ព័ត៌មានជាតិ

ADB អនុម័តកម្ចីចំនួន ៧០លានដុល្លារ ដើម្បីចូលរួមពង្រឹងកំណែទម្រង់ ការអប់រំកម្រិតមធ្យមសិក្សាទុតិយភូមិ នៅកម្ពុជា

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្ចីចំនួន ៧០លានដុល្លារ ដល់ប្រទេសកម្ពុជា ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលក្នុងការ ធ្វើកំណែទម្រង់ស៊ីជម្រៅ លើផ្នែកវិទ្យសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) នៃការអប់រំកម្រិតមធ្យមសិក្សាទុតិយភូមិ នៅទូទាំងប្រទេស។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ADB នាពេលថ្មីៗនេះ បានឱ្យដឹងថា គម្រោងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងការអប់រំ មធ្យមសិក្សាទុតិយភូមិនេះ នឹងជួយកម្ពុជាអភិវឌ្ឍធនធានមនុស្ស ប្រកបដោយគុណភាពខ្ពស់ ជាពិសេសក្នុងវិស័យ STEM ខណៈដែលប្រទេសប្រាថ្នាចង់ប្រែក្លាយ សេដ្ឋកិច្ចរបស់ខ្លួន ទៅជាសេដ្ឋកិច្ចដែលជំរុញ ដោយបច្ចេកវិទ្យានិងចំណេះដឹង។ បន្តពីកម្មវិធីអភិវឌ្ឍន៍វិស័យអប់រំ ពីមុនរបស់ ADB សម្រាប់ប្រទេសកម្ពុជា គម្រោងនេះ នឹងពង្រីកលទ្ធភាពទទួលបាន ការអប់រំកម្រិតមធ្យមសិក្សាទុតិយភូមិ ដែលផ្អែកលើស្តង់ដារ លើកកម្ពស់ការអប់រំ STEM ដោយគុណភាព និងពង្រឹង សមត្ថភាពស្ថាប័នសម្រាប់ការធ្វើផែនការ ការគ្រប់គ្រង និង ការផ្តល់ការអប់រំមធ្យមសិក្សាទុតិយភូមិ។

លោកស្រី Lynnette Perez អ្នកឯកទេសជាន់ខ្ពស់ផ្នែកអប់រំ របស់ADB សម្រាប់តំបន់អាស៊ី អាគ្នេយ៍ បានថ្លែងថា «ដោយសារតម្រូវការខ្លាំងនៃជំនាញ STEM គម្រោងនេះនឹងជួយពង្រឹងប្រព័ន្ធ អប់រំរបស់កម្ពុជាតាមរយៈ ការធ្វើឱ្យប្រសើរឡើងនូវការអប់រំ STEM បច្ចុប្បន្ន ដើម្បីតាមទាន់ការកើនឡើង នៃតម្រូវការសម្រាប់កម្លាំងពលកម្ម ដែលមានសមត្ថភាពខ្ពស់។ ការងារនេះមានសារៈសំខាន់ ណាស់សម្រាប់ប្រទេសកម្ពុជា ក្នុងការបំពេញជំនាញ ចំណេះដឹង និងសមត្ថភាពសតវត្សទី២១ ទៅក្នុងការអប់រំ STEM របស់ខ្លួន។ វានឹងធ្វើឱ្យប្រសើរឡើងនូវជំនាញ របស់សិស្សក្នុងការគិតបែបវិភាគ ការដោះស្រាយបញ្ហា ការច្នៃប្រឌិត និងការសហការ ដែលទាំងនេះនឹងត្រូវការ សម្រាប់សេដ្ឋកិច្ចផ្អែកលើចំណេះដឹង»។

គម្រោងនេះនឹងដាក់ចេញនូវ ស្តង់ដារសម្រាប់ការអប់រំ ប្រកបដោយគុណភាព សម្រាប់អនុវិទ្យាល័យទាំងអស់ ធ្វើឱ្យប្រសើរឡើងនូវបរិក្ខារ ព្រមទាំងផ្តល់នូវបច្ចេកវិទ្យាអប់រំ និងឧបករណ៍ STEM សំខាន់ៗ សម្រាប់ប្រទេសកម្ពុជា។ ក្នុងចំណោមផែនការរបស់គម្រោង ក៏នឹងមានការធ្វើឱ្យ ប្រសើរឡើងនូវសម្ភារៈបរិក្ខារ នៃសាលាមធ្យមសិក្សាទុតិយភូមិចំនួន ១៤ និងសាលាមធ្យមសិក្សាទុតិយភូមិទូទៅចំនួន ១០៣ ដោយបំប្លែងថ្នាក់រៀនចំនួន ៣ ក្នុងសាលានីមួយៗទៅជា ថ្នាក់រៀនវិទ្យាសាស្ត្រចំនួន ២ និងបណ្ណាល័យមួយ ដែលមានបំពាក់ឧបករណ៍ សម្ភារៈបង្រៀន សៀវភៅ គ្រឿងសង្ហារិម និងធនធានបច្ចេកវិទ្យាអប់រំចាំបាច់។

ដើម្បីបង្កើនជំនាញគរុកោសល្យ និងចំណេះទ្រឹស្តីរបស់គ្រូបង្រៀន និងពង្រឹងការផ្តល់ការអប់រំ STEM គម្រោងនឹងផ្តល់នូវការអភិវឌ្ឍវិជ្ជាជីវៈ ជាបន្តបន្ទាប់ក្នុងការបង្រៀន ប្រកបដោយប្រសិទ្ធភាព និងប្រកបដោយភាពច្នៃប្រឌិតដល់គ្រូបង្រៀន STEM ចំនួន ៧៧៥ នាក់ ដែលមានស្ត្រីយ៉ាងតិច ៤0% និងសាស្ត្រាចារ្យ STEM ចំនួន ២៥ នាក់ មកពីវិទ្យាស្ថានជាតិអប់រំ ដែលមានស្ត្រីយ៉ាងហោចណាស់ ៨0% ។ មជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្ពុជា ដែលជាមជ្ឈមណ្ឌលកូនកាត់ ស្ថិតនៅក្នុងទីក្រុងភ្នំពេញ និងកម្មវិធីឌីជីថលដ៏រឹងមាំ នឹងត្រូវបានបង្កើតឡើងសម្រាប់ ការចូលប្រើប្រាស់ដោយសាលារៀន និងសហគមន៍ទូទាំងប្រទេស។

ដោយទទួលស្គាល់នូវតួនាទីសំខាន់ របស់អ្នកដឹកនាំសាលា នៅក្នុងការផ្តល់ការអប់រំ និងលទ្ធផលសិក្សា STEM គម្រោងនេះនឹងផ្តល់ការអភិវឌ្ឍវិជ្ជាជីវៈ ជាបន្តបន្ទាប់ដល់នាយកវិទ្យាល័យចំនួន ១៥៥ ស្តីពីការដឹកនាំ និងការគ្រប់គ្រងសាលារៀន ការត្រួតពិនិត្យការបង្រៀន និងការកសាងភាពជាដៃគូ ដែលមានសិក្ខាកាម ៨0% ជាស្ត្រី។

លើសពីនេះ គម្រោងនឹងពង្រឹងមុខងារវិភាគ និងផែនការទូទាំងប្រព័ន្ធ តាមរយៈការអភិវឌ្ឍសមត្ថភាព និងផ្តល់នូវការប្រមូលទិន្នន័យ ជាក់ស្តែងភ្លាមៗនៅកម្រិតសាលា ដែលអាចឱ្យអ្នកដឹកនាំសាលា ប្រើប្រាស់ទិន្នន័យទាំងនោះ ដើម្បីកែលម្អការគ្រប់គ្រងសាលារៀន។

ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាថានឹងសម្រេចឱ្យបាននូវ វិបុលភាព បរិយាប័ន្ន ភាពធន់និងនិរន្តរភាព ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ភាពក្រីក្រខ្លាំង។ បង្កើត ឡើងនៅឆ្នាំ១៩៦៦ ធនាគារនេះគ្រប់គ្រង ដោយសមាជិកចំនួន ៦៨ ប្រទេស ដែលក្នុងនោះមាន ៤៩ ប្រទេស មកពីតំបន់អាស៊ីនិងប៉ាស៊ីហ្វិក៕

To Top