ព័ត៌មានជាតិ

កិច្ចសហការរវាង ប.ស.ស. និងអង្គភាព សោធនជាតិកូរ៉េ ជាជំហ៊ានថ្មី ក្នុងការជំរុញចល័តភាព របបសន្តិសុខសង្គម រវាងប្រទេសទាំងពីរ

ភ្នំពេញ៖ បន្ទាប់ពីកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ សម្រេចបានរបស់ ប.ស.ស. កាលពីព្រឹកមិញនេះ នៅរសៀលថ្ងៃដដែលនេះបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា បានចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី កិច្ចសហប្រតិបត្តិការគ្នាទៅវិញទៅមក ជាមួយអង្គភាពសោធនជាតិកូរ៉េ (NPS)។

ថ្លែងក្នុងពិធីចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នាខាងលើ លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. បានលើកឡើងថា៖ ការចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នាររវាង ប.ស.ស. កម្ពុជា ជាមួយអង្គភាពសោធនជាតិកូរ៉េ (NPS) នាពេលនេះ គឺជាការបើកទំព័រថ្មី នៃកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ ដើម្បីផ្តល់កិច្ចសហប្រតិបត្តិការ ទៅលើការអភិវឌ្ឍគោលនយោបាយ ការពង្រឹង និងការពង្រីកដែនវិសាលភាពរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន ក្នុងគោលដៅផ្តល់អត្ថប្រយោជន៍ ឱ្យគ្នាទៅវិញទៅមក និងអភិវឌ្ឍគ្រឹះនៃការទំនាក់ទំនងដ៏រឹងមាំ នាពេលអនាគតរវាងភាគីទាំងពីរ។

លោកបណ្ឌិតរដ្ឋមន្រ្តី បានថ្លែងបញ្ជាក់ទៀតថា៖ បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា ក៏បាននិងកំពុងយកចិត្តទុកដាក់ ទៅលើបងប្អូនពលករទេសន្តរប្រវេសក៍ ដែលធ្វើការចាកចេញពីប្រទេសកំណើតរបស់ខ្លួន ដើម្បីបំពេញការងារ ហើយនៅពេលត្រឡប់ មកប្រទេសកំណើតវិញ មិនទទួលបានការការពារពីប្រព័ន្ធសន្តិសុខសង្គម ដែលនេះគឺជាបញ្ហាប្រឈមមួយទាំងក្នុងកម្រិតថ្នាក់តំបន់ និងអន្តរជាតិ ។ ដូច្នេះ ក្នុងនាមកម្ពុជា ជាប្រធានអាស៊ាន ឆ្នាំ២០២២ កន្លងទៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានផ្តួចផ្តើមគំនិតរៀបចំ នូវ សេចក្តីថ្លែងការណ៍អាស៊ានស្តីពី ចល័តភាពរបបសន្តិសុខសង្គម សម្រាប់ពលករទេសន្តរប្រវេសក៍ ក្នុងតំបន់អាស៊ានហើយត្រូវបានអនុម័ត នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ កាលពីខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅ។

លោកបណ្ឌិតរដ្ឋមន្រ្តី បានថ្លែងបញ្ជាក់ទៀតថា ការរៀបចំឱ្យមានចល័តភាព របបសន្តិសុខសង្គមនេះ គឺជាសមិទ្ធផលដ៏សំខាន់មួយទៀតរបស់កម្ពុជា ដែលបានបោះជំហានដ៏ធំឆ្ពោះទៅកាន់ការធ្វើចល័តភាព នៃអត្ថប្រយោជន៍របបសន្តិសុខសង្គម សម្រាប់ពលករទេសន្តរប្រវេសក៍អាស៊ាន ស្របតាមស្មារតី នៃសេចក្តីថ្លែងការណ៍ និងឯកច្ឆន្ទភាពអាស៊ានស្តីពីការការពារ និងការលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសក៍ នៅក្នុងអាស៊ាន និងជាពិសេស លិខិតូបករណ៍ថ្នាក់តំបន់មួយនេះ នឹងក្លាយជាក្របខណ្ឌសិក្សាសមិទ្ធិលទ្ធភាព រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ នឹងអាចធ្វើការជាមួយគ្នាកាន់តែមានភាពជិតស្និត ឆ្ពោះទៅរកការបង្កើតឱ្យមាននូវចល័តភាព របបសន្តិសុខសង្គម រវាងប្រទេសទាំងពីរ ពិសេស គឺសម្រេចឱ្យបាននូវចល័តភាពរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធននាពេលខាងមុខ។

លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ប.ស.ស. ក្នុងឱកាសជាមួយគ្នានេះដែរ បានថ្លែងថា៖ កន្លងមកប.ស.ស. កម្ពុជា មានកិច្ចសហការយ៉ាងជិតស្និតជាមួយស្ថាប័នសន្តិសុខសង្គម នៃសាធារណរដ្ឋកូរ៉េ រួមមាន កិច្ចសហការ ជាមួយអង្គភាពសុខុមាលភាព និងសំណងគ្រោះថ្នាក់ការងារ កិច្ចសហការជាមួយអង្គភាពធានារ៉ាប់រងសុខភាពជាតិ ជាពិសេសកិច្ចសហការជាមួយអង្គភាពសោធនជាតិ ដែលបានទទួលនូវការចែករំលែកបទពិសោធន៍ ចំណេះដឹង និងឧត្តមានុវត្តន៍ ពាក់ព័ន្ធទៅនឹងការអនុវត្តរបបសន្តិសុខសង្គម នៃសាធារណរដ្ឋកូរ៉េ ហើយការសម្រេចចុះហត្ថលេខា លើអនុស្សារណៈនៃការយោគយល់គ្នានាពេលនេះនឹងអាចផ្ដល់នូវកិច្ចសហប្រតិបត្តិការ រវាងគ្នាទៅវិញទៅមក ឱ្យយកាន់តែជិតស្និតបន្ថែមទៀត ។

លោកប្រតិភូរាជរដ្ឋាភិបាល បានបញ្ជាក់ឱ្យដឹងទៀតថា៖ ផ្អែកតាមផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍វិស័យការងារឆ្នាំ២០១៩-២០២៣ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានបេឡាជាតិសន្តិសុខសង្គម ជាប្រតិបត្តិករ បាននិងកំពុងបន្តផ្តោតការយកចិត្តទុកដាក់ ទៅលើវិស័យសន្តិសុខសង្គម ដោយបន្តពង្រឹង ពង្រីក និងជំរុញការអភិវឌ្ឍរបបសន្តិសុខសង្គម ដល់បងប្អូនកម្មករនិយោជិតនិងមន្ត្រីសាធារណៈ អតីតមន្រ្តីរាជការ និងអតីតយុទ្ធជន ឱ្យមានសង្គតិភាព និងប្រកបដោយបរិយាបន្ន។ 

លោក KIM CHI-MUG អគ្គនាយក និងជាប្រធានមជ្ឈមណ្ឌលកិច្ចការអន្តរជាតិ នៃអង្គភាពសោធនជាតិកូរ៉េ (NPS) តំណាងលោក KIM TAE-HYUN ប្រធានអគ្គនាយក និងនាយកប្រតិបត្តិ របស់អង្គភាពសោធនជាតិ (NPS) បានសម្តែងនូវការអរគុណយ៉ាងខ្លាំង ចំពោះកម្ពុជា ដែលបានផ្តល់កិច្ចសហការយ៉ាងល្អ ក្នុងការអនុវត្តការងារជាមួយគ្នាកន្លងមក។ 

លោក KIM CHI-MUG បានបន្តទៀតថា៖ កម្ពុជា គឺជាប្រទេសទី១ ដែលអង្គភាពសោធនជាតិកូរ៉េ (NPS) បានបង្កើនកិច្ចសហប្រតិបត្តការយ៉ាងស្អិតរមូត រហូតឈានដល់ការចុះហត្ថលេខា លើអនុស្សរណៈ នៃការយោគយល់គ្នានាពេលនេះ៕

To Top