ព័ត៌មានជាតិ

លោក ឃួង ស្រេង ណែនាំពលរដ្ឋ ពិចារណាឱ្យច្បាស់លាស់ មុនយកប្លង់ដី ទៅបញ្ចាំនៅធនាគារ

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអំពាវនាវឲ្យប្រជាពលរដ្ឋ រៀបចំផែនការគ្រួសារច្បាស់លាស់ ពោលគឺត្រូវគិតពិចារណាល្អិតល្អន់ មុននឹងយកវិញ្ញាបនបត្រសម្គាល់ ម្ចាស់អចលនវត្ថុ ទៅបញ្ចាំនៅធានាគារ បើមិនដូច្នេះទេ នឹងជួបបញ្ហាធ្ងន់ធ្ងរ ក្នុងជីវភាពរស់នៅ ជាមួយនឹងបំណុលធានាគារ ។

ការអំពាវរបស់លោក ឃួង ស្រេងធ្វើឡើងនារសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ ក្នុងឱកាសដែលលោក អញ្ជើញជាអធិបតីភាព ក្នុងពិធីចែកវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋ រស់នៅសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ជាង១០០០ប័ណ្ណ នៅក្នុងបរិវេណ សាលាសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ។

លោក ឃួង ស្រេង បានលើកឡើងថា ការចែកវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋ នាពេលនេះ គឺជាសមិទ្ឋផលថ្មីមួយទៀត របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ និងជាអគ្គមគ្គុទ្ទេស៍ដ៏ឆ្នើម សំដៅផ្តល់កម្មសិទ្ឋិស្របច្បាប់ និងកាត់បន្ថយភាពក្រីក្រ ជូនប្រជាពលរដ្ឋ ។

លោកអភិបាលរាជធានីភ្នំពេញ មានប្រសាសន៍ថា បងប្អូនប្រជាពលរដ្ឋមុន នឹងយកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ទៅបញ្ចាំនៅធានាគារ ត្រូវគិតពិចារណាឲ្យបានល្អិតល្អន់ កុំឲ្យមានបញ្ហា ពាក់ព័ន្ធបំណុលធានាគារ ។ បំណុលធានាគារ បើយកលុយមក ចាយវាយមិនត្រឹមត្រូវ នាំឲ្យមានបញ្ហាធ្ងន់ធ្ងរ ក្នុងជីវភាពរស់នៅ ជាមួយនឹងបំណុលនេះ។ សម្រាប់រាជរដ្ឋាភិបាល ក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន គឺចង់ឲ្យប្រជាពលរដ្ឋកម្ពុជាទាំងអស់រីកចំរើន ក្នុងមុខរបរ ក្រោមម្លប់សន្តិភាព ពិសេសសម្រេច បាននូវចក្ខុវិស័យរបស់ខ្លួន ដោយប្រែក្លាយកម្ពុជា មានចំណូលមធ្យមកំរិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ ២០៥០ខាងមុខ ។

ជាមួយគ្នានោះ​ លោកធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ បាន​ឱ្យដឹងថា​ ពាក់ព័ន្ធនិងវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុសម្រាប់ខណ្ឌព្រែកព្នៅ មាន២សង្កាត់ បានចុះបញ្ជីដីធ្លី និងចែកប័ណ្ណរួចហើយ គឺសង្កាត់ព្រែកព្នៅ និងសង្កាត់គោករកា ។ សម្រាប់សង្កាត់ពន្សាំង ជាសង្កាត់ ទី៣ ដែលកំពុងដំណើរការចុះបញ្ជីដីធ្លី លក្ខណៈជាប្រព័ន្ឋ។ ចំណែកសង្កាត់ពញាពន់ និងសង្កាត់សំរោង ក៏ស្ថិតក្នុងផែនការ ចុះបញ្ជីក្នុងឆ្នាំ២០២៣។

ចំណែក​ លោក សារិន វណ្ណ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ ឲ្យដឹងដែរថា រាជធានីភ្នំពេញ ត្រូវបានជ្រើសរើស ជាក្រុងអាទិភាពក្នុងការចុះបញ្ជី ជាលក្ខណៈប្រព័ន្ធ ក្នុងចំណោមខេត្ត- ក្រុងទាំងអស់ ក្នុងព្រះរាជាណាចក្រកម្ពុជា។ គំរោងរៀបចំដែនដី និងរដ្ឋបាលដីធ្លីរាជធានីភ្នំពេញ បានចាប់ផ្ដើមនៅខែតុលា ឆ្នាំ២០០៣ រហូតមកទល់ បច្ចុប្បន្នគំរោងចុះបញ្ជីដីធ្លីបាន ៨៨ សង្កាត់ ក្នុងចំណោម ១០៥ សង្កាត់ ក្នុងរាជធានីភ្នំពេញ ៕

To Top