ព័ត៌មានជាតិ

សម្តេចតេជោ ឲ្យវៀតណាមចាប់ខ្លួន សម រង្ស៊ី ប្រគល់ឲ្យកម្ពុជា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានស្នើឲ្យមិត្តវៀតណាម ដែលនៅជាប់ភូមិផងរបងជាមួយគ្នា ត្រូវចាប់ខ្លួនលោកសម រង្ស៊ី បើសិនឃើញវត្តមាននៅវៀតណាម។ ការស្នើសុំពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោយពីសម្តេចបានទទួលនូវ ព័ត៌មានសំងាត់មួយមកថា លោក សម រង្ស៊ី គ្រោងនឹងមកវៀតណាម ក្នុងនាមជាភ្ញៀវទេសចរមកទស្សនាវៀតណាម ដោយប្រើប៉ាស្ព័រសញ្ញាតិបារាំង ។ ជាមួយគ្នានេះ សម្តេចក៏បានព្រមានផងដែរថា ប្រសិនបើមិនវៀតណាមមិនព្រមចាប់ខ្លួន បុគ្គលដែលជាទណ្ឌិតនេះទេ វៀតណាមពិតជាមានបញ្ហាជាមួយកម្ពុជាហើយ។

ទាំងអស់នេះ គឺជាសាររបស់សម្តេច ក្នុងឱកាសបើកការដ្ឋានសាងសង់ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតនាថ្ងៃ៧ មិថុនា ។ ក្នុងឱកាសបើកសម្ពោធសាងសង់ ផ្លូវល្បឿនលឿនខ្សែទី២ ដែលជាប់ព្រំប្រទល់វៀត ណាម ហើយឯកអគ្គរដ្ឋទូតវៀតណាម ចូលរួមជាភ្ញៀវកិត្តិយសដែរនោះ សម្តេចតេជោមានប្រសាសន៍សំដៅឆ្ពោះទៅ ទូតវៀតណាមក្នុងលក្ខណៈម៉ឹងម៉ាត់នោះថា «សូមប្រាប់ឯកអគ្គរដ្ឋទូតវៀតណាមផងណា ប្រយ័ត្នអាមួយគ្រឿងនោះ (សម រង្ស៊ី) ប្រើប៉ាស្ព័រសញ្ជាតិបារាំងបន្លំចូលវៀតណាម ព្រោះខ្ញុំបានទទួលព័ត៌មានយ៉ាងច្បាស់ថា គេធ្វើយ៉ាងណាឲ្យហ៊ុន សែនខឹង ។ អីចឹងគេរកវិធីចូលប្រទេសវៀតណាម អីចឹងសូមឯកឧត្តមឯកអគ្គរាជទូត ជូនដំណឹងទៅថ្នាក់ដឹកនាំវៀតណាមតែម្តងទៅ»។

ទោះបីជាសម្តេចនាយករដ្ឋមន្រ្តី បានបន្តដោយមិនបញ្ចេញចំឈ្មោះលើលោក សម រង្ស៊ីយ៉ាងណា ក៏ដោយ ប៉ុន្តែគោលដៅសម្តេចគូសទៅលោក សម រង្ស៊ីទៀតថា រូបគេមានបំណងចូលទៅម៉ាឡេស៊ី ហើយមានផែនការតចូលទៅថៃ និងវៀតណាម ដោយប្រើប៉ាស្ព័របារាំង។

ត្រង់ចំណុចនេះ សម្តេចគូសបញ្ជាក់ថា «បើវា(សម រង្ស៊ី)ចូល ខ្ញុំសូមស្នើចាប់ខ្លួនវាមកឲ្យខ្ញុំ ព្រោះយើងមានដីការចាប់ខ្លួន ហើយកម្ពុជា-វៀតណាម មានទំនាក់ទំនងទាក់ទងនឹងបញ្ហាហ្នឹង ។ យើងមានទំនាក់ទំនងការធ្វើបស្យាប័ន ធ្វើតាមផ្លូវច្បាប់រួចហើយ អីចឹងបើអាចង្រៃនឹងចូលមកគឺចាប់ឲ្យខ្ញុំ»។ សម្តេចតេជោបន្ថែមយ៉ាងច្បាស់ៗទៀតថា “បើចូលទៅវៀតណាមហើយ វៀតណាមមិនព្រមចាប់ខ្លួននោះ នឹងមានបញ្ហាជាមួយកម្ពុជាហើយ ។ នេះនិយាយឲ្យត្រង់ជាមួយគ្នា”។

ជាមួយគ្នានោះដែរ សម្តេចតេជោក៏បានរំលឹកពីសំដី សម រង្ស៊ី ដែលបាននិយាយឌឺថា សម្តេចសុទ្ធតែប្រើ BM21 តែសម្តេចថា ចុះអ្នកឯងកាលពីឆ្នាំ២០១៩ ធ្លាប់បានប្រកាសចាប់នាយករដ្ឋមន្ត្រី ហើយឲ្យកងទ័ពបង្វែរកាណុងបាញ់រាជរដ្ឋាភិបាល ដូច្នេះសម្តេចមានតែប្រើ BM21 ទៅអ្នកឯង ។

សម្តេចក៏បានលើកឡើងថា បើអ្នកឯងមិនព្រមដកហូតសំដីខ្លួនឯងទេ សម្តេចនៅតែបន្តប្រើ BM21សម្រាប់បាញ់អ្នកឯងដដែល។

សម្តេចបានគូសបញ្ជាក់ថា «បើមកធ្វើសង្គ្រាមត្រូវកម្ទេចក្បាលវាមុនទៅ អាមេបញ្ជាការត្រូវតែវៃវា ។ អីចឹងអ្នកវិភាគទាំងឡាយគិតឡើងវិញនូវសំដីវា»។

សូមជម្រាបថា កាលពីពេលថ្មីៗកន្លងមកនេះ ក្រោយពីសម្តេចតេជោបាន ប្រកាសស្វាគមន៍លោកសម រង្ស៊ីដោយប្រើ BM21 នៅពេលណាលោកចូលមកកម្ពុជានោះ ត្រូវលោកសម រង្ស៊ី ប្រកាសប្តឹងសម្តេចតេជោ ទៅតុលាការបារាំងពីការគម្រាមនេះផងដែរ ៕

To Top