ព័ត៌មានជាតិ

EU ផ្ដល់ជំនួយថ្មីចំនួន២ ដើម្បីលើកកម្ពស់ការ ចូលរួមផ្នែកនយោបាយ និងទទួល បានព័ត៌មាន នៅកម្ពុជា

ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូត នៃប្រតិភូសហភាពអឺរ៉ុប (EU) ប្រចាំកម្ពុជា បានចុះហត្ថលេខាលើ កិច្ចសន្យាជំនួយចំនួន២ ជាមួយអង្គការគាំទ្រ ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងអង្គការជំនួយ ប្រជាជនណ័រវេស ដើម្បីគាំទ្រដល់គម្រោង របស់ពួកគេនៅកម្ពុជា ក្នុងការលើកកម្ពស់ពហុភាពនិយម សេរីភាពនៃការបញ្ចេញមតិ និងការចូលរួម តាមបែបប្រជាធិបតេយ្យ ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ EU នាថ្ងៃទី៧ ធ្នូ បានឱ្យដឹងថា អង្គការគាំទ្រប្រព័ន្ធ ផ្សព្វផ្សាយឯករាជ្យ IMS គឺជាអង្គការ មិនរកប្រាក់កំរៃ មកពីប្រទេស ដាណឺម៉ាក ធ្វើការគាំទ្រអ្នកសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយជុំវិញ ពិភពលោក ។ អង្គការ IMS មានកម្មវិធីជាច្រើននៅអាស៊ី ហើយក្នុងគម្រោងនេះ ពួកគេនឹងធ្វើការ ក្នុងភាពជាដៃគូជាមួយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា CCHR និងមជ្ឈមណ្ឌលកម្ពុជា សម្រាប់ប្រព័ន្ធផ្សព្វផ្សាយ ឯករាជ្យ CCIM។

គម្រោង ដែលផ្តល់មូលនិធិចំនួន ១លានអឺរ៉ូ ដោយសហភាពអឺរ៉ុប «ការទ្រទ្រង់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងសេរីភាពជាមូលដ្ឋាន នៅកម្ពុជា» នឹងរួមចំណែកពង្រឹងសេរីភាពនៃការបញ្ចេញមតិ តាមរយៈការកែលម្អជំនាញ នៃប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងផ្តល់នូវវិធីសាស្រ្តប្រកប ដោយភាពច្នៃប្រឌិត ក្នុងការទទួលបាន និងការផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធ និងព័ត៌មានអាចជឿទុកចិត្តបាន សម្រាប់ទស្សនិកជនកម្ពុជា ។

អង្គការជំនួយប្រជាជនណ័រវេស NPA គឺជាអង្គការឯករាជ្យមួយ ដែលធ្វើការនៅក្នុងប្រទេសន័រវេស និងនៅក្នុងប្រទេស ជាង៣០ទៀត ។ អង្គការជំនួយប្រជាជនណ័រវេស មានគោលបំណងកែលម្អលក្ខខណ្ឌជីវភាព រស់នៅរបស់ប្រជាជន និងរួមចំណែក ដល់សង្គមប្រជាធិបតេយ្យ យុត្តិធម៌និងសុវត្ថិភាព នៅជុំវិញពិភពលោក ។ នៅកម្ពុជា NPA នឹង ធ្វើការក្នុងភាពជាដៃគូជាមួយ COMFREL (គណៈកម្មាធិការ ដើម្បីការបោះឆ្នោត ដោយសេរី និង យុត្តិធម៌នៅកម្ពុជា) និងកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន YRDP ។ គម្រោងរបស់ពួកគេ «ការលើកកម្ពស់ការចូលរួម ផ្នែកនយោបាយ របស់យុវជន និង ស្ត្រីសម្រាប់ការបោះឆ្នោត តាមបែបប្រជាធិបតេយ្យ និងសេរី និង យុត្តិធម៌» ដែលផ្តល់មូលនិធិផងដែរ ជាមួយនឹងទឹកប្រាក់ មួយលានអឺរ៉ូ ដោយសហភាពអឺរ៉ុប នឹងលើកកម្ពស់ការយល់ដឹង របស់អ្នកបោះឆ្នោតអំពីច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ នឹងការបោះឆ្នោត ហើយនឹងគាំទ្រដល់ការឃ្លាំមើល ការបោះឆ្នោតឆ្នាំ២០២៣ ដោយប្រជាពលរដ្ឋ ដែលមានព័ត៌មានគ្រប់គ្រាន់ និងសកម្ម ។

នៅក្នុងពិធីចុះហត្ថលេខានេះ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា លោកស្រី Carmen Moreno បានមានប្រសាសន៍ថា «សិទ្ធិទទួលបានព័ត៌មាន សេរីភាពនៃការបញ្ចេញមតិ និងការចូលរួមក្នុងដំណើរការបោះឆ្នោត គឺជាទិដ្ឋភាពដ៏សំខាន់ នៅក្នុងសង្គមប្រជាធិបតេយ្យ។ នៅឆ្នាំ២០២៣ ជាឆ្នាំដែលយើង នឹងប្រារព្ធខួបលើកទី៧៥ នៃសេចក្តីប្រកាសជាសកល ស្តីពីសិទ្ធិមនុស្ស ប្រជាពលរដ្ឋកម្ពុជានឹងទៅបោះឆ្នោតជាតិ នៅក្នុងការបោះឆ្នោតជាតិ ដើម្បីជ្រើសរើសតំណាង របស់ពួកគេនៅរដ្ឋសភា។ យើងសង្ឃឹមថា គម្រោងទាំងនេះ នឹងរួមចំណែកបង្កើនការយល់ដឹង ក្នុងចំណោមអ្នកបោះឆ្នោត អំពីតួនាទីដ៏សំខាន់ដែលសិទ្ធិ និងសេរីភាពដើរតួ ក្នុងដំណើរការបោះឆ្នោតដោយសេរី និងយុត្តិធម៌»។

សូមរំលឹកថា ដោយឈរលើការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ សហភាពអឺរ៉ុប គឺជាម្ចាស់ជំនួយដ៏ធំបំផុត របស់ពិភពលោក សម្រាប់គម្រោងនានា ។ ឧបករណ៍ថវិកាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ផ្តល់ថវិកា ១.៥ពាន់លានអឺរ៉ូ សម្រាប់ឆ្នាំ២០២១-២០២៧ គាំទ្រសង្គមស៊ីវិលជុំវិញពិភពលោក ដើម្បីលើកកម្ពស់សិទ្ធិ និងសេរីភាព លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ៕

To Top