ព័ត៌មានជាតិ

នាយករដ្ឋមន្ដ្រី ៖ ការងារគ្រប់គ្រងបឹងទន្លេសាប ត្រូវគិតគូរលើការអភិរក្ស និងការរស់នៅអាស្រ័យផលរបស់ពលរដ្ឋ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងថា ការងារគ្រប់គ្រងបឹងទន្លេសាប ត្រូវគិតទៅលើការងារសំខាន់ចំនួន២ រួមមាន៖ ការងារអភិរក្ស និងការរស់នៅអាស្រ័យផល របស់ប្រជាពលរដ្ឋ។

នាឱកាសអញ្ជើញបើកជាផ្លូវការ នូវពិធីបុណ្យទន្លេលើកទី៧ ក្រោមប្រធានបទ «ទន្លេរបស់យើងដើម្បីបច្ចុប្បន្ន និងអនាគត» ប្រារព្ធធ្វើឡើងនៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ នាយប់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានណែនាំដល់ក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរជុំវិញបឹងទន្លេសាប ត្រូវបន្ដជំរុញការវាស់វែងដីចេញពីតំបន់២ និងតំបន់៣ នៃផ្ទៃបឹងទន្លេសាប ឱ្យចប់សព្វគ្រប់។

សម្ដេចតេជោ បញ្ជាក់ថា «ខ្ញុំសុំថ្លែងអំណរគុណ ដល់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ព្រមទាំងថ្នាក់ដឹកនាំនៃស្ថាប័នដែលមានការពាក់ព័ន្ធ អាជ្ញាធរខេត្តដែលបានខិតខំធ្វើការងារនេះដ៏ល្អ (ឆ្វៀលដីបឹងទន្លេសាប) ដែលមកដល់ពេលនេះ នៅសេសសល់មិនច្រើនប៉ុន្មានទេ ក៏ប៉ុន្តែខ្ញុំសុំឲ្យរំលឹកធ្វើឲ្យបានចប់សព្វគ្រប់»។

សម្ដេចតេជោ ពន្យល់ថា បឹងទន្លេសាប បានបែងចែកចេញជា ៣តំបន់ រួមមាន៖ តំបន់ទី១-អនុញ្ញាត ផ្ដល់កម្មសិទ្ធិជូនប្រជាជន ,តំបន់ទី២-គឺជាតំបន់ប្រជាជនអាស្រ័យផល ឯតំបន់ទី៣- គឺជាតំបន់ហាមប៉ះពាល់។ ប៉ុន្ដែត្រូវគិតថា តំបន់ទី៣ ក៏មាន ភូមិ-ឃុំ ខ្លះប្រជាជនរស់នៅ ២០០ ឬ៣០០ឆ្នាំ រួចស្រេចទៅហើយ ដូច្នេះមិនអាចទៅយកពួកគាត់ចេញឡើយ ត្រូវឆ្វៀលឱ្យពួកគាត់អាស្រ័យផលនៅទីនោះ ជាលក្ខណៈពិសេស។

សម្ដេចតេជោ បញ្ជាក់ទៀតថា «ក្នុងន័យនេះ ការគ្រប់គ្រងបឹងទន្លេសាប ត្រូវគិតទៅលើការងារសំខាន់២ គឺការអភិរក្ស និងការគិតគូរដល់ការរស់នៅអាស្រ័យផលរបស់ប្រជាពលរដ្ឋ»។

លើសពីនេះ សម្ដេច នាយករដ្ឋមន្ដ្រី ក៏បានណែនាំឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវបន្តផ្តល់អាទិភាពដល់ការអភិវឌ្ឍន៍តំបន់តាមដងទន្លេ ជាពិសេសបណ្តាខេត្តជុំវិញបឹងទន្លេសាប លើការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដែលបម្រើឱ្យវិស័យទេសចរណ៍ការតភ្ជាប់ និងការដឹកជញ្ជូន៕

To Top