ព័ត៌មានជាតិ

កម្ពុជា កំពុងពិនិត្យលទ្ធភាព បង្កើតសាលាកប័ត្រ ចូលប្រទេសតាមប្រព័ន្ធ e.Arrival Form

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ បានជួបប្រជុំជាមួយតំណាងក្រសួងសុខាភិបាល ដើម្បីពិនិត្យពិភាក្សា ផ្ដល់យោបល់លើលទ្ធភាពបង្កើត សាលាកប័ត្រចូលប្រទេសតាមប្រព័ន្ធ e.Arrival Form ដោយរួមបញ្ចូលព័ត៌មានស្តីពីអន្តោប្រវេសន៍ សុខាភិបាល និងគយ ទៅក្នុងទម្រង់តែមួយ ។

ទិសដៅនៃការបង្កើតប្រព័ន្ធ e.Arrival Form នេះ គឺដើម្បីផ្តល់ភាពកាន់តែងាយស្រួល ដល់ភ្ញៀវបរទេសដែលអញ្ជើញមកកម្ពុជា អាចចូលទៅបំពេញព័ត៌មាន មុនពេលចេញដំណើរ និងជាពិសេសគឺបំពេញ ក្នុងសាលាកប័ត្រតែមួយ ដែលកន្លងមកត្រូវបំពេញ ដល់ទៅ ៣ គឺ សាលាកប័ត្រអន្តោប្រវេសន៍ សាលាកប័ត្រសុខាភិបាល និងសាលាកប័ត្រគយ។

លោកនាយឧត្តមសេនីយ៍ បានគូសបញ្ជាក់ថា ប្រព័ន្ធនេះមិនត្រឹមតែផ្តល់ភាពងាយស្រួលដល់ភ្ញៀវបរទេសប៉ុណ្ណោះទេ តែក៏ជួយឱ្យយើងអាចគ្រប់គ្រង និងទាញយកទិន្ធន័យ មកប្រើប្រាស់បានទាល់ចិត្ត។

លោកស្រី វ៉ា ពុធនាថ អគ្គនាយករងនៃអគ្គនាយកដ្ឋានសុខាភិបាល បានសម្តែងនូវការគាំទ្រ ចំពោះការបង្កើតប្រព័ន្ធនេះ ព្រោះពិតជាផ្តល់ភាពងាយស្រួល ទាំងភ្ញៀវបរទេស ទាំងស្ថាប័នមានសមត្ថកិច្ច។ ក្នុងនោះលោកស្រី ស្នើបន្ថែមចំណុចមួយចំនួន ដែលជាតម្រូវការសុខាភិបាល។

នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានឯកភាពនូវសំណូមពរ របស់ក្រសួងសុខាភិបាល និងស្នើរឱ្យភាគីសុខាភិបាល ធ្វើការជាមួយក្រុមការងារបច្ចេកទេស នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីបំពេញបន្ថែមចំណុចខ្វះខាតនានា ៕

To Top