ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ធំ អំពាវនាវប្រជាពលរដ្ឋ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះជំនន់ទឹកភ្លៀង

ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹង បញ្ជាក់​ពីស្ថានភាពជំនន់ទឹកភ្លៀងក្នុងខេត្តកំពង់ធំ ដោយក្នុងនោះរដ្ឋបាលខេត្ត បានអំពាវនាវប្រជាពលរដ្ឋ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះជំនន់ទឹកភ្លៀង ។

យោងតាមសេចក្ដីជូនដំណឹង របស់រដ្ឋបាលខេត្តកំពង់ធំ បាន​ជូនដំណឹងដល់សាធារណៈជន ជាពិសេស បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមដងស្ទឹង ក្នុងស្រុកសណ្តាន់ ស្រុកប្រាសាទសំបូរ ស្រុកកំពង់ស្វាយ ស្រុកសន្ទុក ក្រុងស្ទឹងសែន ស្រុកបារាយណ៍ និងស្រុកស្ទោង ឲ្យបានជ្រាបថា កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ កន្លងទៅ នៅស្ថានីយ៍វាស់កម្ពស់ទឹកកំពង់ធំ ទឹកស្ទឹងសែន បានហក់ឡើងដល់កម្រិតកម្ពស់ ១៤,០០ម កម្ពស់ទឹកប្រកាសឲ្យមាន ការប្រុងប្រយ័ត្នកម្រិតខ្ពស់ ជាមួយគ្នានេះទឹកស្ទឹងសែន ផ្នែកខាងលើកំពុងកើនឡើងជាលំដាប់។

តាមការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម កាលពី ថ្ងៃទី០៤ ខែ តុលា ឆ្នាំ២០២២ បានព្យាករណ៍ថា តំបន់ខ្ពង់រាបមានជាអាទិ៍ ខេត្តឧត្តរមានជ័យ ខេត្ត ព្រះវិហារ (ផ្ទៃរងទឹកភ្លៀងអាងទឹកស្ទឹង) អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅច្រើន ដោយផ្អែកតាម ស្ថានភាពនេះ ទឹកស្ទឹងនឹងហូរមកដល់ផ្នែកខាងក្រោម ជាបន្តបន្ទាប់ក្នុងរយះពេល ០៣ ទៅ ០៧ថ្ងៃ ខាងមុខ ដែលធ្វើឲ្យកម្ពស់ទឹកស្ទឹងសែន នៅស្ថានីយ៍វាស់កម្ពស់ទឹកកំពង់ធំ អាចឡើងដល់កម្រិតប្រកាស អាសន្ន (១៤,៣០ម)។ ក្រៅពីនេះ ដោយសារភ្លៀងបានបន្តធ្លាក់ជារៀងរាល់ថ្ងៃ ដូច្នេះបណ្ដាស្រុកផ្សេង ទៀតក៏អាចប្រឈមនឹង ជំនន់ទឹកភ្លៀងផងដែរ។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះទឹកជំនន់ទឹកភ្លៀង ដើម្បីជៀសវាងគ្រោះថ្នាក់ផ្សេងៗដែលនឹងអាចកើត មានឡើងជាយថាហេតុ។ទន្ទឹមនឹងនេះ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ត្រៀម អន្តរាគមន៍ សង្គ្រោះ និងក្នុងករណីចាំបាច់ត្រូវជម្លៀស ប្រជាពលរដ្ឋទៅទីទួលសុវត្ថិភាពឲ្យទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ៕

To Top