ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន និងមេដឹកនាំអាស៊ាន អញ្ជើញ បើកកិច្ចប្រជុំកំពូល អាស៊ាន-កូរ៉េ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ និងមេដឹកនាំអាស៊ាននៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញធ្វើជាសហប្រធានជាមួយលោក Yoon Suk Yeol ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២៣ នៅរាជធានីភ្នំពេញ។

កិច្ចប្រជុំនេះ ត្រូវបានដឹកនាំ ជាសហប្រធានដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ានប្តូរវេន និងលោក យូន ស៊ុកយុល (Yoon Suk-yeol) ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ។
កិច្ចប្រជុំនេះ ក៏មានការយាង និងអញ្ជើញចូលរួមពីសំណាក់ព្រះចៅស៊ុលតង់ ហាជី ហាសិនណល់ ប៊ូលហ្កះ ព្រះមហាក្សត្រនៃ​ប្រ​ទេសប្រ៊ុយណេ​ដា​រូ​សាឡឹម, លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី, លោក លី ស៊ានឡុង នាយករដ្ឋមន្ត្រីសិង្ហបុរី, លោក ប្រាយុទ្ធ ច័ន្ទអូចា នាយករដ្ឋមន្ត្រីថៃ, លោក ផាម មីងជិញ នាយករដ្ឋមន្ត្រីវៀតណាម, លោក ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្ត្រីឡាវ, លោក ហ្វេដីណេន ម៉ាកូស ប្រធានាធិបតីហ្វីលីពិន និងលោក លោក Tan Sri Datuk Azhar Azizan Harun ប្រធានសភាម៉ាឡេស៊ី តំណាងឱ្យនាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងលោក លឹម ចុកហ៊យ អគ្គលេខាធិការអាស៊ាន។ ដោយឡែកប្រទេសមីយ៉ាន់ម៉ា មិនមានតំណាងចូលរួមនោះឡើយ។

អាស៊ាន និងសាធារណកូរ៉េ បានក្លាយជាដៃគូសន្ទនានឹងគ្នានៅឆ្នាំ១៩៨៩។ សាធារណរដ្ឋកូរ៉េ ក៏ជាដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏ធំមួយរបស់អាស៊ានផងដែរ។

សេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងសាធារណរដ្ឋកូរ៉េ រៀបចំឡើងកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ នៅខេត្តសៀមរាប បានឱ្យដឹងថា ផ្អែកលើស្ថិតិរបស់អាស៊ាន សម្រាប់ឆ្នាំ២០២១ ទំហំពាណិជ្ជកម្មរវាងអាស៊ាន និងសាធារណរដ្ឋកូរ៉េ បានឈានដល់ ១៨៩.៥ប៊ីលានដុល្លារ កើនឡើង ២២.៣ភាគរយធៀបនឹងឆ្នាំ២០២២។ ការវិនិយោគដោយផ្ទាល់ពីសាធារណរដ្ឋកូរ៉េ ទៅកាន់អាស៊ាន ក្នុងឆ្នាំ២០២១ មានប្រមាណ ៧.១ប៊ីលានដុល្លារ ឬកើនឡើង ៦.០ភាគរយ ធៀបនឹងឆ្នាំ២០២០៕

To Top