នយោបាយ

សម្ដេចតេជោ ហ៊ុន សែន រំលឹកពីអតីតកាល នៃការជំរុញឱ្យវៀតណាម ដកជំនាញការរបស់ខ្លួន ចេញពីកម្ពុជា

ភ្នំពេញ៖ ក្រោយមួយថ្ងៃ នៃខួបលើកទី២៤ ក្នុងការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា (២៩ ធ្នូ ១៩៩៨-២៩ ធ្នូ ២០២២) សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានរំលឹកអំពីការជំរុញឱ្យវៀតណាម ដកជំនាញការរបស់ខ្លួន ចេញពីកម្ពុជា ក្នុងឆ្នាំ១៩៨៨ ។ ការជំរុញនេះ ត្រូវបានសម្ដេចតេជោ អះអាងថា មកពីភាពមិនត្រូវគ្នា នៃនយោបាយសេដ្ឋកិច្ច ខណៈដែលខួរក្បាលរបស់កម្ពុជា ក៏មិនសាមញ្ញ មិនធម្មតា ដែរនោះ។

ថ្លែងចេញពីទឹកដីនៃខេត្តកំពត នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានរំលឹកថា ក្នុងដំណាក់កាលចរចាររកសន្តិភាពនៅកម្ពុជា សម្ដេចបានធ្វើដំណើរឆ្លងកាត់ប្រទេសវៀតណាម ហើយបានជួបអគ្គលេខាបក្សកុម្មុយនីស្ត វៀតណាមលោក ង្វៀន វ៉ាន់លេញ រួចក៏បានលើកពីសំណើរ សុំដកជំនាញការវៀតណាមទាំងអស់ចេញពីកម្ពុជា ដោយទុកត្រឹមតែកងទ័ពវៀតណាម។

សម្ដេចតេជោ គួសបញ្ជាក់ថា «ក្នុងពេលនោះ កម្ពុជាកំពុងកែទម្រង់ ទៅធ្វើសេដ្ឋកិច្ចឯកជន ឯខាងវៀតណាម កំពុងធ្វើសហករ ចឹងបានរវាងជំនាញការវៀតណាមនិងយើងអត់ត្រូវគ្នា។ ពេលនោះរឿងក៏ដូចចិត្តទៅទៀត អគ្គលេខាបក្សកុម្មុយនីស្ត វៀតណាម លោក ង្វៀន វ៉ាន់លេញ បានឆ្លើយមកវិញថា នៅប្រទេសវៀតណាមធ្វើសេដ្ឋកិច្ច ចិញ្ចឹមខ្លួនឯងមិនរស់ផង រឿងអីទៅបង្រៀនខ្មែរ​​​ ឱ្យធ្វើសេដ្ឋកិច្ចរស់» ។

សម្ដេចតេជោ នាយករដ្ឋមន្រ្តីអះអាងថា ភាពមិនត្រូវគ្នានេះហើយ ទើបមានការដាក់ចេញផែនការ ដកជំនាញការវៀតណាម គ្រប់ផ្នែកទាំងអស់ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ១៩៨៨ និងឈានទៅដកកងទ័ពវៀតណាម នៅខែកញ្ញា ឆ្នាំ១៩៨៩ ចេញពីកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន បន្តអះអាងថា ពេលដែលកងទ័ពនិងជំនាញការវៀតណាម មានវត្តមាននៅកម្ពុជា សម្ដេចមានសិទ្ធសម្រេចច្រើនជាងអ្វី ដែលក្រុមប្រឆាំងកំពុងចរចារនាពេលបច្ចុប្បន្ននេះ។

សម្ដេចបន្ថែមថា ពេលនោះអតីតប្រធានរដ្ឋវៀតណាម ដែលមានតំណែងជារដ្ឋមន្រ្តីការពារជាតិ បន្ទាប់ពីធ្វើជាប្រធានជំនាញការវៀតណាមនៅកម្ពុជា ខាងផ្នែកគ្រប់គ្រងទូទៅ ដែលបានលើកឡើងថា វៀតណាមមកកម្ពុជា គឺជួយកម្ពុជា ក្នុងការទប់ស្កាត់ការវិលត្រឡប់របស់ ប៉ុល ពត តែប៉ុណ្ណោះប៉ុន្តែអ្វីដែលជាការសម្រេចចិត្តនានា ធ្វើអ្វីជានយបាយឬសេដ្ឋកិច្ច គឺអាស្រ័យលើប្រជាជនកម្ពុជា។

ក្នុងឱកាសនោះ សម្ដេចតេជោតេជោ ហ៊ុន សែន ក៏បានរំលេចពី ឯករាជ្យភាព របស់កម្ពុជា ដោយមិនធ្វើតាមគោលការណ៍ របស់ប្រទេសណាមួយនោះទេ ទោះបីមានការជួយពីសំណាក់កងទ័ពខាងក្រៅ មកជួយក្នុងដំណាក់កាលចាំបាច់នាពេលនោះក៏ដោយ ។

ឈរលើស្ថានភាពជាក់ស្ដែងនាពេល សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងជា គោលការណ៍ថា «មិនអាចកាត់ក្បាលតម្រូវមួកនោះទេ គឺកាត់មួកតម្រូវក្បាល, មិនកាត់ជើងតម្រូវ ស្បែកជើងនោះទេ គឺកាត់ស្បែកជើង តម្រូវជើង»។

សូមបញ្ជាក់ថា យោងតាម​ឯកសារវៀតណាមបានឱ្យដឹងថា វៀតណាមបានចូលមកកម្ពុជា អស់រយៈពេល ៣ ៩៣៩ថ្ងៃ ក្នុងនោះបានបញ្ជួនមន្រ្តីការិយាល័យចំនួន៤នាក់, សមាជិកមជ្ឈឹមបក្ស៩នាក់ ,ឧបនាយករដ្ឋមន្រ្តី២នាក់,អនុរដ្ឋមន្រ្តីគ្រប់ក្រសួង៣០នាក់, សមាជិកគណៈខេត្ត៥៤នាក់, កងទ័ព២០០ ០០០នាក់ (ស្លាប់និងរបួស១០០ ០០០នាក់)៕

To Top