ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ លើកយកប្រធានបទ៥ មកពិភាក្សា ក្នុងសន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ

ភ្នំពេញ ៖ ក្នុងកម្មវិធីបើកសន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២៣ របស់រដ្ឋបាល រាជធានីភ្នំពេញ បានលើកយកប្រធានបទចំនួន៥ មកពិភាក្សា ។ ប្រធានបទទាំងនោះរួមមាន ៖ ការដោះស្រាយបញ្ហាសំណល់រឹង-សំរាម , ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ , ការត្រៀមរៀបចំការប្រកួត កីឡាស៊ីហ្គេមលើកទី៣២ និងប៉ារ៉ាហ្គេមលើកទី១២ , គោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” និងការត្រៀមបង្ការ និងសង្គ្រោះគ្រោះមហន្តរាយ។

ក្នុងកម្មវិធិបើកសន្និបាត ធ្វើឡើងក្រោមវត្តមាន លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ ខណៈបិទសន្និបាតនឹង ត្រូវធ្វើឡើងក្រោមវត្តមានសម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាថ្ងៃបន្ទាប់ ។

ក្នុងសន្និបាទនេះ លោក ឃួង ស្រេង បានលើកឡើងពីការខិតខំប្រឹងប្រែង របស់អាជ្ញាធរនិងកងកម្លាំង ដែលបានលះបង់ គ្រប់បែបយ៉ាង ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ និងរក្សាសន្តិសុខសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋបានយ៉ាងល្អ ។

បន្ថែមពីនេះ លោកឃួង ស្រេង ក៏បានលើកឡើងពីគម្រោងជាច្រើន ដើម្បីអភិវឌ្ឍន៍រាជធានីភ្នំពេញ ឲ្យក្លាយជាទីក្រុង ស៊ីវីល័យ ការបើកវគ្គបណ្តុះបណ្តា និងផ្តល់សេវាជូនប្រជាពលរដ្ឋ បើកការដ្ឋានស្ថាបនាផ្លូវ លូ ស្ពានអាកាស និងសមិទ្ធផលផ្សេងៗ ជាច្រើនទៀត ជាមួយនិងការប្រកាសរាជធានីភ្នំពេញអស់មីន និងកម្មវិធីផ្តល់សាច់ប្រាក់ ជូនប្រជាពលរដ្ឋក្រីក្រ ជាដើម។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីសមិទ្ធផល និងស្នាដៃការងារខាងលើនេះ រដ្ឋបាល រាជធានីភ្នំពេញ ក៏នៅមានការងារសេសសល់ និង បញ្ហាបឈមមួយចំនួនទៀតផងដែរ ដែលទាមទាឲ្យក្រុមប្រឹក្សា និងគណៈអភិបាលរាជធានីភ្នំពេញ រៀបចំជាប្រធានបទ សម្រាប់ការពិភាក្សា នៅក្នុងអង្គសន្និបាតឆ្នាំនេះ ។

អង្គសន្និបាតបានសម្រេចបែងចែកក្រុមពិភាក្សា ដែលមានសមាសភាពចូលរួម ពីតំណាងក្រុមការងារថ្នាក់ជាតិ, អាជ្ញាធរ មូលដ្ឋាន, មន្ទីរ-អង្គភាព និងគ្រប់ភាគីពាក់ព័ន្ធ ក្រោមការសម្របសម្រួលដោយផ្ទាល់ ពីលោកប្រធានក្រុមប្រឹក្សា ដើម្បីទទួលយកធាតុចូលកាន់តែច្បាស់លាស់ ដោយផ្តោតជាសំខាន់ ទៅលើប្រធានបទចំនួន៥ដូចខាងលើ។

To Top