ភ្នំពេញ៖ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា រំលឹកថា កម្ពុជាបានគាំទ្រប្រទេសគុយបា ក្នុងការប្រឆាំងការ ហ៊ុំព័ទ្ធសេដ្ឋកិច្ចគុយបា តាមរយៈការដាក់ទណ្ឌកម្មនានា ដោយអយុត្តិធម៌ ។ នេះសបញ្ជាក់អំពីការរំលោភសិទ្ធិ របស់ប្រជាជនគុយបា និងរំលោភលើច្បាប់អន្តរជាតិ។
នាឱកាសទទួលជួបសវនាការជាមួយលោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស (Manuel Marrero Cruz) នាយករដ្ឋមន្រ្តីគុយបា នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ សម្តេច សាយ ឈុំ បានរំលឹកពីទំនាក់ទំនង ការទូតរវាងប្រទេសទាំងពីរ ដែលត្រូវបានបង្កើតឡើង ចាប់តាំងពីឆ្នាំ១៩៦០ ដោយសម្តេចព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងលោក ហ្វីដែល កាស្រ្តូ ប្រធានក្រុមប្រឹក្សារដ្ឋ នៃសាធារណរដ្ឋគុយបា។
សម្ដេចបន្ដថា ប្រទេសទាំងពីរបានផ្លាស់ប្តូរ ដំណើរទស្សនកិច្ចរបស់ ថ្នាក់ដឹកនាំទៅវិញទៅមក និងគាំទ្រគ្នាទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។ សម្ដេចថា គុយបាបានគាំទ្រខាងនយោបាយ វិស័យអប់រំ និងវិស័យសុខាភិបាលដល់កម្ពុជា នៅក្នុងកាលៈទេសៈលំបាកបំផុត ក្រោយពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងក្រោមការហ៊ុំព័ន្ធនៃសេដ្ឋកិច្ច និងនយោបាយពីខាងក្រៅ។
សម្តេចប្រធានព្រឹទ្ធសភាបញ្ជាក់ថា «ប្រទេសកម្ពុជា ក៏បានគាំទ្រប្រទេសគុយបា ក្នុងការប្រឆាំងចំពោះការ ហ៊ុំព័ន្ធសេដ្ឋកិច្ចប្រទេសគុយបា តាមរយៈការដាក់ទណ្ឌកម្មនានា ដោយអយុត្តិធម៌ ដែលនេះសរបញ្ជាក់អំពីការ រំលោភសិទ្ធិរបស់ប្រជាជនគុយបា និងរំលោភ លើច្បាប់អន្តរជាតិ។ ការជួយគាំទ្រគ្នាទៅវិញទៅមកនេះ មិនត្រឹមតែនាំមកនូវផលប្រយោជន៍ ជូនប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែបានរួមចំណែកក្នុងការថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខក្នុងតំបន់ និងអន្តរជាតិផងដែរ»។
ឆ្លៀតឱកាសនោះដែរ នាយករដ្ឋមន្រ្តីគុយបា ក៏សន្យាថា នឹងខិតខំប្រឹងប្រែងឲ្យអស់ ពីកម្លាំងកាយចិត្ត ដើម្បីពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងពីរកាន់តែរឹងមាំថែមទៀត ៕