ព័ត៌មានជាតិ

អគ្គនាយក ប.ស.ស.៖ កម្លាំងសាមគ្គី ជារឿងសំខាន់បំផុតដែលអាចឱ្យយើង សម្រេចជោគជ័យ

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីភាព បើកកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពការងារ ប្រចាំខែមេសា លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្ដិសុខសង្គម បានថ្លែងការសាទរផងដែរ ចំពោះការរៀបចំព្រឹត្តិការណ៍ បើកស៊ីហ្គេម លើកទី៣២ របស់កម្ពុជា ដែលកើតឡើង ពីការសាមគ្គីភាព និងការចូលរួមរបស់ប្រជាពលរដ្ឋ អត្តពលិក កីឡាករ កីឡាការិនីបានបង្ហាញចេញ ពីភាពអច្ឆរិយដ៏អស្ចារ្យ និងបានឆក់យកការចាប់អារម្មណ៍ ពីបណ្តាប្រទេសក្នុងតំបន់អាស៊ាន រួមទាំងបណ្តាប្រទេសផ្សេងៗទៀត នៅលើសកលលោក ឱ្យស្គាល់កម្ពុជាកាន់តែច្បាស់ ដែលពុំនឹកស្មានថាកម្ពុជាធ្វើបានដល់កម្រិតនេះ ហើយព្រឹត្តិការណ៍នេះ ប្រហែលទៅនឹងព្រឹត្តិការណ៍កីឡាអូឡាំពិច ដែលប្រទេសផ្សេងៗបារម្ភ ថាពុំអាចធ្វើដូចប្រទេសកម្ពុជា។

លោកអគ្គនាយក បានបញ្ជាក់ទៀតថា៖ ភាពជោគជ័យដ៏អស្ចារ្យនេះ គឺបានកើតចេញពីបេះដូង ដ៏ទូលាយរបស់ សម្ដេចតេជោ បានរ៉ាប់រងរាល់ចំណាយទាំងអស់ ទាំងការស្នាក់នៅ ការហូបចុក ចំពោះអត្តពលិក ដែលមានតែប្រទេសកម្ពុជាប៉ុណ្ណោះ ធ្វើរឿងនេះឡើងដំបូងគេ ហើយនេះជាសមិទ្ធិផលដែលមិនអាចបំភ្លេចបាន របស់រាជរដ្ឋាភិបាល ក៏ដូចជាប្រជាជនកម្ពុជា ក្រោមការដាក់ចេញ នូវគោលនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ នាយករដ្ឋមន្រ្ដី ក្នុងការរក្សាបានលំនឹងម៉ាក្រូសេដ្ឋកិច្ច  ស្ថិរភាពនយោបាយ  និងសន្ដិភាពពេញលេញ ដែលបានមកពីការួបរួមសាមគ្គីគ្នាក្រោមម្លប់សន្ដិភាព ទើបកម្ពុជាអាចបង្ហាញមុខមាត់ថ្មី លើឆាកអន្ដរជាតិចំពោះព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នេះ។

លោកអគ្គនាយក បានថ្លែងទៀតថា សម្រាប់ ប. ស. ស. ក៏ដូចគ្នាផងដែរ កត្តាសាមគ្គីភាពផ្ទៃក្នុង ជារឿងសំខាន់បំផុត ជារឿងសំខាន់បំផុត ដែលយើងទាំងអស់គ្នា កំពុងបម្រើការងារក្នុងអង្គភាព ផ្តល់សេវាជាលក្ខណៈសង្គម ត្រូវយកចិត្តទុកដាក់ និងរួបរួមគ្នាអនុវត្តដូចនេះ យើងត្រូវចេះយោគយល់គ្នា តាមរយៈការសហការគ្នា អធ្យាស្រ័យជួយគ្នាទៅវិញទៅមក រក្សាស្មារតីសាមគ្គីភាពផ្ទៃក្នុងរួសរាយរាក់ទាក់ និងបង្កើនភាពស្និទ្ធស្នាល ដោយមានទំនាក់ទំនងល្អ ទៅវិញទៅមកក្នុងអង្គភាព រួមចិត្តរួមកម្លាំងដោយឈរលើមូលដ្ឋានតែមួយ ដែលនេះជាស្មារតីរួម ត្រូវប្រតិបត្តិឱ្យបាន ទើបប្រសិទ្ធភាពការងារមាននិរន្តភាព និងធ្វើប្រព័ន្ធសន្ដិសុខសង្គមកម្ពុជា កាន់តែរីកចម្រើនទៅមុខបន្ថែមទៀត។

លោកអគ្គនាយក ក៏បានថ្លែងការកោតសរសើរ ចំពោះថ្នាក់ដឹកនាំ ព្រមទាំងបុគ្គលិកក្រោមឱ្យវាទទាំងអស់ ដែលកន្លងមក បានខិតខំបំពេញការងារ ជូនស្ថាប័នប្រកបដោយប្រសិទ្ធភាព ជាមួយនឹងស្មារតីទទួលខុសត្រូវខ្ពស់ រហូតសម្រេចបាននូវលទ្ធផលគួរជាទីមោទកៈ។

សូមបញ្ជាក់ថា កិច្ចប្រជុំខាងលើ ប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ នៅសាលប្រជុំសន្តិភាព ស្នាក់ការកណ្តាលប.ស.ស. រាជធានីភ្នំពេញ ដោយមានវត្តមានចូលរួមពីថ្នាក់ដឹកនាំ ប.ស.ស. ស្នាក់ការកណ្ដាលដោយផ្ទាល់ និងថា្នក់ដឹកនាំសាខាប.ស.ស. ខេត្ត ខណ្ឌ តាមរយៈប្រព័ន្ធវីដេអូអនឡាញ សរុបប្រមាណជាង ២០០នាក់៕

To Top