ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ក្នុងពិធីប្រកាស តែងតាំងផ្លាស់ប្តូរមុខតំណែង បំពាក់ឋានន្តរស័ក្តិ ជូននាយទាហាន នៃកងយោធពលខេមរភូមិន្ទ និងសម្ពោធសមិទ្ធផលនានា នៅសាលាពលទាហានទី៥ យោធភូមិភាគទី៥ កងទ័ពជើងគោក នាខេត្តបាត់ដំបង នៅ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣។

លោក សូមចូលរួមអបអរសាទរ ចំពោះការសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការ នូវសមិទ្ធផលនានាជាច្រើន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ជូន សាលាពលទាហានទី៥ ដែលកន្លងមកនេះ សម្រេចបាននូវសមិទ្ធផលការងារ គួរជាទីមោទនៈ តាមរយៈតួនាទីស្នូល ដ៏សំខាន់ក្នុងនាមជាថ្នាលហ្វឹកហ្វឺន បណ្តុះបណ្តាលជំនាញ ទ័ពថ្មើរជើង សម្រាប់យោធិនទូទាំងយោធភូមិភាគទី៥ ចាប់តាំងពីដំណាក់កាលដំបូង នៃបង្កើតយោធភូមិភាគនេះ នៅចុងទសវត្សរ៍ឆ្នាំ៨០។

លោក បន្តថា ការហ្វឹកហ្វឺន គឺជាមធ្យោបាយគន្លឹះនៃការធានា សមត្ថភាពកងទ័ព និងនិរន្តភាពនៃកិច្ចការពារជាតិ។ ក្នុងន័យនេះ សាលាហ្វឹកហ្វឺន គឺជាកន្លែងដ៏មានសារៈសំខាន់សម្រាប់បណ្តុះបណ្តាលយោធិន នៃកងយោធពលខេមរភូមិន្ទឱ្យមានឆន្ទៈស្មោះត្រង់មោះមុតដាច់ខាត ស្មារតីប្រយុទ្ធរឹងមាំ ទឹកចិត្តតស៊ូក្លាហាន និងប្រកបដោយជំនាញច្បាស់លាស់ តាមរយៈការអភិរក្សផ្នែកស្មារតី និងការធ្វើទំនើបកម្មផ្នែកសម្ភារ ដើម្បីបម្រើឱ្យបុព្វហេតុការពារជាតិ និងប្រជាជន ពីមួយជំនាន់ទៅមួយជំនាន់ ។

លោកឧត្តមសេនីយ៍ ក៏សូមចូលរួមអបអរសាទរ ជាមួយនាយទាហាន ដែលទទួលបានការទុកចិត្តពីព្រះមហាក្សត្រ រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និង បញ្ជាការដ្ឋានកងទ័ពជើងគោក ចំពោះការតែងតាំងមុខតំណែងថ្មី ក្នុងជួរថ្នាក់ដឹកនាំសាលាពលទាហានទី៥ ដែលស័ក្តិសមទៅ នឹងសមត្ថភាព, លក្ខណៈសម្បត្តិ, គុណបំណាច់ និងស្នាដៃដែលបានខិតខំប្រឹងប្រែង បំពេញជូនជាតិមាតុភូមិ ប្រកបដោយស្មារតីទទួលខុសត្រូវ នារយៈកាលកន្លងមក ហើយក៏ជាការផ្តល់នូវទំនុកចិត្ត និងឱកាសក្នុងការចូលរួមដឹកនាំពង្រឹង យោធភូមិភាគទី៥ និងសាលាពលទាហានទី៥ តទៅខាងមុខទៀត ។ ផ្តើមចេញពីមូលដ្ឋាននេះ សូមនាយក នាយករង ជាថ្នាក់ដឹកនាំសាលា ខិតខំបំពេញភារកិច្ច ០៣ សំខាន់៖ ទី១. ថែរក្សាសមិទ្ធផល ដែលថ្នាក់ដឹកនាំជំនាន់ មុនបានបន្សល់ទុកឱ្យ ទី២. កសាង និង ពង្រីកសមិទ្ធផលវិជ្ជមានបន្ថែមទៀត លើគ្រប់វិស័យ ជាមួយនឹងការ ធ្វើទំនើបកម្មឥតឈប់ឈរ ទាំងលើកត្តាមនុស្ស និងកត្តាសម្ភារ និង ទី៣. ខិតខំរៀបចំមូលដ្ឋានសម្រាប់កម្លាំងបន្តវេន។

លោកបន្ថែមថា អនុលោមតាមរដ្ឋធម្មនុញ្ញ, គោលការណ៍ច្បាប់ និងនយោបាយការពារជាតិ របស់ព្រះរាជាណាចក្រកម្ពុជា គឺកងយោធពលខេមរភូមិន្ទ ក្នុងនាមជាកម្លាំង របស់ជាតិ និងប្រជាជន មានកាតព្វកិច្ច៖ (i) រក្សាភាពស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងមានភាពដាច់ខាត ក្នុងការធានាការពារ រដ្ឋធម្មនុញ្ញ និងរាជរដ្ឋាភិបាល ស្របច្បាប់ និង (ii) បន្តប្រុងប្រៀបត្រៀម លក្ខណៈធានាអនុវត្តយ៉ាងម៉ឺងម៉ាត់ នូវបទបញ្ជា របស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន ដើម្បីធានាការពារសន្តិភាព និរន្តរភាព និង ផលប្រយោជន៍ដ៏ខ្ពង់ខ្ពស់របស់ជាតិ៕















