ព័ត៌មានជាតិ

លោក ហ៊ុនម៉ានី៖ សាលដីកាសម្រេចឱ្យខៀវ សំផនជាប់ពន្ធនាគារមួយជីវិត បង្ហាញពីសច្ចភាពដែលកម្ពុជាបានជួបប្រទះក្នុងអតីតកាលដ៏ខ្មៅងងឹត 

ភ្នំពេញ៖លោកហ៊ុន ម៉ានី ប្រធានសភាពសហព័ន្ធយុវជនកម្ពុជា(សសយក) បានបញ្ជាក់ថាការចេញសាលដីកា របស់សាលាក្តីខ្មែរក្រហមនៅថ្ងៃនេះក៏ជាសច្ចភាពមួយដែលបានឆ្លុះបញ្ចាំង ពីរបបសាហាវយង់ឃ្នងដែលកម្ពុជាបានជួបប្រទះ ក្នុងអតីតកាលដ៏ខ្មៅងងឹត។

លោកបានសរសេលើបណ្តាញសង្គមថា៖«ថ្ងៃប្រវត្តិសាស្ត្រនៃការបិទបញ្ចប់ ការកាត់សេចក្តីឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តឡើង ក្នុងអំឡុងពេលនៃរបបខ្មែរក្រហម»។
លោកបន្តថា សាលដីកាស្ថាពរប្រកាស ដោយអង្គជំនុំជំរះតុលាការកំពូល នាព្រឹកថ្ងៃទី២២ ខែកញ្ញា  ឆ្នាំ២០២២  បានផ្តន្ទាទោសអតីតប្រមុខរដ្ឋក្នុងរបបប្រជាធិបតេយ្យកម្ពុជា ខៀវ សំផន ក្នុងកម្រិតទោសអតិបរិមាតាមច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា គឺការដាក់ពន្ធនាគារអស់ មួយជីវិតក្នុងសំណុំរឿង ០០២/ ០២ ដោយត្រូវអនុវត្តត្រួតគ្នាជាមួយនឹងទោសដាក់ពន្ធនាគាររស់មួយជីវិតនៅក្នុងសំណុំរឿង ០០២/០១។
លោកបានគូសបញ្ជាក់ថាសាលដីកានេះក៏ជាសច្ចភាពមួយដែលបានឆ្លុះបញ្ចាំងពីរបបសាហាវយង់ឃ្នងដែលកម្ពុជាបានជួបប្រទះក្នុងអតីតកាលដ៏ខ្មៅងងឹត។
ឆ្លងកាត់ដំណើរការនីតិវិធីដែលបានចំណាយពេលជាង ១៦ ឆ្នាំ យុត្តិធម៌ត្រូវបានផ្តល់ជូនជាផ្លូវការ គឺការទទួលស្គាល់នូវអត្ថិភាពនៃបទល្មើស និងបញ្ចប់នូវស្ថានភាពនិទណ្ឌភាពរបស់មេដឹកនាំ និងអ្នកទទួលខុសត្រូវជាន់ខ្ពស់បំផុតនៃរបបឧក្រិដ្ឋមួយនេះ។ មិនតែប៉ុណ្ណោះ ថ្ងៃនេះក៏ជាការឧទ្ទិសដល់វិញ្ញាណក្ខ័ន្ធជនរងគ្រោះទាំងអស់ដែលបានបាត់បង់ជីវិត ក៏ដូចជាការផ្សះផ្សានូវរបួសផ្លូវចិត្តសម្រាប់អ្នកដែលបានរស់រានមានជីវិតដែលបានរស់នៅក្នុងភាពឈឺចាប់ឱ្យបានស្ងប់ចិត្ត តាមរយៈការទទួលទោសរបស់ជនជាប់ចោទសាកសមទៅនឹងអំពើដែលខ្លួនបានប្រព្រឹត្ត និងបញ្ជា។

លោកបន្ថែមថា យុវជនកម្ពុជាជំនាន់ក្រោយ ត្រូវចងចាំ និងរៀនសូត្រពីប្រវត្តិសាស្រ្តមួយនេះ ដោយមិនត្រូវអនុញ្ញាតឱ្យស្នាមប្រេះស្រាំក្នុងអតីតកាលនេះអាចកើតឡើងវិញសារជាថ្មី ហើយត្រូវរួមគ្នាថែរក្សាសុខសន្តិភាពមួយនេះដែលជាមូលដ្ឋានក្នុងការកសាង និអភិវឌ្ឍជាតិ៕

To Top