ព័ត៌មានជាតិ

ផ្លូវជាតិលេខ៣១ សម្រេចបាន២៣% ខណៈលេខ៣៣ បាន៣១% គ្រោងបញ្ចប់មុនកំណត់

ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ត្រឹមចុងខែឧសភា ឆ្នាំ២០២៣នេះ ផ្លូវជាតិលេខ៣១ សម្រេចបានជាង ២៣% និងផ្លូវជាតិលេខ៣៣ សម្រេចបានជាង ៣១% ហើយលទ្ធផលបង្ហាញថា គម្រោងទាំងពីរនេះ អាចនឹងបញ្ចប់មុនពេលកំណត់ផងដែរ។

នាឱកាសអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងចុះពិនិត្យវឌ្ឍនភាពការងារ គម្រោងស្ដារ និងលើកកម្រិតគុណភាព ផ្លូវជាតិលេខ៣១ និង៣៣ ក្នុងខេត្តកំពត និងកែប និងចុះពិនិត្យដំណើរការផលិត នៃរោងចក្រផលិតបេតុងកៅស៊ូ AC (Asphalt Concrete) នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការបញ្ជាក់ថា គិតត្រឹមថ្ងៃ២៦ ឧសភា គម្រោងស្ដារ និងលើកកម្រិតគុណភាព ផ្លូវជាតិលេខ៣១ សម្រេចបាន ២៣,១២%។ ចំពោះគម្រោងស្ដារ និងលើកកម្រិតគុណភាព ផ្លូវជាតិលេខ៣៣ គិតត្រឹមថ្ងៃទី២៥ ឧសភា សម្រេចបាន ៣១,៧៣%។

ទេសរដ្ឋមន្ដ្រី ក៏បានស្នើការយោគយល់ និងអធ្យាស្រ័យខ្ពស់ពីប្រជាពលរដ្ឋដែលទទួលរងការរំខាន និងផលប៉ះពាល់ផ្សេងៗពីគម្រោងការដ្ឋាន។

តាមរយៈតួលេខខាងលើ បង្ហាញ ឲ្យឃើញថា គម្រោងទាំងពីរកំពុងតែអនុវត្តលឿន ជាងផែនការដែលបានគ្រោងទុក ។ នេះគឺជាសញ្ញាណវិជ្ជមានមួយ ដែលអាចនាំឲ្យគម្រោង នឹងបញ្ចប់មុនពេលកំណត់ក្នុងកិច្ចព្រមព្រៀង ។ បើទោះជាយ៉ាងនេះក៏ដោយ ថ្នាក់ដឹកនាំនៅតែបន្តការណែនាំដល់ មន្ត្រីជំនាញបច្ចេកទេស ក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ត្រូវបន្តបង្កើន ការយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត លើការអនុវត្តការងារ ឱ្យបានត្រឹមត្រូវតាមលក្ខណៈបទដ្ឋានបច្ចេកទេស ពិសេសត្រូវគិតគូរហ្មត់ចត់ ពីសុវត្ថិភាពនៅតាមការដ្ឋាន និងការស្រោចទឹកកាត់បន្ថយដីហុយ ដើម្បីជៀសវាងការរំខានដល់ពលរដ្ឋ ។

ដោយឡែក ចំពោះរោងចក្រផលិតបេតុងកៅស៊ូ AC ថ្នាក់ដឹកនាំ ក៏ដូចជាមន្ត្រីជំនាញ បាននិងកំពុងយកចិត្តទុកដាក់ក្នុងការ ពង្រឹងលទ្ធភាព និងសមត្ថភាពក្នុងការផលិត ដើម្បីអាចបំពេញតម្រូវការប្រើប្រាស់នាពេលអនាគត។ ផលិតផលដែលកើតចេញពីរោងចក្រនេះ គឺជាប្រភេទកៅស៊ូត្រជាក់ ដែលអាចប្រើប្រាស់សម្រាប់ប៉ះជង្ហុកសំបុកមាន់ នៅក្នុងរដូវវស្សា។

សូមបញ្ជាក់ថា ផ្លូវជាតិលេខ៣១ មានប្រវែងសរុបប្រមាណ ៥៣,៥៣គីឡូម៉ែត្រ គ្រោងចំណាយថវិកាប្រមាណជាង ៦០លានដុល្លារ និងផ្លូវជាតិលេខ៣៣ គ្រោងចំណាយប្រមាណ ជាង ៦១លានដុល្លារ ដែលជាឥណទាន សម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិត ចិន រួមជាមួយនឹងថវិកា បដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយ ផលប៉ះពាល់ និងពន្ធអាករផ្សេងៗ៕

To Top