ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ បានប្រកាសមិនអត់ឱនឲ្យលោកយឹម ស៊ីណន និង លោកហ៊ុន កុសល ជាដាច់ខាតដែលបានប្រមាថលើព្រះចេស្ដាព្រះមហាក្សត្រ និងមាក់ងាយសម្ដេចក្នុងនាមជានាយករដ្ឋមន្រ្តី។
ការប្រកាសនេះ ធ្វើឡើងបន្ទាប់ពីសមត្ថកិច្ច បានធ្វើការនាំខ្លួន យុវជនពីររូប គឺ លោក យឹម ស៊ីណន ដែលបច្ចុប្បន្នជាមនុស្សជំនិតលោក កឹម សុខា និងលោក ហ៊ុន កុសល អតីតសកម្មជន នៃអតីតគណបក្សសង្គ្រោះជាតិ ក្រោយពួកគេបានបង្ហោះសារ លើបណ្ដាញសង្គមពាក់ព័ន្ធ អង្គព្រះមហាក្សត្រ ពាក់ព័ន្ធទៅនឹងការបាំងឆត្រ ។
ថ្លែងចេញពីរាជធានីភ្នំពេញ សម្តេចតេជោគូសបញ្ជាក់ថា មិនមែននិយាយដើម្បីឲ្យតុលាការអនុវត្តទោសលើពួកគេនោះទេ តែសម្តេចលើកឡើងនេះ ដើម្បីចង់បកស្រាយឲ្យពលរដ្ឋខ្មែរបានដឹង ព្រោះអ្នកទាំង២ ដែលនិយាយប៉ះពាល់ដល់អង្គព្រះមហាក្សត្រនេះមិនមែនជាការបញ្ចេញមតិនោះទេ គឺជាការប្រមាថ ហើយដូច្នេះសង្ឃឹមថា តុលាការ និងសមត្ថកិច្ចចេះដោះស្រាយហើយ។
ក្នុងនោះសម្ដេចតេជោ ក៏បានទាមទារឲ្យបុគ្គលទាំងនោះបកស្រាយឲ្យបានច្បាស់លាស់ ដើម្បីធានា បានថា «ព្រះមហាក្សត្រមិនត្រូវបានគេប្រមាថ ហើយនាយករដ្ឋមន្រ្តី ក៏មិនត្រូវបានគេមាក់ងាយដែរ«។
សម្ដេចតេជោបានចោទជាសំនួរថា «តើកន្លែងណា ដែលអ្នកនិយាយថាជាការប្រមាថព្រះចេស្ដា របស់អង្គព្រះមហាក្សត្រ … តើនៅកន្លែងដែលដើរទៅរួចហើយមានការបាំងខ្លោះ ឬការរៀបចំពិធីការ»។
សម្ដេចតេជោសង្កត់ធ្ងន់ថា «ខ្ញុំសូមបញ្ជាក់ ខ្ញុំមិនអត់ឱនឲ្យអ្នកណាជាដាច់ខាតលើការប្រមាថ អស់ទាំងនេះ ត្រូវតែប្រើផ្លូវច្បាប់ ហើយក៏មិនទទួលយកការសុំទោសអ្នកណាទាំងអស់ សូមប្រកាសឲ្យហើយ»។
សម្ដេចថា នេះមិនមែនជាសិទ្ធិបញ្ចេញមតិនោះទេ តែជាការមូលបង្កាច់ ដោយចេតនាដែលមានចរិកបំផ្លិចបំផ្លាញ ប្រមាថមាក់ងាយ ចំពោះអង្គព្រះមហាក្សត្រ និងបំផ្លាញចោលនូវកេរ្ដិ៍ឈ្មោះរបស់នាយករដ្ឋមន្រ្តី។
សូមបញ្ជាក់ថា លោក យឹម ស៊ីណន បានបង្ហោះនៅលើហ្វេសប៊ុករបស់លោកថា «បើតាមសំឡេងពលរដ្ឋតាមហាង កាហ្វេគឺថ្ងៃនេះយើងអាច ឃើញច្បាស់ថានរណាជាស្តេចផែនដីពិតប្រាកដ»។
ចំណែកលោក ហ៊ុន កុសលវិញបង្ហោះដែរថា «ឃើញពួកគេធ្វើបាបព្រះទ័យ នឹងបន្ទាបព្រះចេស្តាព្រះមហាក្សត្រ ខ្មែរគ្រប់ច្រកបែបនេះ ។ ទូលបង្គំជាអ្នកនយោបាយជំនាន់ក្រោយ ប្តេជ្ញានឹងបើសមត្ថភាព ដែលមានទាំងប៉ុន្មាន ចូលរួមពូនផ្តុំជាមួយលោកប្រធាន កឹម សុខា ការពារព្រះចេស្ដាក្សត្រ និងព្រះរាជបល្ល័ង្កដែលប្រជារាស្ត្រខ្មែរមិនអាចខ្វះបាន»។
ក្រោយឃើញបែបនេះ សម្តេចបានខំមិនតបទៅលោក យឹម ស៊ីណនថា ការបង្ហោះពាក់ព័ន្ធលើបញ្ហានេះ ជារឿងបំភ្លៃ។ សម្តេចបានបញ្ជាក់ថា៖ «មានតែព្រះមហាក្សត្រទេ ដែលព្រះអង្គដឹងច្បាស់»។ សម្តេចក៏បានឆ្លើយឆ្លងបន្ថែមទៀតថា៖ «បើគ្មានទោសទើបចម្លែកព្រោះ នេះមិនមែនជា របៀបបញ្ចេញមតិទេតែជាការបំភ្លៃ ការពិតមួយដោយចេតនា។ ទោះយ៉ាងណាយើងទុកជូនតុលាការជាអ្នកកាត់ក្តី»៕