ព័ត៌មានជាតិ

ក្រុមហ៊ុន ៣ទៀត បោះទុនជាង១៥លានដុល្លារ បង្កើតរោងចក្រកាត់ដេរ សម្លៀកបំពាក់ និងផលិតគ្រឿង បន្សំស្បែកជើង នៅកម្ពុជា

ភ្នំពេញ ៖ ក្រុមហ៊ុនចំនួន ៣បន្ថែមទៀត បានសម្រេចបោះទុនវិនិយោគជាង ១៥លានដុល្លារ ដើម្បីបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ និងរោងចក្រផលិតគ្រឿង បន្សំស្បែកជើងនៅកម្ពុជា ព្រមទាំងអាចបង្កើតឱកាសការងារជាង២ពាន់កន្លែង ។

យោងតាមហ្វេសប៊ុក ក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា តាមសំណើសុំវិនិយោគ របស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រ ចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១- “BOLITO GARMENT CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវលំ ភូមិម្លូម៉ឺន ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១.៣៣៦កន្លែង។

២- “XIN LI AN SHOES CO., LTD” គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកប់អំបិល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៤៦៨កន្លែង។

៣- “NEW HM KNITTING CLOTHING (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិកែវឧត្តម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១.៤៣១កន្លែង ៕

To Top