ព័ត៌មានជាតិ

ប្រទះឃើញសាកសពបុរសម្នាក់ សង្ស័យជាជនបរទេស អណ្ដែតទឹកទន្លេវ៉ៃគោ ក្រុងស្វាយរៀង

ស្វាយរៀង៖ វេលាម៉ោង ៨និង៣០នាទីព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ មានប្រជាពលរដ្ឋប្រទះឃើញ សាកសពមិនស្គាល់អត្តសញ្ញាណស្លាប់ អណ្ដែតទឹកទន្លេវ៉ៃគោខាងជើង ស្ពានហាយវ៉េ ស្ថិតក្នុងភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងងស្វាយរៀងខេត្តស្វាយរៀង។

សមត្ថកិច្ចក្រុងស្វាយរៀងបានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មាន មានសាកសពអណ្ដែតទឹកទន្លេវ៉ៃគោ លោកឧត្តមសេនីយ៍ត្រី កុយ សុភាពស្នងការរងទទួលផែនព្រហ្មទណ្ឌ បានដឹកនាំសមត្ថកិច្ចជំនាញបច្ចេកទេសវិទ្យាសាស្រ្ត ជំនាញព្រហ្មទណ្ឌខេត្ត និងនគរបាលក្រុង កម្លាំងអាវុធហត្ថក្រុង គ្រូពេទ្យ ដោយមានការសម្របសម្រួលពីលោក ដូរ៉ា អង្គប្រទាន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្វាយរៀង បានចុះពិនិត្យសាកសព។

សមត្ថកិច្ចបានបន្តថា ជាលទ្ធផលសមត្ថកិច្ចបានពិនិត្យឃើញថា សាកសពមិនស្គាល់អត្តសញ្ញាណ ភេទប្រុស ពាក់អាវយឺតដៃខ្លីពណ៌ខ្មៅ ស្លៀកខោខ្លីត្រឹមជង្គង់ពណ៌ប្រផេះ ពាក់ស្បែកជើងប៉ាត់តាពណ៌ស កាត់សក់ទីទុយ (សង្ស័យជនបរទេស)នៅលើខ្លួនប្រាណសាកសព មានស្នាមរលាត់ស្បែកលើ ត្របកភ្នែកខាងស្ដាំមួយកន្លែង និងស្នាមរលាតបបួរមាត់លើមួយកន្លែង ក្រៅពីនេះពុំឃើញមានស្លាកស្នាម អ្វីគួរឲ្យកក់សម្គាល់ទេ។

សមត្ថកិច្ចបានបន្ថែមថា តាមការសន្និដ្ឋានរបស់សមត្ថកិច្ច និងគ្រូពេទ្យ សាកសពស្លាប់ដោយសារលងទឹក។ 
បច្ចុប្បន្នសាកសពបានបញ្ជូន តាមរយ:រថយន្តពេទ្យខេត្តយកទៅ រក្សាទុកនៅសាលរក្សាសាកសព នៅវត្តទឹកថ្លា រាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី ៕

To Top