ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ដ្រី អូន ព័ន្ធមុនីរ័ត្ន អញ្ជើញបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២២ របស់ក្រសួងសាធារណការ

ភ្នំពេញ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីបិទ​ សន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២២ និងលើកទិសដៅការងារ ឆ្នាំ២០២៣ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការអញ្ជើញចូលរួមពី លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ ។

អង្គសន្និបាតត្រូវបានប្រាព្ធឡើង ក្នុងគោលបំណងចម្បងត្រួតពិនិត្យ និងវាយតម្លៃលើស្នាដៃ និងលទ្ធផលការងារដែលថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកគ្រប់លំដាប់ថ្នាក់ ក្រោមឱវាទក្រសួង បានអនុវត្តរយៈពេលមួយឆ្នាំ២០២២ កន្លងទៅ និងលើកទិសដៅការងារ សម្រាប់អនុវត្តបន្តក្នុងឆ្នាំ២០២៣ ជាមួយនឹងទិសស្លោក «បន្តលើកកម្ពស់គុណភាព នៃការកសាងហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធដឹកជញ្ជូន ប្រកបដោយប្រសិទ្ធភាព ចីរភាព បរិយាប័ន្ន និងការអភិវឌ្ឍធនធានមនុស្ស»។

ផ្ទាំងពាណិជ្ជកម្ម

ក្នុងពិធីបើកសន្និបាត លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងពីសមិទ្ធផលនានា ដែលក្រសួងសម្រេចបានក្នុងឆ្នាំ២០២២ ដូចជា គម្រោងការងារកំពុងអនុវត្តនាពេលបច្ចុប្បន្ន និងគ្រោងអនុវត្តក្នុងពេលខាងមុខ រួមមាន៖ ទី១-ការងារសាធារណការ និងគ្រប់គ្រងបច្ចេកទេស ,ទី២-ការងារដឹកជញ្ជូនផ្លូវគោក និងសុវត្ថិភាពចរាចរណ៍ ,ទី៣-ការងារដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ ,ទី៤-ការងារផ្លូវដែក និងការដឹកជញ្ជូនសាធារណៈ ,ទី៥-ការងារភ័ស្តុភារកម្ម ,ទី៦-ការងារគ្រប់គ្រងប្រព័ន្ធចម្រោះទឹកកខ្វក់ ,ទី៧-ការងារកំណែទម្រង់ និងការបណ្តុះបណ្តាល និងទី៨-ការងារភាពជាដៃគូក្នុងការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ៕

To Top