ព័ត៌មានជាតិ

ស្ពានមិត្តភាពកម្ពុជា-កូរ៉េ នឹងក្លាយជាគម្រោងកិច្ចសហប្រតិបត្តិការដ៏ធំបំផុត របស់សាធារណរដ្ឋកូរ៉េ នៅកម្ពុជា

ភ្នំពេញ៖ លោក Yoon Suk Yeol ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ បញ្ជាក់អំពីការគាំទ្រ របស់លោកក្នុងការបង្កើន ជំនួយអភិវឌ្ឍន៍ផ្លូវការ របស់សាធារណរដ្ឋ កូរ៉េដល់កម្ពុជា និងបានសម្តែងនូវសេចក្តីសង្ឃឹមថា គម្រោងស្ពានមិត្តភាព នឹងត្រូវបានអនុវត្តដោយ រលូន ហើយនឹងក្លាយជាគម្រោង កិច្ចសហប្រតិបត្តិការដ៏ធំបំផុត របស់សាធារណរដ្ឋកូរ៉េនៅកម្ពុជា។

ការបញ្ជាក់ និងបង្ហាញក្ដីសង្ឃឹមនេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារ អំពីការ ពង្រឹងកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា-កូរ៉េ ជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូល ពាក់ព័ន្ធ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះជំនួយអភិវឌ្ឍន៍ ដែលផ្តល់ដោយរដ្ឋាភិបាលកូរ៉ និងបានស្នើសុំឱ្យ លោក Yoon បន្តការគាំទ្រដល់គម្រោងស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ ជានិមិត្តរូបថ្មីនៃទំនាក់ទំនង ដ៏រឹងមាំរវាងប្រជាជាតិទាំងពីរ។

សូមរំលឹកថា បន្ទាប់ពីមានការវិភាគលំអិត និងសិក្សាលើកត្តាចម្បងសំខាន់ៗ លើការសាងសង់ស្ពាននៅទីតាំងនេះ រួមមាន៖ ស្ថានភាពចរាចរណ៍ប្រចាំថ្ងៃ ភូមិសាស្រ្តអំណោយផលគ្រប់ជ្រុងជ្រោយ ទាំងទិដ្ឋភាពបច្ចេកទេស-ហិរញ្ញវត្ថុ និងផលប៉ះពាល់សង្គម និងសេដ្ឋកិច្ច បរិស្ថាន ព្រមទាំងការគិតគូរផងដែរ នូវការទាក់ទាញវិស័យទេសចរណ៍ ជាពិសេសកត្តាសោភ័ណភាព (Landmark) និងការលើកនូវសម្រស់រាជធានីភ្នំពេញ ក្រុមហ៊ុនកុងសុលតង់ បានផ្តល់នូវអនុសាសន៍ជារួមថា ការសាងសង់មិត្តភាពកម្ពុជា-កូរ៉េខាងត្បូង ពីចំណុចផ្សាររាត្រី ភ្ជាប់អរិយក្សត្រ គឺជាជម្រើសសមស្រប និងល្អជាងជម្រើសផ្សេង។

បើតាមលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បានឱ្យដឹងថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េខាងត្បូង គ្រោងនឹងចាប់ផ្តើមសាងសង់នៅឆ្នាំ២០២៣ខាងមុខនេះ៕

To Top