នយោបាយ

កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំថ្នាក់ រដ្ឋមន្ត្រីអាស៊ាន ទទួលបន្ទុកឧក្រិដ្ឋ កម្មឆ្លងដែន លើកទី១៦

ភ្នំពេញ ៖ ដោយបានការឯកភាព ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងនាមជាប្រធានប្ដូរវេន នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ ថ្នាក់រដ្ឋមន្ត្រីអាស៊ាន ទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន លើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធ (16’h AMMTC and Its Related Meetings) ចាប់ពីថ្ងៃទី២១-២២ ខែកញ្ញា ឆ្នាំ២០២២ តាមប្រព័ន្ធវិដេអូ។

យោងតាមសេចក្ដីប្រកាសព័ត៌មាននា ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ បានឲ្យដឹងថា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន លើកទី១៦ គឺជាវេទិកាសម្រាប់ រដ្ឋមន្ត្រីមកពីបណ្តារដ្ឋសមាជិកអាស៊ាន ផ្លាស់ប្ដូរយោបល់ និងចែករំលែកបច្ចុប្បន្នភាព អំពីនិន្នាការ នៃឧក្រិដ្ឋកម្មឆ្លងដែនក្នុងតំបន់ និងសកល ជាពិសេសលើប្រភេទនៃឧក្រិដ្ឋកម្មទាំង១០ ដែលបានកំណត់ ក្នុងក្របខណ្ឌ នៃកិច្ចសហប្រតិបត្តិការ របស់អាស៊ាន ដូចជា៖ ការរត់ពន្ធអាវុធ អំពើភេរវកម្ម ការសម្អាតប្រាក់ អំពើប្លន់លើផ្ទៃសមុទ្រ ការរត់ពន្ធមនុស្ស ការជួញដូរមនុស្ស បទល្មើសសេដ្ឋកិច្ចអន្តរជាតិ បទល្មើស បច្ចេកវិទ្យា ការជួញដូរគ្រឿងញៀន ខុសច្បាប់ និងការជួញដូរសត្វព្រៃ និងឈើខុសច្បាប់។

កិច្ចប្រជុំ ក៏នឹងពិនិត្យពិភាក្សាលើកម្មវិធីការងារ និងផែនការសកម្មភាព បានដាក់ចេញកន្លងមក ដើម្បីឈានទៅកំណត់ទិសដៅអនុវត្តបន្ត។

សូមបញ្ជាក់ថា ក្នុងក្របខណ្ឌ នៃកិច្ចប្រជុំលើកទី១៦នេះ ក្រសួងមហាផ្ទៃ ក៏នឹងធ្វើជាប្រធានកិច្ចប្រជុំ ពិគ្រោះយោបល់ ថ្នាក់រដ្ឋមន្ត្រីអាស៊ាន ទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន ជាមួយដៃគូសន្ទនា បូកបី (ចិន, ជប៉ុន, សាធារណរដ្ឋកូរ៉េ) លើកទី១២ (12º AMMTC + 3 Consultation) ៕

To Top