ភ្នំពេញ៖ លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាប្រធានក្រុមការងារបច្ចេកទេស គម្រោងស្តីពី កិច្ចគាំពារសង្គមផ្នែកនវានុវត្តន៍ សម្រាប់វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ (ហៅកាត់ថាគម្រោង SPIN) តំណាងដ៏ខ្ពង់ខ្ពស់ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាស្តីពី ការបង្កើនការយល់ដឹង អំពីការដាក់ឲ្យដំណើរការសាកល្បង គម្រោង SPIN សម្រាប់អ្នកបើកម៉ូតូរ៉ឺម៉ក និងអ្នកបម្រើក្នុងផ្ទះ។
លោកបណ្ឌិតបានថ្លែងថា សិក្ខាសាលា ស្តីពី “ការបង្កើនការយល់ដឹង អំពីការដាក់ឲ្យដំណើរការ អនុវត្តសាកល្បងគម្រោង SPIN” ពិតជាមានសារៈសំខាន់បំផុត សម្រាប់ផ្សព្វផ្សាយអំពីវឌ្ឍនភាព នៃការអនុវត្តគម្រោងស្តីពី កិច្ចគាំពារសង្គមផ្នែកនវានុវត្តន៍ សម្រាប់វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងរបបសន្តិសុខសង្គម ដល់អ្នកបើកម៉ូតូរ៉ឺម៉ក និងអ្នកបម្រើក្នុងផ្ទះ ដែលជាសមាជិក សមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) និងសមាគមអ្នកបម្រើការងារតាមផ្ទះ (ADW)។
លោកបណ្ឌិត បានបន្តទៀតថា អ្នកបម្រើក្នុងផ្ទះ អត្រាភាគទានត្រូវបានកំណត់ ដូចសមាជិក ប.ស.ស. ក្នុងប្រព័ន្ធ (របបសន្តិសុខសង្គមផ្នែកហានិភ័យការងារ ត្រូវបានកំណត់ស្មើនឹង ០,៨ ភាគរយ នៃប្រាក់ឈ្នួលមធ្យម ជាប់ភាគទាន និងរបបរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព ត្រូវបានកំណត់ស្មើនឹង ២,៦ ភាគរយ នៃប្រាក់ឈ្នួលមធ្យម ជាប់ភាគទាន) រីឯអ្នកបើកម៉ូតូរ៉ឺម៉ក ការបង់ភាគទានថេរគឺ ១៥ ៦០០រៀល ក្នុងមួយខែ។
ឆ្លៀតក្នុងឱកាសនោះ លោកបណ្ឌិត បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអង្គការហ្គ្រេត (GRET) និងសមាគម SHPA ដែលបានសហការរៀបចំ សិក្ខាសាលានេះឡើង ព្រមទាំងអរគុណចំពោះវត្តមាន របស់ លោក លោកស្រី អ្នកនាង កញ្ញា ទាំងអស់ ដែលបានមកចូលរួម នាឱកាសនេះ។
គួររំលឹកថា នៅក្នុងសិក្ខាសាលានេះ មានការធ្វើបទបង្ហាញពីមន្ត្រីជំនាញ នៃ ប.ស.ស. អង្គការហ្គ្រេត និងសមាគមគាំពារសុខភាពសង្គម (SHPA) អំពីវឌ្ឍនភាពនៃការអនុវត្ត របបសន្តិសុខសង្គម នៃ ប.ស.ស. គម្រោង SPIN និងកម្មវិធីតាមគេហទំព័រ ព្រមទាំងការធ្វើតេស្តអនុវត្តជាក់ស្តែង ក្នុងការចុះបញ្ជិកា និងបង់ភាគទាន តាមរយៈកម្មវិធីតាមគេហទំព័រ។
សូមបញ្ជាក់ថា៖ សិក្ខាសាលាខាងលើប្រព្រឹត្តទៅ នៅសណ្ឋាគារ Poulo Wai Hotel and Apartment ដោយមានវត្តមានអញ្ជើញចូលរួម ពីក្រុមការងារបច្ចេកទេសគម្រោង SPIN នៃ ប.ស.ស. អង្គការហ្គ្រេត (GRET) សមាគមគាំពារសុខភាពសង្គម (SHPA) តំណាងសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) និងតំណាងសមាគម អ្នកបម្រើការងារតាមផ្ទះ (ADW) ជាច្រើនរូប៕