ព័ត៌មានជាតិ

កម្ពុជា ប្ដេជ្ញាផ្តល់សេវាកម្ម និងសន្តិសុខ ប្រកបដោយគុណភាព ជូនទេសចរចិន

ភ្នំពេញ៖ នៅក្នុងសេចក្ដីថ្លែងការណ៍រួម ស្ដីពីការកសាងសហគមន៍ វាសនារួម កម្ពុជា-ចិន ក្នុងយុគសម័យថ្មី ភាគីកម្ពុជា បានបញ្ជាក់ជាថ្មី នូវការស្វាគមន៍យ៉ាងកក់ក្ដៅដល់ទេសចរចិន និង ការប្តេជ្ញាផ្តល់សេវាកម្ម និងសន្តិសុខ ប្រកបដោយគុណភាព។

ការប្រកាសនេះ ស្របពេលដែលប្រទេសជាច្រើន រួមទាំងកម្ពុជា បាននិងកំពុងទន្ទឹងរង់ចាំ ភ្ញៀវទេសចរនិងអ្នកវិនិយោគចិន ក្រោយប្រទេសមហាអំណាចមួយនេះ ប្រកាសបើកប្រទេសឡើងវិញ បន្ទាប់ពីបង្កើនប្រសិទ្ធភាព និងកែសម្រួលគោលនយោបាយទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ ។

យោងតាម សេចក្ដីថ្លែងការណ៍រួម បានឱ្យដឹងថា ភាគីកម្ពុជាបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ចិន ក្នុងការបង្កើនប្រសិទ្ធភាព និងកែសម្រួលគោលនយោបាយទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ ផ្អែកតាមការវិវឌ្ឍនៃស្ថានការណ៍ ដែលបង្កើតនូវលក្ខខណ្ឌប្រសើរ សម្រាប់ការផ្លាស់ប្ដូរប្រជាជន និងប្រជាជន ប្រកបដោយសុវត្ថិភាព សុខុមាលភាព និងរបៀបរៀបរយ រវាងប្រទេសចិន និងបណ្តាប្រទេសផ្សេងៗ ដើម្បីផ្ដល់ផល ប្រយោជន៍កាន់តែច្រើនដល់សេដ្ឋកិច្ចសកល។

ចិនបានប្រកាសថា កម្ពុជាជាប្រទេសមួយក្នុងចំណោម ប្រទេសដំបូង ដែលនឹងទទួលភ្ញៀវទេសចរចិន ព្រមទាំងផ្តល់អាទិភាពក្នុងការស្តារ និងបង្កើនចំនួន ជើងហោះហើរត្រង់។ ក្នុងនោះ «ភាគីកម្ពុជា បានបញ្ជាក់សាជាថ្មីនូវការស្វាគមន៍ យ៉ាងកក់ក្ដៅដល់ទេសចរចិន និង ការប្តេជ្ញាផ្តល់សេវាកម្ម និងសន្តិសុខ ប្រកបដោយគុណភា»ព។

ភាគីទាំងពីរបានឯកភាពជំរុញកិច្ច សហប្រតិបត្តិការរវាងសហគ្រាសវប្បធម៌ និងទេសចរណ៍នានា នៃប្រទេសទាំងពីរ ដើម្បីរួមគ្នាបង្កើត ផ្លូវទេសចរណ៍ បង្កើតផលិតផលវប្បធម៌ និងទេសចរណ៍ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ ក្នុង ការបណ្ដុះបណ្តាលបុគ្គលិកវប្បធម៌ និងទេសចរណ៍ ៕

To Top