ព័ត៌មានជាតិ

បញ្ហាសមុទ្រចិនខាងត្បូង លែងជារឿងក្តៅដូចមុន!

ភ្នំពេញ៖ លោក គង់ ភោគ អ្នកនាំពាក្យកិច្ចប្រជុំកំពូលអាស៊ាន បានអះអាងថា បញ្ហាសមុទ្រចិនខាងត្បូង លែងជារឿងក្តៅដូចមុន សម្រាប់កិច្ចប្រជុំអាស៊ាន ដោយសារប៉ុន្មានឆ្នាំមកនេះ បញ្ហាសមុទ្រចិនខាងត្បូង មានសភាពស្ងប់ស្ងាត់។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ស្ដីអំពីលទ្ធផល នៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោក គង់ ភោគ បានបញ្ជាក់ថា «បញ្ហាសមុទ្រចិនខាងត្បូង នៅតែជាបញ្ហាសំខាន់មួយនៅក្នុងតំបន់ ខ្ញុំក៏ចង់បញ្ជាក់ដែរថា ប៉ុន្មានឆ្នាំនេះសមុទ្រចិនខាងត្បូង ស្ងប់ស្ងាត់ទេ មិនមានជម្លោះអីទេ មានការខ្វែងគំនិតគ្នា ឬមួយក៏អ្វី ប៉ុន្តែក៏តិចតួច មិននាំដល់ការប៉ះទង្គិចគ្នានោះដែរ»។

លោក គង់ ភោគ បានអះអាងថា «កន្លងមកនេះ ភាគីពាក់ព័ន្ធបាន​ព្យាយាម សហការគ្នាទៅលើអ្វីដែលអាចសហការគ្នាបាន។ បភាគីពាក់ព័ន្ធទាំងអស់ ក៏បានយល់ថា បញ្ហាសមុទ្រចិនខាងត្បូង ត្រូវការពេលវេលាដែលត្រូវដោះស្រាយ»។

លោក អះអាងថា កម្ពុជាក៏បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញពន្លឿន ធ្វើយ៉ាងណាឱ្យការចរចារបស់ភាគីពាក់ព័ន្ធបានចប់សព្វគ្រប់ ខណៈដែលពង្រាង COC បានចាប់ផ្តើមតាំងពីឆ្នាំ២០១៨ មកម្ល៉េះ។

សូមរំលឹកថា បញ្ហាសមុទ្រចិនខាងត្បូង បានក្លាយជាជម្លោះដណ្តើមដែនទឹកដ៏រ៉ាំរ៉ៃ រាប់សិបឆ្នាំ រវាងប្រទេសមហាអំណាចចិន និងប្រទេសអាស៊ានចំនួន៤ ក្នុងនោះមាន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន និងវៀតណាម។

ដើម្បីដោះស្រាយបញ្ហាសមុទ្រចិនខាងត្បូង កាលពីឆ្នាំ២០០២ ពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាន លើកដំបូង អាស៊ាន-ចិន បានចេញសេចក្តីថ្លែងការណ៍ក្រមប្រតិបត្តិរបស់បណ្តាភាគីនៅសមុទ្រចិនខាងត្បូង (DOC) ខណៈប្រទេសទាំងអស់ កំពុងខិតខំជំរុញឱ្យមានសេចក្តីថ្លែងការណ៍ស្តីពីក្រមប្រតិបត្តិស្តីពីសមុទ្រចិនខាងត្បូង (COC) មួយដែលអាចទទួលយកបាន ដើម្បីបញ្ចប់ជម្លោះទាំងស្រុង៕

To Top