សម្តេចធិបតី ៖ កម្ពុជា កំពុងធ្វើពិពិធកម្មទីផ្សារ និងដៃគូពាណិជ្ជកម្ម ដែលជាឱកាសល្អ សម្រាប់សហភាព EAEU ពិចារណាលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជា បាននិងកំពុងធ្វើពិពិធកម្មទីផ្សារ និងដៃគូពាណិជ្ជកម្ម ដែលជាឱកាសល្អសម្រាប់ភាគីទាំងពីរ កម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី (EAEU) ពិនិត្យ និងពិចារណា លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយគ្នា ។

ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូល រំឭកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី ខួបអនុស្សាវរីយ៍លើកទី៣៥ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី នៅទីក្រុងកាហ្សាន សហព័ន្ធរុស្ស៊ី សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ បានជួបពិភាក្សាការងារជាមួយ លោក Bakytzhan Sagintayev ប្រធានក្រុមប្រឹក្សាភិបាលនៃគណៈកម្មការសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី (EEC) ។

ក្នុងជំនួបនេះ លោកប្រធានក្រុមប្រឹក្សាភិបាល ពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងសហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី (EAEU) និងកម្ពុជា ក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ ។
ជាការឆ្លើយតប សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហភាព EAEU ជាពិសេសលើវិស័យពាណិជ្ជកម្ម។

ជាមួយគ្នានេះ សម្ដេចធិបតី បានគូសបញ្ជាក់ថា កម្ពុជាបាននិងកំពុងធ្វើពិពិធកម្មទីផ្សារ និងដៃគូពាណិជ្ជកម្ម ដែលជាឱកាសល្អសម្រាប់ភាគីទាំងពីរពិនិត្យ និងពិចារណាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយគ្នា។ សម្ដេចធិបតីបានសង្កត់ធ្ងន់ថា ការធ្វើពាណិជ្ជកម្ម និងការវិនិយោគជាមួយកម្ពុជា មិនមែនសំដៅតែលើទីផ្សារកម្ពុជា ដាច់ដោយឡែកនោះទេ ប៉ុន្តែកម្ពុជា គឺជាច្រកទ្វារដ៏សំខាន់ ឆ្ពោះទៅកាន់ទីផ្សារតំបន់ និងអន្តរជាតិ តាមរយៈកិច្ចព្រមព្រៀង FTA ទ្វេភាគីនានាដែលកម្ពុជាមានស្រាប់, កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយតំបន់ (RCEP) ក៏ដូចជាទីផ្សារអាស៊ានជាដើម។

ក្នុងន័យនេះ ការសម្រេចបាននូវកិច្ចព្រមព្រៀង FTA ជាមួយកម្ពុជា នឹងក្លាយជាកាលានុវត្តភាពសម្រាប់សហភាព EAEU ក្នុងការពង្រីកទីផ្សាររបស់ខ្លួន ទៅកាន់តំបន់ផ្សេងៗទៀតយ៉ាងទូលំទូលាយ។

សម្តេចធិបតី និងលោកប្រធានក្រុមប្រឹក្សាភិបាល ក៏បានបន្តពិភាក្សា ដោយផ្តោតការយកចិត្តទុកដាក់លើការបង្កើនទំហំពាណិជ្ជកម្ម តាមរយៈការកំណត់វិស័យសក្តានុពល ដើម្បីជាផលប្រយោជន៍ទៅវិញទៅមក។ ជាមួយគ្នានេះ,សម្តេចធិបតី និងប្រធានក្រុមប្រឹក្សាភិបាល យល់ស្របគ្នាថា កម្ពុជា និងសហភាព EAEU មានសក្តានុពលពាណិជ្ជកម្មជាច្រើនទៀត ដែលភាគីទាំងពីរអាចពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នា។ ក្នុងន័យនេះ, ការឈានទៅសម្រេចចុះហត្ថលេខា លើកិច្ចព្រមព្រៀង FTA នាពេលខាងមុខ នឹងជួយជំរុញកំណើនពាណិជ្ជកម្ម រវាងកម្ពុជា និង សហភាព EAEU ឱ្យកាន់តែធំធេង និង ប្រសើរឡើង៕


