ព័ត៌មានជាតិ

រដ្ឋាភិបាល អនុញ្ញាតឱ្យពលរដ្ឋ នៅតំបន់បឹងទន្លេសាប រស់នៅលើទីតាំងដដែល គ្មានការរុះរើឡើយ (Video)

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសអនុញ្ញាតឱ្យ ប្រជាពលរដ្ឋរស់នៅតំបន់បឹងទន្លេសាប បានបន្តរស់នៅលើទីតាំងដដែល គ្មានការរុះរើសទៅណាឡើយ ដោយគ្រាន់យកមកវិញ នូវដីព្រៃលិចទឹកដែលត្រូវបានទន្រ្ទាន កាន់កាប់ដោយអ្នកមានអំណាច ឬជនខិលខូចទាំងឡាយ ដើម្បីដាំកូនឈើឡើងវិញ។

នាឱកាសអញ្ជើញជួបសំណេះសំណាល និងផ្តល់ស្រូវពូជជូនដល់ប្រជាកសិករ ចំនួន ៣៤៦០គ្រួសារ ដែលរងគ្រោះដោយសារគ្រោះទឹកជំនន់ នៅខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ក្នុងដំណើរជួបសំណេះសំណាល ជាមួយមន្ដ្រីរាជការ និងកងកម្លាំងទាំងអស់ នៅជុំវិញបឹងទន្លេសាប សម្ដេច បានចេញបទបញ្ជាឱ្យយក ចិត្តទុកដាក់មើលការខុសត្រូវ និងរៀបចំជូនប្រជាពលរដ្ឋ រស់នៅតំបន់បឹងទន្លេសាប។

សម្ដេចតេជោ បន្ដថា មានប្រជាពលរដ្ឋខ្លះ រស់នៅតំបន់បឹងទន្លេសាប រាប់រយឆ្នាំមកហើយ ទោះបីនៅតំបន់២ ឬតំបន់៣ ក៏អាចសម្រួលឱ្យប្រជាពលរដ្ឋ រស់នៅកន្លែងនោះដែរ។ សម្ដេច ណែនាំឱ្យលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ធ្វើកិច្ចការងារនេះជាមួយបណ្ដាខេត្ត ជុំវិញបឹងទន្លេសាប ឱ្យហើយមុនចូលឆ្នាំខ្មែរ ឆ្នាំ២០២៣។

សម្ដេចតេជោ បន្ថែមថា ការដោះស្រាយបញ្ហាបឹងទន្លេសាបនេះ ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ មានស្ថេរភាព នៅក្នុងការកសាងជីវភាពរស់នៅ។ លើសពីនេះ សម្ដេច ក៏ទទួលស្គាល់កំហុស ក្រោយចុះហត្ថលេខាលើ អនុក្រឹត្យកាលពីឆ្នាំ២០១២ ដោយមិនបានយកចិត្តទុកដាក់ ដោយរៀបចំតែតំបន់៣ តំបន់២ និងតំបន់១ បន្ទាប់មកទៀតទើប សម្ដេច រកឃើញវិធីសាស្ដ្រដើម្បី ឱ្យប្រជាពលរដ្ឋរស់នៅផង និងថែទាំបឹងទន្លេសាបបានផងដែរ។

សម្ដេចតេជោ បញ្ជាក់ថា «យើងរកវិធីសាស្រ្ត ដើម្បីឱ្យពលរដ្ឋអាចរស់នៅបានផង និងយើងថែទាំបឹងទន្លេសាបបានផង។ អីចឹងតំបន់ដែលប្រជាជនធ្លាប់រស់នៅ ឱ្យពួកគាត់រស់នៅបន្ដទៀតទៅ តែកុំរើគាត់ចេញ ព្រោះកន្លែងនោះ ខ្ញុំនៅចាំបាន កន្លែងខ្លះ ខ្ញុំទៅធ្វើសាលាកន្លែងហ្នឹងទៅទៀត កន្លែងខ្លះធ្វើសាលាឱ្យផុតពីទឹក កន្លែងខ្លះធ្វើសាលាបណ្ដែទឹកទៅទៀត អីចឹងយកគាត់ទៅណា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រជាពលរដ្ឋរបស់យើងរស់នៅ ដោយមិនប្រាកដប្រជាតើអាញ រស់នៅកន្លែងណាទៀត?»។

សម្ដេចតេជោ បន្ដថា «ថ្ងៃនេះខ្ញុំ បញ្ជូនសារជាក់លាក់ សម្រាប់ប្រជាពលរដ្ឋដែល រស់នៅក្នុងទន្លេសាបប៉ុន្ដែខ្ញុំ គ្រាន់តែសូមត្រឡប់យកមកវិញ នូវដីដែលទន្រ្ទានដោយអ្នកមានអំណាច ឬអ្នកខិលខូចទាំងឡាយ ដែលមិនមែនជាភូមិករចាស់តែប៉ុណ្ណោះ ហើយយើងត្រូវដាំកូនឈើឡើងវិញ ដើម្បីឱ្យទៅជាព្រៃលិចទឹក សម្រាប់ប្រជាពលរដ្ឋ»។
សម្ដេចតេជោ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ កុំកាប់ព្រៃលិចទឹកបន្ដទៀត។

សូមរំលឹកថា រាជរដ្ឋាភិបាលកម្ពុជា កាលពីខែឧសភា ឆ្នាំ២០២២ បានប្រកាសអំពីសម្រេច កាត់ឆ្វៀលដីអភិរក្ស បឹងទន្លេសាបចេញពីតំបន់៣ និងតំបន់២ ជូនទៅប្រជាពលរដ្ឋដែលបាន អាស្រ័យផលជាក់ស្តែងចាប់ពី ១០ឆ្នាំឡើងទៅ ឬអាចក្រោម១០ឆ្នាំ ចំពោះដីមិនមែនជាដីព្រៃលិចទឹក ហើយគោករាក់មិនអាចស្តារបាន បន្ទាប់ពីបានទប់ស្កាត់ការកាប់ទន្ទ្រាន និងដកហូតការកាន់កាប់ដោយខុសច្បាប់ កាលពីចុងឆ្នាំ២០២១។ ខេត្តនៅជុំវិញជុំវិញបឹងទន្លេសាបទាំង៦នោះ រួមមានខេត្តកំពង់ធំ កំពង់ឆ្នាំង សៀមរាប ពោធិ៍សាត់ បាត់ដំបង និងខេត្តបន្ទាយមានជ័យ៕

To Top