ព័ត៌មានជាតិ

កម្ពុជា សង្ឃឹមថា ដំណោះស្រាយដោយសន្តិភាព ដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន នឹងអាចកើតមានឆាប់ៗ

ភ្នំពេញ៖ ថ្លែងទៅកាន់រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា បានសម្ដែងក្ដីសង្ឃឹមថា ដំណោះ ស្រាយដោយសន្តិភាព ដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន នឹងអាចកើតមានក្នុងពេលឆាប់ៗដើម្បីអ៊ុយក្រែន ទទួលបានសន្តិភាព និងស្ថិរភាព និងការអភិវឌ្ឍ ។

ក្នុងជំនួបទ្វេភាគីជាមួយលោក ឌីមីត្រូ គូលេបា រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន នាថ្ងៃទី១០ វិច្ឆិកា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអបអរសាទរអ៊ុយក្រែន ដែលបានចូលជាសមាជិកនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ។

ឧបនាយករដ្ឋមន្ត្រីប្រាក់ សុខុន ក៏បានរំលឹកពីកិច្ចពិភាក្សាតាមប្រព័ន្ធទូរស័ព្ទ ប្រកបដោយផ្លែផ្កានាពេលថ្មីៗនេះ រវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក វ៉ូឡូឌីមៀ ហ្សេលឡិនស្គី ប្រធានាធិបតីអ៊ុយក្រែន កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ ។

ប្រមុខការទូតកម្ពុជា បានបញ្ជាក់ជាថ្មីនូវជំហរជាគោលការណ៍ របស់កម្ពុជាចំពោះសង្គ្រាមនៅអ៊ុយក្រែន និងសង្ឃឹមថា «ដំណោះស្រាយដោយសន្តិភាព ដើម្បីបញ្ចប់សង្រ្គាមនេះ នឹងអាចកើតមានក្នុងពេលឆាប់ៗ ដើម្បីអ៊ុយក្រែនទទួលបានសន្តិភាព និងស្ថិរភាព និងការអភិវឌ្ឍ» ។

លោកក៏បានបញ្ជាក់ពីការត្រៀមខ្លួនរបស់កម្ពុជា ក្នុងការបណ្តុះបណ្តាលអ្នកដោះមីនអ៊ុយក្រែន ដោយសហការជាមួយប្រទេសជប៉ុន ផងដែរ។

ជាមួយគ្នានោះ លោក ឌីមីត្រូ គូលេបា បានអបអរសាទរឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចំពោះភាពជោគជ័យរបស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន និងជូនពរកម្ពុជាទទួលជោគជ័យ ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។

លោក ឌីមីត្រូ គូលេបា ក៏បានអរគុណកម្ពុជាយ៉ាងជ្រាលជ្រៅ ចំពោះការប្រកាន់យកជំហរប្រកបដោយ គោលការណ៍ចំពោះសង្គ្រាមនៅអ៊ុយក្រែន ភាពសប្បុរសក្នុងការជួយ អ្នកដោះមីនរបស់អ៊ុយក្រែន និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដែលអាចធ្វើឱ្យអ៊ុយក្រែនចូលជា សមាជិកនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ៕

To Top