តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian បានឲ្យដឹងថា វត្តមានរបស់កងកម្លាំងយោធាបរទេស បានគំរាមកំហែងដល់សន្តិសុខ ថាមពលនៅក្នុងដែនទឹកក្នុងតំបន់។
ទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់អ៊ីរ៉ង់ IRNA បានដកស្រង់សម្តីលោក Amir-Abdollahian ដែលបានឲ្យដឹង នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយសមភាគីអូម៉ានី ដែលកំពុងបំពេញទស្សនកិច្ចនៅអូម៉ានី លោក Sayyid Badr ថា នាវាគ្មានមនុស្សបើកបរទេសមួយចំនួនធំ ដែលបច្ចុប្បន្នកំពុងធ្វើដំណើរ ក្នុងដែនទឹកនៃឈូងសមុទ្រពែក្ស និងអូម៉ង់ បានបង្កើនបញ្ហាសន្តិសុខក្នុងតំបន់ទ្វេដង។
លោកបានបន្ថែមថា អ៊ីរ៉ង់ចាត់ទុកវត្តមានរបស់កងកម្លាំងបរទេសថា ជាការគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ ដែលប្រទេសក្នុងតំបន់ មានសមត្ថភាពរក្សាបាន។
សម្រាប់ផ្នែករបស់លោកវិញ លោក al-Busaidi បានលើកឡើងថា “យើងតែងតែព្យាយាមផ្តល់ សន្តិសុខសម្រាប់ការដឹកជញ្ជូន និងចរាចរណ៍ពាណិជ្ជកម្ម នៅក្នុងដែនទឹកក្នុងតំបន់ ព្រោះវាស្ថិតនៅក្នុងផលប្រយោជន៍ របស់ប្រទេសក្នុងតំបន់”។
លោកបានសង្កត់ធ្ងន់ថា មានបញ្ហាប្រឈម និងភាពខុសគ្នាជាច្រើន ប៉ុន្តែដំណោះស្រាយតែមួយគត់ គឺការសន្ទនា និងដំណោះស្រាយការទូត នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ជំនួបរវាងអ្នកការទូតទាំងពីរ បានធ្វើឡើងបន្ទាប់ពីការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក លើនាវាដឹកប្រេងរបស់អ៊ីស្រាអែល ដែលមានទង់ជាតិលីបេរីយ៉ា Pacific Zircon នៅឯឆ្នេរសមុទ្រអូម៉ង់ កាលពីដើមសប្តាហ៍នេះ៕
ប្រែសម្រួល ឈូក បូរ៉ា