ព័ត៌មានជាតិ

កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ជួបប្រជុំប្រចាំឆ្នាំ​​ ជាមួយយោធភូមិភាគទី៩ នៃកងទ័ពប្រជាជនវៀតណាម

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ មានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ច សហប្រតិបត្តិការឆ្នាំ២០២២ និងលើកទិសដៅបន្តឆ្នាំ២០២៣ រវាងបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ដឹកនាំដោយ លោកនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ជាមួយនឹងបញ្ជាការដ្ឋានយោធភូមិភាគទី៩ នៃកងទ័ពប្រជាជនវៀតណាម ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ង្វៀន ស៊ុនយ៉ាត់ មេបញ្ជាការយោធភូមិភាគទី៩ នៃកងទ័ពប្រជាជនវៀតណាម។

ក្នុងនាមម្ចាស់ផ្ទះនៃកិច្ចប្រជុំប្តូរវេនប្រចាំឆ្នាំ លោកនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានសម្តែងនូវការស្វាគមន៍ជូនចំពោះគណៈប្រតិភូយោធភូមិភាគទី៩ នៃកងទ័ពប្រជាជនវៀតណាម ដែលបានអញ្ជើញមកចូលរួមកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ស្របពេលដែលប្រជាពលរដ្ឋ, មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសកម្ពុជា កំពុងរៀបចំអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ហើយព្រះរាជាណាចក្រកម្ពុជា ក៏នឹងត្រៀមធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅក្នុងខែឧសភា និងមិថុនា ខាងមុខនេះ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា ។

ជាការឆ្លើយតប លោកឧត្តមសេនីយ៍ទោ ង្វៀន ស៊ុនយ៉ាត់ បានថ្លែងអំណរគុណចំពោះកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ចំពោះការទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ និងបានលើកឡើងអំពីសារៈសំខាន់នៃការចាប់ផ្តើមបង្កើនកិច្ចសហប្រតិបត្តិការឡើងវិញ នៅក្នុងក្របខ័ណ្ឌ នៃទំនាក់ទំនងការទូត ផ្នែកយោធារវាងប្រទេសទាំងពីរ បន្ទាប់ពីមានការរអាក់រអួលមួយចំនួន ដោយសារការរាតត្បាតជាសាកល នៃជំងឺកូវីដ-១៩។

ឆ្លងតាមរបាយការណ៍ បូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០២២ ភាគីទាំងពីរបានធ្វើការវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារ ដែលបណ្តាអង្គភាពទ័ពចំណុះភាគីទាំងពីរខិតខំសម្រេចបានពេញមួយឆ្នាំកន្លងទៅនេះ ដោយបានប្រាស្រ័យទាក់ទងគ្នា ជាប្រចាំតាមរយៈយន្តការគ្រប់កម្រិត និងបានបន្តសកម្មភាពកិច្ចសហប្រតិបត្តិការ យ៉ាងល្អជិតស្និទ្ធ ក្នុងការល្បាតតាមបណ្តោយព្រំដែន ដើម្បីទប់ស្កាត់បានទាន់ពេលវេលា នូវបទល្មើសឆ្លងដែននានា រួមទាំងការផ្តល់ជំនួយឧបត្ថម្ភគាំទ្រ គ្នាទៅវិញទៅមកក្នុងកាលៈទេសៈលំបាកនានា ផងដែរ។ លទ្ធផលនេះ ពិតជាបានចូលរួម ចំណែកយ៉ាងសំខាន់ ក្នុងការថែរក្សា បាននូវព្រំដែនមិត្តភាព សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ព្រមទាំងកាត់បន្ថយនូវ រាល់បទល្មើសឆ្លងដែនផ្សេងៗ ដែលជាការបង្កលក្ខណៈងាយស្រួលឱ្យប្រជាជន នៃប្រទេសទាំងពីរបានផ្លាស់ប្តូរសេដ្ឋកិច្ច និងប្រកបរបរអាជីវកម្ម ទៅវិញទៅមក រួមចំណែកដល់ការលើកកម្ពស់ ជីវភាពរបស់ប្រជាជនទាំងសងខាង។

សម្រាប់ទិសដៅ ឆ្នាំ២០២៣ ភាគីទាំងពីរបានឯកភាព លើការបន្តកិច្ចខិតខំប្រឹងប្រែង សហការអនុវត្តភារកិច្ចស្រប តាមខ្លឹមសារ នៃសេចក្តីថ្លែង ការណ៍រួមរវាង ប្រទេសទាំងពីរឆ្នាំ២០១៩, ពិធីសារស្តីពីកិច្ចសហប្រតិបត្តិការ ការពារជាតិទ្វេភាគីដំណាក់កាល២០២០-២០២៤ និងផែនការកិច្ច សហប្រតិបត្តិការ ប្រចាំឆ្នាំ២០២៣ រវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ ឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផល សំដៅនាំមកនូវការរីកចម្រើន កាន់តែសកម្ម នៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ ដោយផ្តោតលើអាទិភាពមួយចំនួន ដូចជា៖ កិច្ចសហការលើការងារ ការពារព្រំដែន គោកនៃប្រទេសទាំងពីរ, កិច្ចសហការលើការផ្តល់ជំនួយមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយ នៅតាមបណ្តោយព្រំដែន , ការចូលរួមបង្ក លក្ខណៈ ដល់ភារកិច្ចខ័ណ្ឌសីមា និងការបោះបង្គោលព្រំដែន ឱ្យបានឆាប់ចប់ជាស្ថាពរ ទៅតាមផែនការការងារ របស់រដ្ឋាភិបាល នៃប្រទេសទាំងពីរ, ការជំរុញកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំង បទល្មើសឆ្លងដែនគ្រប់ប្រភេទ, ការហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស និងការផ្លាស់ប្តូរគណៈប្រតិភូ ទៅវិញទៅមក ជាដើម។

ក្នុងជំនួបនេះ ភាគីទាំងពីរ ក៏បានសម្តែងនូវមោទកភាពចំពោះការរីកចម្រើននៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ស្របតាមគោលការណ៍ និងទិសដៅកិច្ចសហប្រតិបត្តិការសំខាន់ៗ ដែលរដ្ឋាភិបាល និងក្រសួងការពារជាតិ នៃប្រទេសទាំងពីរបានកំណត់យក ជាពិសេសការបន្តពង្រឹង និងលើកកម្ពស់ទំនាក់ទំនងទ្វេភាគី ស្របទៅតាមពាក្យស្លោក “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង”៕

To Top