ភ្នំពេញ ៖ ក្រុមយុវជនចូលរួមប្រកួតវោហារស័ព្ទ ប្រធានបទ «ការលុបបំបាត់ការប្រើប្រាស់ បារីអេឡិចត្រូនិក និងផលិតផលអេចឈ៍ ធី ភី ដើម្បីលើកកម្ពស់សិក្សា» នាថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ បានស្នើសុំរាជរដ្ឋាភិបាល យកចិត្តទុកដាក់បន្ថែម ដើម្បីលុបបំបាត់ បារីអេឡិចត្រូនិក និងផលិតផល អេចឈ៍ ធី ភី ។

ការប្រើប្រាស់បារីអេឡិចត្រូនិក និងផលិតផល អេចឈ៍ ធី ភី នឹងធ្វើឱ្យប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ។ លើសពីនេះ ប្រសិនបើកុមារ និងយុវជនលង់ខ្លួនប្រើប្រាស់ផលិតផលទាំងនេះ នោះពួកគេនឹងទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំងចំពោះការសិក្សា និងអនាគត។ រីឯ សុខសុវត្ថិភាព សណ្ដាប់ធ្នាប់សង្គម សេដ្ឋកិច្ចគ្រួសារ និងសង្គមក៏ធ្លាក់ចុះផងដែរ ។

បេក្ខជន ចូលរួមប្រកួតវោហារស័ព្ទនេះ ក៏បានលើកឡើង អំពីករណីសិក្សាជាក់ស្ដែងនៃគ្រោះថ្នាក់ ផលវិបាក ដែលជនរងគ្រោះ បានទទួលដោយសារការលង់ខ្លួន ប្រើប្រាស់បារីអេឡិចត្រូនិក និងផលិតផល អេចឈ៍ ធី ភី។

ទន្ទឹមគ្នានេះ បេក្ខជន ក៏បានលើកឡើងពីបញ្ហាប្រឈម ដែលមិនធ្វើឱ្យកម្ពុជា មិនទាន់អាចលុបបំបាត់ បារីអេឡិចត្រូនិកបានទាំងស្រុងដូចជា ការគ្រប់គ្រងការលក់ និងផ្សព្វផ្សាយ លើបណ្ដាញទំនាក់ទំនងសង្គមនៅមានកម្រិត និងបន្តឱ្យមានការហូរចូលនូវផលិតផលខុសច្បាប់ទាំងនេះ ក៏ដូចជាការចូលរួមពីគ្រប់ភាគី ពាក់ព័ន្ធនៅមានកម្រិតនៅឡើយ។

ក្នុងន័យចូលរួមដោះស្រាយលើបញ្ហានេះ បេក្ខជន បានធ្វើការស្នើសុំឱ្យមានការពង្រឹង អំណាចលិខិតគតិយុត្តដែលមានស្រាប់ ដូចជា ការដាក់ឱ្យមានទោសទណ្ឌជាដើម ចាត់វិធានលុបបំបាត់ការលើការផ្សព្វផ្សាយ លក់បារីអេឡិចត្រូនិក លើបណ្ដាញទំនាក់ទំនងសង្គម បន្តអនុវត្តការងារចុះបង្ក្រាបការប្រើប្រាស់និងចែកចាយ និងបិទមិនឱ្យមានបារីអេឡិចត្រូនិក និងផលិតផល អេចឈ៍ ធី ភី ចូលក្នុងផ្ទៃប្រទេស និងស្នើសុំឱ្យមានការអប់រំផ្សព្វផ្សាយអំពីលិខិតគតិយុត្ត និងផលប៉ះពាល់នៃការប្រើប្រាស់ បារីអេឡិចត្រូនិក និងផលិតផល អេចឈ៍ ធី ភី ឱ្យបានកាន់តែច្រើនបន្ថែមទៀតទៅកាន់ប្រជាពលរដ្ឋ ជាពិសេសគឺកុមារ និងយុវជន ។

សូមរំលឹកថា មជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺ របស់សហរដ្ឋអាមេរិក (CDC) បានរាយការណ៍ថា បារីអេឡិចត្រូនិកផ្ទុកសាធាតុបង្ករគ្រោះថ្នាក់ជាច្រើន អាចបង្កឱ្យមានជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ មិនតែប៉ុណ្ណោះ បារីអេឡិច ត្រូនិកមានផ្ទុកនីកូទីន ដែលជាសារធាតុញៀន ហើយធ្វើអោយប៉ះពាល់ ដល់ការអភិវឌ្ឍខួរក្បាល របស់មនុស្សវ័យក្មេង៕

