ព័ត៌មានជាតិ

សមាគមហិរញ្ញវត្ថុ៣ បង្កើនប្រតិបត្តិការជាយុទ្ធសាស្រ្ត លើកកម្ពស់បច្ចេកវិទ្យាហិរញ្ញវត្ថុ នៅកម្ពុជា

ភ្នំពេញ ៖ សមាគមធនាគារនៅកម្ពុជា, សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា, សមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៃកម្ពុជា កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ នៅសណ្ឋាគារ រ៉ូសវូត ភ្នំពេញ បានចុះហត្ថលេខាលើ អនុស្សរណៈយោគយល់ ដើម្បីធ្វើឲ្យប្រសើរឡើង នូវកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តរវាងសមាគមទាំងបី ដើម្បីលើកកម្ពស់បច្ចេកវិទ្យាហិរញ្ញវត្ថុ នៅកម្ពុជា បរិយាបន្នហិរញ្ញវត្ថុ ការកសាងសមត្ថភាព និងការលើកកម្ពស់ប្រព័ន្ធអេកូ-បច្ចេកវិទ្យាហិរញ្ញវត្ថុ នៅកម្ពុជា សម្រាប់ការធ្វើធុរកិច្ច ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ។ 

ពិធីចុះហត្ថលេខាលើ អនុស្សរណៈយោគយល់គ្នានេះ គឺជាតឹកតាងបង្ហាញពីការប្តេជ្ញាចិត្ត និងការចូលរួមរបស់សមាគមទាំងបី ក្នុងការលើកកម្ពស់បន្ថែមទៀត លើការអភិវឌ្ឍក្របខណ្ឌបច្ចេកវិទ្យាហិរញ្ញវត្ថុ និងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការសម្រេចឱ្យបាននូវគោលដៅ នៃការអនុវត្តបច្ចេកវិទ្យា និងការធ្វើបរិវត្តិកម្មឌីជីថលនៅកម្ពុជា រួមមាន ប្រជាជនឌីជីថល ធុរកិច្ចឌីជីថល និងរដ្ឋាភិបាលឌីជីថល។ 

លោក Raymond Sia ប្រធានសមាគមធនាគារនៅកម្ពុជា មានប្រសាសន៍ថា «យើងចង់បញ្ជាក់ថា ឌីជីថលនីយកម្ម នវានុវត្តន៍ និងបច្ចេកវិទ្យាហិរញ្ញវត្ថុ គឺនៅជុំវិញអតិថិជនរបស់យើង។ ឧស្សាហកម្មហិរញ្ញវត្ថុ គឺឧស្សាហកម្មបម្រើដល់ប្រជាជន (people-centric industry) ហើយសេវាហិរញ្ញវត្ថុ គឺជាសេវាចាំបាច់ដំបូងគេ។  ដើម្បីពង្រឹងប្រព័ន្ធ និងដើម្បីធានាថាសេវាហិរញ្ញវត្ថុ បានទៅដល់ប្រជាជនកម្ពុជាគឺមានសារៈសំខាន់ណាស់ សម្រាប់ភាពជោគជ័យ និងនិរន្តរភាពនៃវិស័យនិងសេដ្ឋកិច្ច»។

គួរបញ្ជាក់ដែរថា អនុស្សរណៈយោគយល់គ្នាទាំងបីភាគីនេះ នឹងក្លាយជានិមិត្តសញ្ញា នៃការបន្តការប្តេជ្ញាចិត្តរវាងសមាគមទាំងបីទៅក្នុងវិស័យហិរញ្ញវត្ថុ និងប្រជាជនកម្ពុជា។ អនុស្សរណៈយោគយល់គ្នានេះ មានរបៀបវារៈសំខាន់ៗរួមមាន៖ ការសហការ ដើម្បីបម្រើដល់ដៃគូនៅក្នុងឧស្សាហកម្ម ចំពោះវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ សហគមន៍ធុរកិច្ចបង្កើតថ្មីនៅកម្ពុជា, ចូលរួមអនុវត្តនិងតាមដាន នូវការអនុវត្តក្រមប្រតិបត្តិសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ  និងការសហការរួមគ្នាលើសកម្មភាពនៃការអនុវត្តបច្ចេកវិទ្យាហិរញ្ញវត្ថុ និងការកសាងសមត្ថភាព។

លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា មានប្រសាសន៍នៅក្នុង ពិធីចុះអនុស្សរណៈយោគយល់គ្នានេះថា «ខ្ញុំបាទជឿជាក់ថា តាមរយៈការចុះអនុស្សរណៈយោគយល់គ្នា រវាងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៅកម្ពុជា(CAFT) នឹងចូលរួមចំណែកយ៉ាងសំខាន់ មិនត្រឹមតែជួយលើកស្ទួយប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុ សម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាឱកាសថ្មីមួយ សម្រាប់ប្រជាជនកម្ពុជា បានសិក្សាស្វែងយល់បន្ថែមពីបចេ្ចវិទ្យាថ្មីៗ ជាពិសេសវាជាឱកាស សម្រាប់អ្នកដែលមានអាជីវកម្មថ្មី ក្នុងវិស័យហិរញ្ញវត្ថុ ដើម្បីយកទៅអនុវត្ត ឱ្យមានប្រសិទ្ធភាពក្នុងប្រតិបត្តិការរបស់ខ្លួន នៅថ្ងៃអនាគត»។

លោក ប៉ិល រ៉េម៉ីស៊ីសុផុន ប្រធានក្រុមប្រឹក្សាភិបាល សមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៃកម្ពុជា បានថ្លែងថា អនុស្សរណៈយោគយល់គ្នានេះ គឺជាស្មារតីនៃកិច្ចសហការ ដែលជាកម្លាំងចលករ និងមាគ៌ាដ៏ត្រឹមត្រូវ សម្រាប់សមាគមទាំងបី ដើម្បីរួមកម្លាំងគ្នា ឱ្យកាន់តែរឹងមាំ ក្នុងការដោះស្រាយបញ្ហាតាមវិស័យ ដោយលើកកម្ពស់ការយល់ដឹង ការអប់រំ និងសំខាន់បំផុតការបង្កើតថ្មី ដើម្បីដោះស្រាយបញ្ហាប្រឈមមួយចំនួនដែលយើងកំពុងជួបប្រទះ និងបង្ហាញថាយើងមិនប្រឈមមុខតែម្នាក់ឯងទេ។

មានប្រសាសន៍អបអរសាទរ នៅក្នុងពិធីចុះហត្ថលេខាខាងលើ លោក គិត សុវណ្ណារិទ្ធ អគ្គនាយករងត្រួតពិនិត្យទី១ នៃអគ្គនាយកដ្ឋានត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា  បានអបអរសាទរចំពោះសមាគមទាំងបី ដែលបានឈានដល់ការចុះអនុស្សរណៈយោគយល់គ្នានេះ។ លោកបញ្ជាក់ថា វាជាព្រឹត្តិការណ៍ដ៏សំខាន់ និងសមិទ្ធផលសម្រាប់ឧស្សាហកម្មហិរញ្ញវត្ថុទាំងមូល។ 

លោក គិត សុវណ្ណារិទ្ធ បានមានប្រសាសន៍បន្ថែមថា អនុស្សរណៈយោគយល់គ្នា រវាងសមាគមទាំងបី ក៏បានចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែង របស់ធនាគារជាតិនៃកម្ពុជា ក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ តាមរយៈការធ្វើឲ្យប្រសើរឡើង នៃបច្ចេកវិទ្យាហិរញ្ញវត្ថុ និងនវានុវត្តន៍៕

To Top