ភ្នំពេញ៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តសៀមរាប ព្រមទាំងក្រុមការងារមន្រ្តីបច្ចេកទេស នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២នេះ បានចុះពិនិត្យទីតាំងទី ១ នៅទំនប់ប្រឡាយកុមារ ដែលជាតំបន់ប្រសព្វគ្នារវាងខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងសៀមរាប និងបន្តចុះពិនិត្យនៅទីតាំងទី ២ ស្ថិតនៅភូមិគោករំចេក ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។
យោងតាមមន្ត្រីអមដំណើរលោករដ្ឋមន្ត្រី បានឲ្យដឹងថា ក្នុងដំណើរចុះពិនិត្យរបស់រដ្ឋមន្ត្រីនាពេលនេះ ក្នុងគោលបំណងសំខាន់ៗចំនួន២ រួមមាន ៖
១- ចុះពិនិត្យ និងវាយតម្លៃស្ថានភាពជំនន់ នៅតំបន់ទំនាបជុំវិញបឹងទន្លេសាប ដែលជំនន់ទាំងពីរប្រភេទកើតឡើង ដោយភ្លៀងធ្លាក់ខ្លាំង (Flash Flood) និងដោយបរិមាណភ្លៀងធ្លាក់ ជាប់រដឹកជាច្រើនថ្ងៃ ( Over Flow ) ។
២- ត្រួតពិនិត្យ និងមានវិធានការជាយុទ្ធសាស្រ្ត ដែលអាចអនុវត្តក្នុងរយៈពេលខ្លី មធ្យម និងរយៈពេលវែង ដើម្បីបញ្ជៀសនូវការលិចលង់នានា ដែលតែងតែកើតមានឡើងជាយថាហេតុ ។ ជាក់ស្តែងចាប់តាំងពីដើមរដូវវស្សាឆ្នាំនេះ ក្រសួងបានត្រៀមនូវគ្រប់មធ្យោបាយ មានទាំងសម្ភារ គ្រឿងចក្រ និងកម្លាំងមន្រ្តី ប្រចាំការនៅគ្រប់មុខព្រួញរាជធានី-ខេត្ត ដើម្បីត្រៀមអន្តរាគមន៍ឲ្យបានទាន់ពេលវេលា ។
ទន្ទឹមនឹងនេះ លោក លឹម គានហោ ក៏បានដាក់ផែនការ និងណែនាំឲ្យជួសជុលជាបន្ទាន់ផងដែរ នូវប្រព័ន្ធធារាសាស្ត្រណាដែលខូតខាត ដោយជំនន់បន្ទាប់ពីទឹក ចាប់ផ្តើមស្រកភ្លាមៗ បើពុំនោះគឺមិនអាចធានាខ្ចប់ទុក រក្សាទឹកគ្រប់គ្រាន់ ដើម្បីបម្រើដល់ការបង្កបង្កើនផល និងទឹកប្រើប្រាស់ ក្នុងជីវភាពប្រចាំថ្ងៃ នារដូវប្រាំងខាងមុខនោះឡើយ៕