ព័ត៌មានជាតិ

រាជរដ្ឋាភិបាលកម្ពុជា ប្រឆាំងដាច់ខាត ការរើសអើងសាសនា

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា រាជរដ្ឋាភិបាល ពង្រឹងសុខដុមនីយកម្ម រវាងសាសនិក នៃគ្រប់សាសនា ហើយប្រឆាំងការរើសអើង នូវការបែងចែកក្នុងចំណោមប្រជាពលរដ្ឋ កាន់សាសនា ខុសៗគ្នា ។

ក្នុងពិធីបុណ្យផ្កាមហាសាមគ្គី កសាងសាកលវិទ្យាល័យសម្ដេចព្រះសង្ឃរាជ បួរ គ្រី ស្ថិតនៅស្រុកអង្គស្នូល ខេត្តកណ្ដាល នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ សម្ដេច ស ខេង បានឱ្យដឹងថា ព្រះពុទ្ធសាសនាគណៈធម្មយុត្តិកនិកាយ បានបម្រើផ្នែកជំនឿ ដល់ពុទ្ធបរិស័ទគ្រប់ទិសទីទាំងអស់ មិនតែប៉ុណ្ណោះ ក៏ជាផ្នែកមួយដ៏សំខាន់បំផុត ក្នុងការចូលរួមរក្សាការពារ សន្តិភាពនៅកម្ពុជា ស្របតាមគោល នយោបាយរាជរដ្ឋាភិបាល។

សម្ដេច បន្ដថា ពិសេស បានចូលរួម ក្នុងសកម្មភាពជាតិសំខាន់ៗ ជាអាទិ៍៖ ការទប់ស្កាត់ការជួញដូរមនុស្ស ធ្វើជាទាសភាពក្នុងសម័យទំនើប ដោយបង្រៀន ពុទ្ធបរិស័ទឱ្យលើកកំពស់តម្លៃ របស់មនុស្សជាតិ ការពារ និងរក្សា សន្តិភាពជាតិ មិនបង្កអសន្តិសុខ ដល់សង្គមជាតិ និងធ្វើសកម្មភាព មនុស្សធម៌ផ្សេងៗ ។

សម្ដេច បានគូសបញ្ជាក់ថា «រាជរដ្ឋាភិបាលក៏បាន ពង្រឹងសុខដុមនីយកម្ម រវាងសាសនិក នៃគ្រប់សាសនា ប្រឆាំងការរើសអើង ប្រឆាំងការបែងចែក ក្នុងចំណោមប្រជាពលរដ្ឋ ដែលកាន់សាសនា ខុសគ្នា សំដៅប្រែក្លាយសក្តានុពល នៃសាសនាទាំងអស់ ឲ្យក្លាយទៅជាកម្លាំងជំរុញ ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច និងពង្រឹងសន្តិភាព សាមគ្គីភាព ថែរក្សាប្រពៃណីជាតិ លើកតម្កើងសីលធម៌ និងរាំងស្កាត់ការយកសាសនាទៅធ្វើអាជីវកម្ម»។

សម្ដេច ស ខេង បានកត់សម្គាល់ថា សន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ និងការរស់នៅ ដ៏សុខដុមរមនារបស់ប្រជាជន ត្រូវបានការពារយ៉ាងគត់មត់ ដោយកម្លាំងជាតិទាំងមូល ដែលបានរួមសាមគ្គីគ្នាយ៉ាងរឹងមាំជុំវិញរាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្ស ប្រជាជនកម្ពុជា។ ក្នុងនោះពាក្យស្លោក «អរគុណសន្តិភាព អរគុណនយោបាយ ឈ្នះ ឈ្នះ» ត្រូវបានគាំទ្រដោយប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ និងគ្រប់ទិសទី ៕

To Top