ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានអាស៊ាន នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ ២០២២ បានទទួលជួបពិភាក្សាការងារជាមួយ សាស្ត្រាចារ្យ ក្លាស ស្វ័រ (Klaus Schwab) ប្រធានវេទិកាសេដ្ឋកិច្ចពិភពលោក ។
ក្នុងជំនួបនេះ សាស្ត្រាចារ្យ ក្លាស ស្វ័រ (Klaus Schwab) បានគោរពវាយតម្លៃខ្ពស់ចំពោះការរៀបចំកិច្ចប្រជុំនៅរាជធានីភ្នំពេញ ហើយបានគោរពជម្រាបជូនសម្តេចតេជោថា លោកបានជួបនិស្សិតកម្ពុជា ហើយបានឃើញនូវសក្កដានុពលយ៉ាងខ្លាំង លើយុវជនកម្ពុជា ជាពិសេសគឺចំណាប់អារម្មណ៍ របស់ពួកគេលើបដិវត្តន៍ឧស្សាហកម្មទី៤ ក្នុងន័យនេះ សាស្ត្រាចារ្យ ក្លាស ស្វ័រ សូមគោរពសម្តែងនូវ ការអបអរសាទរ ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ចំពោះការអភិវឌ្ឍន៍កម្ពុជាយ៉ាងឆាប់រហ័ស និងសក្កានុពលសម្រាប់ ការអភិវឌ្ឍន៍កម្ពុជាកាន់តែខ្លាំង ថែមទៀត។
ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណជូនចំពោះ សាស្ត្រាចារ្យ ក្លាស ស្វ័រ ដែលបានយល់ព្រមអញ្ជើញមកចែករំលែកធាតុចូល នៅពេលដែលកម្ពុជាកំពុងតែស្តារសេដ្ឋកិច្ចឡើងវិញ ស្របពេលដែលពិភពលោក កំពុងប្រឈមនឹង បញ្ហាសង្គ្រាមនៅអ៊ុយក្រែន និងបញ្ហាជាច្រើនដ៏ទៃទៀត៕



