ព័ត៌មានជាតិ

សម្ដេចតេជោ ណែនាំឱ្យមានដំណោះស្រាយ ដល់ប្រជានេសាទ នៅតំបន់អភិរក្សផ្សោត

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យមានដំណោះស្រាយដល់ប្រជានេសាទនៅតំបន់អភិរក្សផ្សោត ដោយផ្ដល់ជាបណ្ណក្រីក្រ ដើម្បីកាត់បន្ថយការនេសាទនៅតំបន់អភិរក្សនោះ។

ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ ២០២៣ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងថា «ស្នើឱ្យមានដំណោះស្រាយដល់ប្រជានេសាទនៅតំបន់អភិរក្សផ្សោត ដោយផ្ដល់ជាបណ្ណក្រីក្រ ដើម្បីកាត់បន្ថយការនេសាទនៅតំបន់អភិរក្សនោះ ដែលបង្ករនៅផលប៉ះពាល់ដល់និរន្តរភាពសត្វផ្សោយ»។

នាឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានណែនាំក្រសួងកសិកម្ម ត្រូវជំរុញការអភិវឌ្ឍន៍វារីវប្បកម្មឱ្យកាន់តែទូលាយ ដោយប្រើប្រាស់ពូជវារីជាតិ ដែលមានប្រសិទ្ធភាពសេដ្ឋកិច្ច និងតម្រូវការទីផ្សារខ្ពស់ និងជួយពង្រឹងសមត្ថភាពវិស័យឯកជន លើស្តង់ដារគុណភាព និងសុវត្ថិភាព ដើម្បីអភិវឌ្ឍខ្សែច្រវាក់តម្លៃជលផលសំដៅទៅរកការនាំចេញ។

សម្ដេចតេជោ បន្ដថា ជាមួយនេះត្រូវបង្កើនការអប់រំផ្សព្វផ្សាយ និងលើកទឹកចិត្តប្រជាពលរដ្ឋឱ្យចូលរួមអភិរក្សធនធានជលផល ប្រកបដោយចីរភាព ព្រមទាំងពង្រឹងការទប់ស្កាត់បទល្មើសជលផល និងការអនុវត្តច្បាប់ដោយពង្រឹង កិច្ចសហការល្អជាមួយគ្រប់ភាគីពាក់ព័ន្ធ និងផ្តល់ជម្រើសមុខរបរផ្សេងដល់ប្រជានេសាទ៕

To Top