ព័ត៌មានជាតិ

គណៈរដ្ឋមន្ត្រី អនុម័តទាំងស្រុងលើ ការអភិវឌ្ឍគម្រោងវារីអគ្គិសនី ស្ទឹងឫស្សីជ្រុំកណ្ដាល និងគម្រោងវារីអគ្គិសនីស្ទឹងវាលថ្មកំបុត

ភ្នំពេញ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី៧ មេសានេះ បានសម្រេចអនុម័តទាំងស្រុងលើ​ «ការអភិវឌ្ឍគម្រោងវារីអគ្គិសនីស្ទឹងឬស្សីជ្រុំកណ្ដាលអានុភាព ៧០មេហ្គាវ៉ាត់ នៅស្រុកមណ្ឌលសីមា និងគម្រោងវារីអគ្គិសនី ស្ទឹងវាលថ្មកំបុតអានុភាព ១០០មេហ្គាវ៉ាត់ នៅស្រុកថ្មបាំង ខេត្តកោះកុង ផ្គួបគ្នា និងស្តីពី «គម្រោងវិនិយោគស្ថានីយ ផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យអានុភាព១៥០មេហ្គាវ៉ាត់ ខេត្តពោធិ៍សាត់, អានុភាព៦០មេហ្គាវ៉ាត់ ខេត្តកំពង់ឆ្នាំង, អានុភាព ៦០មេហ្គាវ៉ាត់ ខេត្តស្វាយរៀង និងអានុភាព ៨០មេហ្គាវ៉ាត់ ខេត្តព្រៃវែង» ។

គម្រោងវិនិយោគក្នុងវិស័យអគ្គិសនីថ្មីចំនួន ៥គម្រោងបន្ថែមទៀតគឺ៖(១)គម្រោងវារីអគ្គិសនី ស្ទឹងឬស្សីជ្រុំកណ្ដាលទំហំ ៧០មេហ្គាវ៉ាត់ និងគម្រោងវារីអគ្គិសនីស្ទឹងវាលថ្មកំបុតអានុភាព ១០០មេហ្គាវ៉ាត់ផ្គួបបញ្ចូលគ្នា (២)គម្រោងស្ថានីយអគ្គិសនីពន្លឺព្រះអាទិត្យ នៅខេត្តពោធិ៍សាត់ ទំហំ១៥០មេហ្គាវ៉ាត់ (៣)គម្រោងស្ថានីយអគ្គិសនីពន្លឺព្រះអាទិត្យ នៅខេត្តកំពង់ឆ្នាំង ទំហំ ៦០មេហ្កាវ៉ាត់ (៤)គម្រោងស្ថានីយ អគ្គិសនីពន្លឺព្រះអាទិត្យ នៅខេត្តស្វាយរៀង ទំហំ ៦០មេហ្កាវ៉ាត់ (៥)គម្រោងស្ថានីយអគ្គិសនីពន្លឺ ព្រះអាទិត្យ នៅខេត្តព្រៃវែង ទំហំ ៨០មេហ្កាវ៉ាត់។

ដើម្បីធានានិរន្តភាពនៃការរៀបចំអភិវឌ្ឍគម្រោង វិស័យថាមពលអគ្គិសនីបន្តទៀត ទៅតាមពេលវេលាដែលបានគ្រោងក្នុងផែនការមេ ធ្វើយ៉ាងណាឱ្យការ ផ្គត់ផ្គង់ថាមពលមានគ្រប់គ្រាន់។ យោងទៅតាមស្ថានភាពនៃការរៀបចំគម្រោង និងពេលវេលា ដែលត្រូវ ការគម្រោងក្រសួងរ៉ែ និងថាមពល រៀបចំនៅពេលនេះនូវការអភិវឌ្ឍគម្រោងចំនួន ៥ ដែលមាននៅក្នុង កញ្ចប់គម្រោងចំនួន ២កញ្ចប់ ដូចខាងក្រោម ក្នុងចំណោមគម្រោង ៤កញ្ចប់ដែលអភិវឌ្ឍ តាមយន្តការ ចាស់៖

  • កញ្ចប់គម្រោងវារីអគ្គិសនីភូមិភាគនិរតី : គម្រោងវារីអគ្គិសនីស្ទឹងឬស្សីជ្រុំកណ្ដាល(៧០ មេហ្កាវ៉ាត់) និងគម្រោងវារីអគ្កិសនីស្ទឹងវាលថ្មកំបុត (១០០មេហ្កាវ៉ាត់)នៅខេត្តកោះកុង ផ្គួបបញ្ចូលគ្នាជាគម្រោង
    តែមួយ។
  • កញ្ចប់គម្រោងស្ថានីយពន្លឺព្រះអាទិត្យ : គម្រោងអភិវឌ្ឍស្ថានីយអគ្គិសនីពន្លឺព្រះអាទិត្យ នៅខេត្តពោធិ៍សាត់ ១៥០មេហ្កាវ៉ាត់ ១គម្រោង នៅខេត្តកំពង់ឆ្នាំង ៦០មេហ្កាវ៉ាត់ ១គម្រោង នៅខេត្តស្វាយរៀង ៦០មេហ្កាវ៉ាត់ ១គម្រោង និងខេត្តព្រៃវែង ៨០មេហ្កាវ៉ាត់ ១គម្រោង ៕
To Top