ព័ត៌មានជាតិ

ធនាគារជាតិ​ ឱ្យបញ្ឈប់ជាបន្ទាន់ការ ទទួលយកអត្តសញ្ញាណបណ្ណ សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ សម្រាប់ធានាលើការផ្ដល់ឥណទាន

ភ្នំពេញ​៖​ ធនាគារជាតិនៃកម្ពុជា​ បានក្រើនរំលឹកដល់គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្រឹះស្ថានឥណទានជនបទទាំងអស់ បញ្ឈប់ជាបន្ទាន់ ចំពោះការទទួលយកនូវ អត្តសញ្ញាណបណ្ណ ឬសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ សម្រាប់ជាវត្ថុធានាលើការផ្ដល់ឥណទាន។

យោងតាមលិខិតរបស់​ ធនាគារជាតិនៃកម្ពុជា​ នាថ្ងៃទី១០​ ខែកុម្ភៈ​ ឆ្នាំ២០២៣​ បានឱ្យដឹងថា​ អត្តសញ្ញាណបណ្ណ​ សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ជាប្រភេទលិខិតយថាភូតដែលចេញ ដោយអាជ្ញាធរមានសមត្ថកិច្ចសម្រាប់បញ្ជាក់អត្តសញ្ញាណបុគ្គល និងសម្រង់ស្ថិតិប្រជាពលរដ្ឋ តែប៉ុណ្ណោះ។

ធនាគារជាតិ​ បន្ដថា​ លិខិតយថាភូតមិនមែនជាទ្រព្យសម្រាប់ការដាក់បញ្ចាំ ឬជាទ្រព្យធានាក្នុងប្រតិបត្តិការ ផ្តល់ឥណទានឡើយ ពីព្រោះថា លិខិតទាំងនោះមិនមានតម្លៃសេដ្ឋកិច្ច សម្រាប់សកម្មភាពពាណិជ្ជកម្ម។

ធនាគារជាតិនៃកម្ពុជា​ បានបញ្ជាក់ថា​ “នេះជាការក្រើនរំលឹកដល់គ្រប់ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទានជនបទទាំងអស់ និងតម្រូវឱ្យគ្រឹះស្ថានបញ្ឈប់ជាបន្ទាន់ ចំពោះការទទួលយកនូវ អត្តសញ្ញាណបណ្ណ ឬសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ សម្រាប់ជាវត្ថុធានាលើការផ្ដល់ឥណទាន” ។

ធនាគារជាតិ​ បន្ថែមថា​ ក្នុងករណី គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទានជនបទណាមិនអនុវត្តតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន គ្រឹះស្ថាននឹងត្រូវ រងទណ្ឌកម្មខាងវិន័យស្របតាមមាត្រា ៥២ នៃច្បាប់ស្តីពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ៕

To Top