ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងលើកទឹកចិត្ត ឱ្យអ្នកវិនិយោគតួកគី មកវិនិយោគនៅកម្ពុជា តាមរយៈការដាក់ម៉ាស៊ីនសម្រាប់កែច្នៃ, សង់ឃ្លាំងស្តុក និងរៀបចំបណ្ដាញទិញផលិតផល កសិកម្មពីកម្ពុជា យកមកកែច្នៃ ហើយនាំចេញទៅទីផ្សារតួកគី និងទីផ្សារដទៃទៀត ។
សម្ដេចតេជោ ថ្លែងលើកទឹកចិត្តបែបនេះ ក្នុងឱកាសអនុញ្ញាតឲ្យលោក វ៉ាហ៊ីត គីរីស៊ី (Vahit Kirisci) រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ នៃសាធារណរដ្ឋតួកគី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣នេះ ។
ក្នុងជំនួបនោះលោក វ៉ាហ៊ីត បានអបអរសាទរជូនសម្ដេចតេជោ និងចំពោះប្រជាជនកម្ពុជាទាំងមូល ដែលទទួលបានជោគជ័យ យ៉ាងត្រចះត្រចង់អំពីការរៀបចំ និងដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធកន្លងទៅថ្មីៗនេះ ។
លោក វ៉ាហ៊ីត ក៏បានគោរព ជំរាបជូនសម្ដេចតេជោថា ដំណើរទស្សនកិច្ចរបស់លោកនៅពេលនេះ គឺដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ ជាពិសេសជំរុញការអនុវត្តលើគ្រប់កិច្ចសហប្រតិបត្តិការ ដែលបានចុះហត្ថលេខានាពេលកន្លងមក។
លោក វ៉ាហ៊ីត បានជម្រាបជូនសម្ដេចតេជោផងដែរថា ប្រទេសទាំងពីរ កម្ពុជា-តួកគី មានសក្ដានុពលច្រើនដែលអាច ធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា ដូចជាការជំរុញទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ឲ្យបានកើនឡើងដល់១ពាន់លានដុល្លារក្នុងមួយឆ្នាំ ក្នុងនោះរួមមាន៖ វិស័យកសិកម្ម, ការច្នៃកែច្នៃផលិតផលកសិកម្មសម្រាប់នាំចេញ, វិស័យវារីវប្បកម្ម, វិស័យគ្រឿងយន្តកសិកម្ម, វិស័យសំណង់, វិស័យ IT, វិស័យកែច្នៃម្ហូបអាហារ និងអាហារហាឡាល់, វិស័យអប់រំ, ការផ្ដល់អាហាររូបករណ៍ឲ្យនិស្សិតកម្ពុជា ទៅបន្តការសិក្សានៅប្រទេសតួគី, ការហោះហើរត្រង់ពីប្រទេសតួគី មកកាន់ព្រះរាជាណាចក្រកម្ពុជា និងវិស័យជាច្រើនដទៃទៀត។
ជាការឆ្លើយតប សម្ដេចតេជោ ក៏បានថ្លែងអំណរគុណចំពោះការសម្ដែង នៅការអបអរសាទរចំពោះជោគជ័យ នៃភាពជាប្រធានអាស៊ានកន្លងមក ក្នុងការដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ហើយសម្ដេចតេជោ បានលើកទឹកចិត្តឱ្យមានការជំរុញ កិច្ចសហប្រតិបត្តិការលើវិស័យដែលជា សក្ដានុពលដូចដែលលោក វ៉ាហ៊ីត បានលើកឡើងខាងលើនោះ ។
សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់អនុសាសន៍ជូនលោក វ៉ាហ៊ីត ថា «គប្បីណាលើកទឹកចិត្តឱ្យមានអ្នកវិនិយោគតួកគី មកវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា តាមរយៈការដាក់ម៉ាស៊ីនសម្រាប់កែច្នៃ, សង់ឃ្លាំងស្តុក និងរៀបចំបណ្ដាញទិញផលិតផល កសិកម្មពីប្រជាជនកម្ពុជា ពីកសិករកម្ពុជា យកមកកែច្នៃ ហើយនាំចេញទៅទីផ្សារប្រទេសតួកគីផង និងទីផ្សារដទៃទៀតផង» ។ សម្ដេចបន្តថា កម្ពុជា មានវត្ថុធាតុដើមច្រើនជាអាទិ៍មានស្វាយចន្ទី មានដំឡូង មានកៅស៊ូ មានស្រូវ ដែលអាចកែច្នៃសម្រាប់ការនាំចេញ ។
ជាមួយគ្នានោះដែរ សម្ដេចតេជោ ក៏បានបញ្ជាក់ថា គប្បីពិចារណា រៀបចំធ្វើឱ្យមានកិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នា ដើម្បីជាការសម្រួល និងលើកទឹកចិត្តដល់អ្នកវិនិយោគ រវាងប្រទេសទាំងពីរទៀតផង ៕