ព័ត៌មានជាតិ

សម្តេចតេជោ ជំរុញស្ថាប័នពាក់ព័ន្ធ ពន្លឿនផ្តល់ដីអាស្រ័យផលតំបន់១ តំបន់២ នៃបឹងទន្លេសាប ឲ្យពលរដ្ឋបង្កបង្កើនផលទាន់រដូវ

ភ្នំពេញ៖ ក្រោយពីសម្រេចកែសម្រួល ផ្តល់ដីឲ្យប្រជាពលរដ្ឋ នៅជុំវិញបឹងទន្លេសាបវិញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើទៅកាន់គ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវចេញសកម្មភាពភ្លាម ៗ ចុះត្រួតពិនិត្យ និងកាត់ដីព្រៃលិចទឹកក្នុងតំបន់១ (តំបន់ទទួលបានកម្មសិទ្ធិ) និងតំបន់២(តំបន់អាស្រ័យផល) នៃដីបឹងទន្លេសាប ជូនទៅប្រជាពលរដ្ឋដែលអាស្រ័យផលយូរឆ្នាំ ដើម្បីឲ្យពួកគាត់បានបង្កបង្កើនផលទាន់រដូវកាល ។

ក្នុងឱកាសថ្លែងសារពិសេស ស្តីពីបឹងទន្លេសាប នាថ្ងៃ២៧ ឧសភានេះ សម្តេចតេជោ បញ្ជាក់ថា “ទាក់ទិនទៅនឹងសម្រួលតំបន់ឡើងវិញ សម្រួលអនុក្រឹត ហើយសម្រួលបង្គោលតែម្តង គឺប្រជាពលរដ្ឋ ដែលបានបង្កបង្កើនផលយូរមកហើយ ត្រូវពិនិត្យចុះទៅ ។ លោកអភិបាលខេត្ត អភិបាលស្រុក លោកមេឃុំ ចុះទៅពិនិត្យ តើប្រជាពលរដ្ឋនៅកន្លែងហ្នឹង តំបន់២ ឬតំបន់៣ តើឥឡូវគាត់បង្កបង្កើនផលនៅក្នុងតំបន់៣ ចំនួន៥០០ហិកតា យើងអាចដកបង្គោលចេញ៥០០ហិកតានេះ ដើម្បីរក្សាទុកឲ្យពួកគាត់ បង្កបង្កើនផលបន្តទៅទៀត” ។

សម្តេចតេជោបន្តថា ការលើកលែងនិងរក្សាដីបង្កបង្កើន ផលជូនប្រជាពលរដ្ឋនេះ សម្រាប់តែអ្នកដែលបានបង្កបង្កើន ផលយូរឆ្នាំមកហើយប៉ុណ្ណោះ មិនសំដៅទៅលើអ្នកកាន់កាប់ត្រឹមរយៈ២-៣ឆ្នាំនោះទេ ។ ផ្ទៃដីទាំងនេះ ត្រូវដកហូត ប៉ុន្តែតំបន់៣ដែលនៅទីនេះ ត្រូវបោះបង្គោលមកជាតំបន់២ ទុកឲ្យប្រជាជនអាស្រ័យផលនៅទីនោះ ។ តំបន់២ខ្លះ ដែលប្រជាជនបង្កបង្កើនផលយូរហើយ ក៏លុបចេញពីតំបន់២ ដាក់ចូលទៅតំបន់១ តែម្តង ដែលប្រគល់កម្មសិទ្ធិជូនប្រជាពលរដ្ឋ ។ ចំណុចនេះ គឺជាចំណុច ត្រូវមើលឲ្យបានច្បាស់ ថ្លឹងថ្លែងរវាងបញ្ហាផលប្រយោជន៍ ដែលត្រូវការពារជារួម សម្រាប់ប្រទេសជាតិ និងផលប្រយោជន៍ប្រជាជន ។

ក្នុងនោះដែរ សម្តេចបានជំរុញឲ្យមានការអនុវត្ត លើកិច្ចការងារទាំងនេះ ភ្លាមៗតែម្តង ដោយមិនត្រូវរងចាំអ្វីទាំងអស់ ដោយសម្តេចលើកឡើងថា ប្រជាពលរដ្ឋត្រូវការដីបង្កបង្កើនផល ។

សម្តេចមានប្រសាសន៍ថា “ធ្វើ ឬមិនឲ្យធ្វើ ប៉ុន្តែត្រូវកំណត់ឲ្យបានឆាប់ គឺឲ្យលឿន លឿនកាលណា គឺល្អកាលហ្នឹង ប៉ុន្តែអ្នកដែលច្បាស់ជាងគេ គឺអភិបាលខេត្ត អភិបាលស្រុក និងលោកមេភូមិនៅកន្លែងនុងតែម្តង ។ ឥឡូវដើម្បីជៀសវាងការរងចាំ ព្រោះរដូវធ្វើស្រែបានមកដល់ សម្រាប់អ្នកធ្វើស្រូវឡើងទឹក ខ្ញុំព្រះករុណាខ្ញុំ ផ្តល់ការអនុញ្ញាត ជាគោលការណ៍សម្រាប់ប្រជាជនធ្វើ ប៉ុន្តែមិនធ្វើទៅលើដីដែលដកហូត ដែលទើបនឹងកាប់ទន្ទ្រានថ្មីទេ អនុញ្ញាតសម្រាប់តែប្រជាពលរដ្ឋ ដែលបានធ្វើយ៉ាងហោចណាស់ ១០ឆ្នាំឡើងលើ ឬអាចតិចជាងនេះ ក្នុងករណីដែលដីនេះ មិនមែនជាដីលិចទឹក តែវាជាដីដែលគោករាក់ មិនអាចស្តារបាន” ។

ការលើកឡើងបញ្ជាក់ច្បាស់ៗពីសម្តេចតេជោ នាយករដ្ឋមន្ត្រីបែបនេះ ដើម្បីប្រាប់ទៅកាន់ប្រជាពលរដ្ឋ ឲ្យបានច្បាស់ កុំឲ្យមានការភាន់ច្រឡំណាមួយ រួមមានការកាប់ទន្ទ្រានឡើងវិញ ពីសំណាក់ប្រជាពលរដ្ឋ ។

សម្តេចតេជោ មានប្រសាសន៍សង្កត់ធ្ងន់ថា “ហាមដាច់ខាត ការកាប់បំផ្លាញ លើដីព្រៃលិចទឹក ហាមទៅយកមកវិញ នូវដីដែលបានដាំដើមឈើ ក្នុងរយៈពេលកន្លងទៅនេះ ។ ឯចំពោះដីដែលប្រជាពលរដ្ឋ អាស្រ័យផលកន្លងទៅនេះ ជាកម្មវត្ថុនៃការត្រួតពិនិត្យ ដើម្បីផ្តល់ជូនប្រជាពលរដ្ឋ ដោយកាត់ចេញពីតំបន់៣ ដាក់ចូលមកជាតំបន់២ ហើយឲ្យប្រជាជនអាស្រ័យផល កាត់ចេញពីតំបន់២ ដាក់ចូលមកតំបន់១ ផ្តល់កម្មសិទ្ធិឲ្យប្រជាពលរដ្ឋ” ៕

To Top