ព័ត៌មានជាតិ

ប.ស.ស. ជួបជាមួយក្រសួង ស្ថាប័ន៧ ពាក់ព័ន្ធនឹង ការពង្រីកវិសាលភាព របបសន្ដិសុខសង្គម សម្រាប់បុគ្គល ស្ថិតក្នុងវិស័យសាធារណៈ

ភ្នំពេញ៖បន្ទាប់ពីមានកិច្ចប្រជុំត្រួតពិនិត្យផ្ទៃក្នុង ពីសំណាក់ក្រុមការងារកិច្ចការច្បាប់ នៃប.ស.ស. លើសេចក្តីព្រាងអនុក្រឹត្យ ស្ដីពីការពង្រីកវិសាលភាព របបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព សម្រាប់បុគ្គលដែលស្ថិតនៅក្នុងវិស័យសាធារណៈ កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២កន្លងទៅ នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២នេះ សេចក្តីព្រាងអនុក្រឹត្យខាងលើ ត្រូវបានបន្តលើកយកមកប្រជុំពិភាក្សា ជាមួយនឹងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធចំនួន ៧ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល​ ទទួលបន្ទុកជាអគ្គនាយក ប.ស.ស. ដើម្បីត្រួតពិនិត្យ ពិភាក្សា និងកែសម្រួលបន្ថែម លើសេចក្តីព្រាងអនុក្រឹត្យមួយនេះ ឱ្យកាន់តែមានភាពត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយពាក់ព័ន្ធ នឹងការពង្រីកវិសាលភាព ស្តីពីការអនុវត្តរបបសន្ដិសុខសង្គមនៅកម្ពុជា។

កិច្ចប្រជុំត្រួតពិនិត្យ លើសេចក្តីព្រាងអនុក្រឹត្យនេះ ប្រព្រឹត្តទៅក្រោមស្មារតីយកចិត្តទុកដាក់ខ្ពស់ និងចូលរួមយ៉ាងផុសផុល ក្នុងការពិនិត្យ កែសម្រួល និងបានបំពេញបន្ថែមនូវចំណុចដែលខ្វះខាត ជាពិសេសបានពិភាក្សាយ៉ាងស៊ីជម្រៅ ក្នុងការស្វែងរកធាតុចូលសំខាន់ៗ បន្ថែមទៀត ក្នុងន័យដើម្បីកំណត់លើការអនុវត្ត របបសន្ដិសុខសង្គមខាងលើនេះ ឱ្យកាន់តែទូលំទូលាយ និងមានលក្ខណៈល្អប្រសើរ ព្រមទាំងធានាបាន នូវប្រសិទ្ធភាព និងសង្គតិភាព។

សូមបញ្ជាក់ថា៖ កិច្ចប្រជុំពិភាក្សាខាងលើ មានការចូលរួមពីថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័នចំនួន៧ រួមមាន៖ ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងមុខងារសាធារណៈ រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ធនាគារជាតិ នៃកម្ពុជា និងគណៈកម្មការធិការជាតិ រៀបចំការបោះឆ្នោត ព្រមទាំងសមាជិក សមាជិកា​ សរុបប្រមាណជា ២០នាក់ នៅសាលប្រជុំធំ ប.ស.ស. ស្នាក់ការកណ្ដាល រាជធានីភ្នំពេញ៕

To Top