ព័ត៌មានជាតិ

កម្ពុជា-ឡាវ​ ជំរុញ​អាជ្ញាធរ​ពាក់ព័ន្ធ​អនុវត្តន៍​ភារកិច្ចដោយ ការទទួលខុសត្រូវ​​​​ដេីម្បី​ធានា ស្ថិរភាព​តាមព្រំដែន

ភ្នំពេញ​ ៖​ សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្ដី​ នៃកម្ពុជា​ និងលោក​ Phankham Viphavanh នាយករដ្ឋមន្រ្តីឡាវ​ បានលើកទឹកចិត្តឲ្យអាជ្ញាធរពាក់ព័ន្ធ​ អនុវត្តភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ ​​​​ ធានាបាននូវសន្តិភាព និងស្ថិរភាពនៅតាមតំបន់ព្រំដែនរវាងកម្ពុជា និងឡាវ និងប្រែក្លាយតំបន់នេះទៅជាតំបន់សន្តិភាព និងមិត្តភាពយូរអង្វែង។

យោងតាមសេចក្ដី​ប្រកាស​ព័ត៌មាន​របស់ក្រសួងការបរទេសខ្មែរ​ ស្ដីពីជំនួបពិភាក្សាការងារទ្វេភាគីរវាង​ នាយករដ្ឋមន្ត្រីកម្ពុជា និងឡាវ នាថ្ងៃទី១០​ ខែវិច្ឆិកា​ ឆ្នាំ២០២២​ បានឲ្យដឹងថា​ ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី សម្តេចតេជោនាយករដ្ឋមន្ត្រី និងនាយករដ្ឋមន្ត្រីឡាវ មានសេចក្តីសោមនស្សរីករាយចំពោះលទ្ធផលនៃកិច្ចប្រជុំលើកទី១៤ នៃគណៈកម្មការចម្រុះកម្ពុជា-ឡាវ សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី (JCBC) និងបានរំលឹកជាថ្មីអំពីសារៈសំខាន់នៃការជំរុញទំនាក់ទំនងទ្វេភាគី ដើម្បីបង្កើនពាណិជ្ជកម្ម និងវិនិយោគ។ ភាគីទាំងពីរបានលើកទឹកចិត្តឱ្យអាជ្ញាធរ ពាក់ព័ន្ធអនុវត្តឯកសារនានាដែលបានចុះហត្ថលេខារួចស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពល។

នាយករដ្ឋមន្ត្រីទាំងពីរ បានកត់សម្គាល់ដោយសោមនស្សរីករាយដែលភាគីទាំងពីរសម្រេចបានការខណ្ឌសីមា និងបោះបង្គោលប្រមាណ ៨៦% នៃខ្សែព្រំដែនរួម និងបានឯកភាពប្រគល់ភារកិច្ចជូនគណៈកម្មាធិការចម្រុះព្រំដែនកម្ពុជា ​​ និងឡាវ (JBC) ឲ្យបញ្ចប់សេចក្តីព្រាងសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដើម្បីចុះហត្ថលេខានៅក្នុងអំឡុងពេលទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី នៅប្រទេសឡាវ នៅឆ្នាំក្រោយ។

នាយករដ្ឋមន្ត្រីទាំងពីរ ក៏បានឯកភាពគ្នាបន្តជំរុញការផ្លាស់ប្ដូរទស្សនកិច្ច និងជំនួបរវាងថ្នាក់ដឹកនាំ ក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាននៃប្រទេសទាំងពីរឲ្យបានទៀងទាត់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួន ព្រមទាំងពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងកម្ពុជា និងឡាវ។​

នាយករដ្ឋមន្រ្ដីទាំងពីរ​​ បានលើកទឹកចិត្តឲ្យអាជ្ញាធរពាក់ព័ន្ធថ្នាក់កណ្ដាល និងថ្នាក់មូលដ្ឋានរបស់ខ្លួន អនុវត្តភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ ​​​​ ធានាបាននូវសន្តិភាព និងស្ថិរភាពនៅតាមតំបន់ព្រំដែនរវាងកម្ពុជា និងឡាវ និងប្រែក្លាយតំបន់នេះទៅជាតំបន់សន្តិភាព មិត្តភាពយូរអង្វែង និងកិច្ចសហប្រតិបត្តិការ។

លេីសពីនេះ​ សម្តេចតេជោនាយករដ្ឋមន្ត្រី និងលោក Phankham Viphavanh បានផ្លាស់ប្តូរទស្សនៈស្តីពីវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា ដែលក្នុងនោះ លោក Phankham Viphavanh បានកោតសរសើរចំពោះភាពជាប្រធានអាស៊ានរបស់កម្ពុជា និងបានអះអាងជាថ្មីនូវការគាំទ្ររបស់ឡាវចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា។ នាយករដ្ឋមន្ត្រីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិនានាដែលជាកង្វល់រួម ផងដែរ៕

To Top