ព័ត៌មានជាតិ

ទូតថ្មីជប៉ុន សន្យាធ្វើកិច្ចសហប្រតិបត្តិការ រវាងសភាកម្ពុជា-ជប៉ុន កាន់តែស្អិតរមួតថែមទៀត

ភ្នំពេញ ៖ ឯកអគ្គរាជទូតថ្មីជប៉ុនប្រចាំកម្ពុជា លោក អ៊ូអ៊ិណូ អាតស៊ូហ្ស៊ី (UENO Atsushi) សន្យាថា នឹងខិតខំជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងរដ្ឋសភាកម្ពុជា-ជប៉ុនឲ្យកាន់តែស្អិតរមួតឡើង។

ក្នុងឱកាសចូលជួបសម្តែងការគួរសមជាមួយ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី១២កុម្ភៈឆ្នាំ២០២៣ លោក អ៊ូអ៊ិណូ អាតស៊ូហ្ស៊ី បានលើកឡើងថា ក្នុងបេសកកម្មការទូតរបស់លោក នឹងខិតខំជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងរដ្ឋសភាប្រទេសទំាងពីរ ឲ្យកាន់តែស្អិតរមួតឡើង ដោយសារនៅពេលនេះទំាងកម្ពុជានិងជប៉ុន បានធូរស្រាលពីបញ្ហាកូវីដ-១៩ ហើយព្រំដែនប្រទេសទំាងពីរបានបើកចំហរ។

ក្នុងឱកាសនោះ លោកទូត ក៏បានកោតសរសើរចំពោះពលីកម្ម និងការចូលរួមរំដោះ កសាងកម្ពុជា របស់សម្តេចប្រធានរដ្ឋសភាតំាងពីដើមរហូតមក។

សម្តេច ហេង សំរិន ក៏បានបង្ហាញក្តីសង្ឃឹមថា ក្នុងអាណត្តិការទូតថ្មីនេះ លោកនឹងបន្តធ្វើកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ជាមួយបណ្តាក្រសួង មន្ទីរ និងស្ថាប័នខេត្ត-ក្រុងនានារបស់កម្ពុជា សំដៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យនានា ឲ្យកាន់តែស្អិតរមួតថែមទៀត ជាពិសេសបន្តជួយសម្រួល ដល់កម្មសិក្សាការីជំនាញកម្ពុជា បានទៅធ្វើការនៅជប៉ុន កាន់តែច្រើនថែមទៀត។

សម្តេចបន្ថែមថា រដ្ឋសភាក៏ត្រៀមខ្លួនជាសេ្រច ក្នុងការធ្វើកិច្ចសហប្រតិបត្តិការ គ្រប់យ៉ាងល្អ ជាមួយលោកទូត ដើម្បីឲ្យបេសកកម្មការទូត របស់លោកទទួលបានជោគជ័យ ៕

To Top