ភ្នំពេញ ៖ លោក ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងថា ចាប់ពីខែមិថុនា ឆ្នាំ២០២០ រហូតមកដល់បច្ចុប្បន្ន រាជរដ្ឋាភិបាលបានចំណាយថវិកាជាតិអស់ក្នុងរង្វង់ ៨០០លានដុល្លារ សម្រាប់គ្រួសារក្រីក្រ និងគ្រួសាររងគ្រោះ ដោយសារជំងឺកូវីដ-១៩ ប្រមាណ ៧០០.០០០គ្រួសារ ប្រហែល ២,៨លាននាក់ ។
ក្នុងពិធីប្រកាសផ្សព្វផ្សាយដាក់ឲ្យប្រើប្រាស់នីតិវិធីថ្មី ស្តីពីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងការពង្រីកវិសាលភាពគ្របដណ្តប់ដល់គ្រួសារងាយរងហានិភ័យ នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ លោក ឆាយ ថន បានលើកឡើងថា ក្រោមកិច្ចខិតខំប្រឹងប្រែងរួមគ្នា និងការ វិនិយោគប្រកបដោយនិរន្តរភាព ទៅក្នុងប្រព័ន្ធគាំពារសង្គម ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ បានផ្តល់អត្ថប្រយោជន៍ ជាច្រើនដល់ប្រជាជនក្រីក្រ ខណៈដែលមានការ រីករាលដាលសកល នៃជំងឺកូវីដ-១៩ បានធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅ ប្រជាពលរដ្ឋជាច្រើន ។
លោកបញ្ជាក់ថា «មូលដ្ឋានទិន្នន័យអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ដែលមានស្រាប់បាន អនុញ្ញាតឲ្យយើងបង្កើន ការចុះបញ្ជីបានយ៉ាងឆាប់រហ័ស ហើយសហការ ជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា (មូលនិធិជាតិជំនួយសង្គម) ក្រោមឆត្រនៃ ក្រុមប្រឹក្សាជាតិគាំពារសង្គម គឺរាជរដ្ឋាភិបាលកម្ពុជា មានលទ្ធភាពអនុវត្តកម្មវិធីឧបត្ថម្ភសាច់ ប្រាក់ជូនដល់គ្រួសារក្រីក្រ និងគ្រួសារ ដែលរងគ្រោះដោយសារជំងឺកូវីដ-១៩ ដែលបានចាប់ផ្តើម ពីខែមិថុនា ឆ្នាំ២០២០ រហូតមកដល់បច្ចុប្បន្ននេះ បានចំណាយថវិកាជាតិអស់រង្វង់ ៨០០លានដុល្លារអាមេរិក ទៅដល់ប្រជាពលរដ្ឋ គ្រួសារក្រីក្រប្រមាណ ៧០០.០០០គ្រួសារ ប្រហែល ២,៨លាននាក់»។
ជាមួយគ្នានេះលោករដ្ឋមន្ដ្រី ក៏បានថ្លែងអំណរគុណដល់ក្រសួង សហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ (BMZ) ក៏ដូចជា នាយកដ្ឋានកិច្ចការបរទេស និង ពាណិជ្ជកម្ម នៃប្រទេសអូស្ត្រាលី (DFAT) តាមរយៈអង្គការ GIZ ដែលតែងតែផ្តល់ការគាំទ្រ ជាបន្តបន្ទាប់ដល់ការងារ អត្តសញ្ញាណកម្ម គ្រួសារក្រីក្រ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។
លើសពីនេះ លោករដ្ឋមន្ដ្រី ក៏បានថ្លែងអំណរគុណផងដែរ ដល់ក្រុមការងារអង្គការ GIZ ដែលបានសហការ ជាមួយក្រុមការងារក្រសួងផែនការ ខិតខំប្រឹងប្រែងអភិវឌ្ឍន៍ និងកែលម្អអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ព្រមទាំងអ្នកមាន ចំណែកពាក់ព័ន្ធដទៃទៀត ជាពិសេស អង្គការ UNDP និងធនាគារពិភពលោក ដែលបានចូលរួមចំណែកគាំទ្រ ដល់ការងារកែលំអវិធីសាស្រ្តគណនាពិន្ទុ សម្រាប់ការកំណត់អត្តសញ្ញាណ កម្មគ្រួសារក្រីក្រ៕