ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាឱ្យអភិបាលរាជធានី-ខេត្ត បន្ដប្រើប្រាស់អំពូលវៃឆ្លាត សម្រាប់ដាក់បំភ្លឺតាមដងផ្លូវសាធារណៈនានា ដោយធ្វើការបញ្ជាទិញ ពីក្រុមហ៊ុនក្នុងស្រុក។
នាឱកាសអញ្ជើញអបអរសាទរខួប ១១ឆ្នាំ នៃប្រតិបត្តិការរបស់ក្រុមហ៊ុនមីនេបៀ Minebea (Cambodia) នាព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ក្រុមហ៊ុនមីនេបៀ ជាក្រុមហ៊ុនមួយផលិតអំពូលភ្លើងវៃឆ្លាត ហើយត្រូវបានប្រទេសមួយចំនួន ជុំវិញលើពិភពលោកបញ្ជាទិញ អំពូលភ្លើងវៃឆ្លាតនេះ យកទៅប្រើប្រាស់ផងដែរ។
សម្ដេចតេជោ បញ្ជាក់ថា «ខ្ញុំ សូមជម្រាបជូនទៅ អភិបាលរាជធានី-ខេត្ត បន្ដការប្រើប្រាស់នូវអំពូលវៃឆ្លាត សម្រាប់ដាក់បំភ្លើតាមដងផ្លូវនានា ដោយទទួលការបញ្ជាទិញពីរោងចក្រ ដោយផលិតនៅក្នុងប្រទេសរបស់យើង មានស្រាប់»។
លើសពីនេះ សម្ដេចតេជោ ពន្យល់ថា នៅតាមដងផ្លូវមួយដ៏វែង ប្រសិនបើពុំមានរថយន្ដឆ្លងកាត់នោះទេ អំពូលវៃឆ្លាតនេះ នឹងកាត់បន្ថយពន្លឺ នឹងធ្វើឱ្យចំណេញដល់អគ្គិសនី។ សម្ដេច បន្ដថា អគ្គិសនី ជាផ្នែកមួយពាក់ព័ន្ធទៅនឹង ការវិនិយោគនានា។
សម្ដេចតេជោ បន្ថែមថា រហូតមកដល់ពេលនេះ កម្ពុជាមានប្រភពថាមពលស្អាតច្រើនជាងគេ ក្នុងបណ្តាប្រទេសមួយចំនួនក្នុងតំបន់។ សម្ដេច ថា ការវិនិយោគណាក៏ដោយ ក៏ត្រូវគិតពីផលប៉ះពាល់ផងដែរ។
ជាងនេះទៅទៀត សម្ដេច នាយករដ្ឋមន្ដ្រី បានបង្ហើបឱ្យដឹងថា លោកកែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា ក៏បាននាំក្រុមហ៊ុនមីនេបៀ ទៅពិនិត្យលទ្ធភាពបើម្បីបង្កើតរោងចក្រអគ្គិសនី នៅខេត្តពោធិ៍សាត់ ដើរដោយថាមពលពន្លឺព្រះអាទិត្យ ៕