ព័ត៌មានជាតិ

សម្ដេច ស ខេង អញ្ជើញបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារ ឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ

ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញ បើកសន្និបាតត្រួត ពិនិត្យលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ និងលទ្ធផលការងារប្រឡង ប្រណាំងអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» នៅសណ្ឋាគារសុខាភ្នំពេញ។

យោងតាមរបាយការណ៍ ស្ដីពីលទ្ធផលការងារឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ឆ្នាំ២០២២ គឺជាឆ្នាំទី៤ នៃការអនុវត្តកម្មវិធីកំណែទម្រង់ដែលបានកំណត់នៅក្នុងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤របស់ រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៦ នៃរដ្ឋសភា។

របាយការណ៍ដដែល បន្ដថា នាអំឡុងពេលមួយឆ្នាំនេះ បើទោះបីស្ថានការណ៍សន្តិសុខក្នុងតំបន់ និងសកលលោក បន្តមានការវិវត្តប្រែប្រួលពិបាកប៉ាន់ស្មាន និងមានហានិភ័យខ្ពស់យ៉ាងណាក្តី ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា បានពុះពារឆ្លងកាត់ដោយ ជោគជ័យនូវវិបត្តិ និងបញ្ហាប្រឈមទាំងនោះ ដោយបាននាំមកនូវសមិទ្ធផល ធំធេងជូនប្រជាជាតិខ្មែរបន្ថែមទៀតផងដែរ។ សមិទ្ធផលជាក់ស្តែងគឺកិច្ចការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលប្រព្រឹត្តទៅប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ និងមានសុវត្ថិភាព ដោយបានជំរុញ និងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។

ប្រភពបន្ថែមថា កិច្ចការដ៏ជោគជ័យមួយទៀតគឺ ការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និង កិច្ចប្រជុំកំពូល ពាក់ព័ន្ធ ដែលកម្ពុជាក្នុងតួនាទីជាប្រធានប្តូរវេនរបស់អាស៊ាន។ លើសពីនេះ កម្ពុជាក៏សម្រេចបាននូវវឌ្ឍនភាពសង្គមគួរ ឱ្យកត់សម្គាល់ ដោយបានគ្រប់គ្រង និងឆ្លើយតបប្រកបដោយជោគជ័យនូវការឆ្លងរាតត្បាតជំងឺកូវីដ-១៩ ជាមួយនឹងការ បន្តរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងការរក្សាលំនឹង សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋផងដែរ។ សមិទ្ធផលនយោបាយ សេដ្ឋកិច្ច សង្គម ដែលសម្រេចបានគួរជាទី មោទកខាងលើ បានឆ្លុះបញ្ចាំងឲ្យឃើញ ពីការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយមាន ក្រសួងមហាផ្ទៃ ចូលរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើឲ្យសម្រេចនូវសមិទ្ធផលទាំងនេះ តាមរយៈកិច្ចខិតខំ អនុវត្តនូវតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់ខ្លួន៕

To Top