ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារ ជាមួយប្រធានធនាគារអភិវឌ្ឍន៍អាស៊ី ADB

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក ម៉ាសាស៊ូហ្គូ អាសាកាវ៉ា (Masatsugu Asakawa) ប្រធានធានាគារអភិវឌ្ឍន៍អាស៊ី ADB ។

លោក ម៉ាសាស៊ូហ្គូ អាសាកាវ៉ា បានសំដែងនូវការអបអរសាទរជូនចំពោះ សម្ដេចតេជោ ដែលបានរៀបចំ និងដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន បានជោគជ័យ។

លោកក៏បានសម្ដែងនូវការអបអរសាទរ ផងដែរជូនចំពោះសម្ដេចតេជោ ដែលបានគ្រប់គ្រងការរាតត្បាតជំងឺកូវីដ-១៩ បានល្អ បានបើកប្រទេសឡើងវិញ បើកសេដ្ឋកិច្ចឡើងវិញ
ហើយតាមការរំពឹងទុក របស់ធនាគារអភិវឌ្ឍន៍អាស៊ី សេដ្ឋកិច្ច របស់កម្ពុជានឹងមានកំណើន ៥,៣ភាគរយសម្រាប់ ឆ្នាំនេះ ។

ជាមួយគ្នានេះដែរ លោក ម៉ាសាស៊ូហ្គូ អាសាកាវ៉ា ក៏បានគោរពវាយតម្លៃខ្ពស់ ចំពោះការប្ដេជ្ញាចិត្ត របស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំង នឹងការប្រែប្រួលអាកាសធាតុ ។

លើសពីនោះទៅទៀត លោក ម៉ាសាស៊ូហ្គូ អាសាកាវ៉ា បានគោរពថ្លែងអំណរគុណ ជូនចំពោះសម្ដេចតេជោ ជូនចំពោះ រាជរដ្ឋាភិបាលកម្ពុជា ចំពោះភាពជាដៃគូល្អ និងបានគូសបញ្ជាក់ជូនសម្ដេចតេជោថា ធនាគារអភិវឌ្ឍន៍អាស៊ី ប្ដេជ្ញាចិត្ត ពង្រឹងភាពជាដៃគូជាមួយកម្ពុជា ឱ្យកាន់តែស៊ីជម្រៅ ថែមទៀត។ ក្នុងន័យនេះ ធនាគារអភិវឌ្ឍន៍អាស៊ីនិងបន្តគាំទ្រកម្ពុជា តាមរយៈជំនួយ ការជួយគៀងគរថវិកាជួយគៀងគរអ្នកវិនិយោគ និងគាក៏បច្ចេកវិទ្យាដើម្បីជួយកម្ពុជា ឱ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសអភិវឌ្ឍនៅឆ្នាំ២០៥០ ហើយក៏នឹងជួយកម្ពុជា ក្នុងការអភិវឌ្ឍន៍ បៃតង ផងដែរ។

ជាការឆ្លើយតប សម្ដេចតេជោ បានថ្លែងអំណរគុណជូន ចំពោះ លោក ម៉ាសាស៊ូហ្គូ អាសាកាវ៉ា ដែលបានទទួល ការអញ្ជើញមកចូលរួម ចែករំលែកធាតុចូលក្នុងវេទិកាកិច្ច សន្ទនាអាស៊ានជាសកល ហើយក៏បានថ្លែងអំណរគុណ ធនាគារ ADB ផងដែរ ដែលបានគាំទ្រកម្ពុជា ធ្វើឲ្យកម្ពុជាមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងជួយកម្ពុជា ឱ្យរួចផុតពីការរាតត្បាត នៃជំងឺកូវីដ-១៩ ។​

សម្ដេចតេជោ បានមានប្រសាសន៍ថា ADB ជាដៃគូល្អ ហើយរាល់គម្រោងជាមួយ ADB រមែងទទួលបានជោគជ័យ ៕

To Top