពិធីសម្ពោធនេះ ឬចង់ស្វែងយល់បន្ថែមអំពីធនាគា អេស ប៊ី អាយ លី ហួរ សូមចូលទៅកាន់ https://www.sbilhbank.com.kh/ ហើយតាមដានទំព័រហ្វេសប៊ុកផ្លូវការ តាមរយៈ www.facebook.com/sbilhbank.com.kh/

Telegram: t.me/sbilyhourbank
Instagram: instagram.com/sbilhbank
LinkedIn: linkedin.com/company/sbi-ly-hour-bank-plc
Tel: (+855)23 980 888

To Top