នយោបាយ

សម្តេចតេជោ ឲ្យពលរដ្ឋស្ងៀមស្ងាត់ និងកុំខ្វល់ចំពោះយុទ្ធនាការ រារាំងទៅបោះឆ្នោត

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានស្រែកអំពាវនាវឲ្យ ប្រជាពលរដ្ឋខ្មែរដែល គ្រប់អាយុទៅបោះឆ្នោត រក្សាភាពស្ងៀមស្ងាត់និងកុំទៅខ្វាយខ្វល់ ឬរវីរវល់ជាមួយនឹងយុទ្ធនាការផ្សេងៗ ក្នុងន័យដូចគ្នាមិនឲ្យពលរដ្ឋទៅបោះឆ្នោត។

ជាមួយនឹងការអំពាវនាវឲ្យរក្សាភាពស្ងៀមស្ងាត់ និងកុំខ្វល់ជាមួយយុទ្ធនាការ មិនឲ្យពលរដ្ឋទៅបោះ ឆ្នោតពីក្រុមមនុស្សមួយចំនួន ដែលជាអ្នកប្រឆាំងនៅក្រៅប្រទេស សម្តេចតេជោពីក្នុងឱកាសដាក់ សម្ពោធការសាងសង់ផ្លូវល្បឿនលឿន ពីភ្នំពេញទៅបាវិត នាថ្ងៃ៧ មិថុនានេះ ក៏បានស្នើពលរដ្ឋរក្សា បរិយាកាសនយោបាយអព្យាក្រឹត្យផងដែរ សម្រាប់ដំណើរទៅបោះឆ្នោតថ្នាក់ជាតិនាថ្ងៃ២៣ កក្កដា ខាងមុខ ។

សម្តេចបន្តថា ចំពោះដំណើរការសន្តិសុខសណ្តាប់ធ្នាប់សង្គមនានា ត្រូវបានធានាដោយច្បាប់ ហើយដំណើរការបោះឆ្នោតត្រូវតែ ប្រព្រឹត្តទៅដោយភាពស្ងប់ស្ងាត់គ្មានហិង្សា ប្រជាធិបតេយ្យ និងគោរពសិទ្ធិជ្រើសរើស របស់ប្រជាជនជាម្ចាស់ឆ្នោត “ព្រោះពីនេះទៅការបោះឆ្នោត មិនយូរទេ ហើយសូមទាំងអស់គ្នា រក្សាភាពស្ងប់ស្ងាត់”។

សម្តេចបញ្ជាក់ទៀតថា “ឯរឿងវិធានការណ៍នានាដែល គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវចាត់វិធានការណ៍ចំពោះអ្នកបន្តច់បង្អាក់ នូវការអនុវត្តសិទ្ធិរបស់ពលរដ្ឋគឺគណៈកម្មាការជាតិ រៀបចំការបោះឆ្នោតបានបញ្ជាក់ (ការបដិសេធបក្សភ្លើងទៀន ចូលរួមបោះឆ្នោត)ហើយ” ។
ក្នុងន័យឌឺត្រឡប់ទៅវិញ សម្តេចបានជម្រុញឲ្យពួកគេ បន្តសកម្មភារារាំងពលរដ្ឋទៅបោះឆ្នោតទៀតទៅ ព្រោះគ.ជ.បនឹងស្នើមករាជរដ្ឋាភិបាលហើយ ដើម្បីឲ្យមានវិធានការណ៍យ៉ាងណាខ្លះទៅលើពួកគេ ទាំងនោះ ។

សម្តេចតេជោក៏បង្ហាញក្តីសង្ឃឹមថា ពលរដ្ឋនឹងចូលរួមបោះឆ្នោតគ្រប់ៗគ្នា។ សម្តេចក៏សង្ឃឹមយ៉ាងមុតមាំដែរថា ពលរដ្ឋនឹងបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា ស្ថិតនៅលេខរៀងទី១៨ ។

សូមបញ្ជាក់ថា ក្រោយឃើញបណ្តាញហ្វេសប៊ុក របស់ក្រុមប្រឆាំងដែលមានបុគ្គលឆាំ ឆានី បានបំផុសគៀងគរ ពលរដ្ឋខ្មែរនៅក្រៅប្រទេសនានា ឲ្យចេញមកឃោសនាមានខ្លឹមសារដូចគ្នា គឺមិនឲ្យពលរដ្ឋទៅបោះឆ្នោតថ្នាក់ជាតិនាថ្ងៃ២៣ កក្កដា គ.ជ.បកាលពីថ្ងៃ៦ មិថុនា បានអំពាវនាវបញ្ឈប់ជាបន្ទាន់សកម្មភាពដែលផ្ទុយពីខ្លឹមសារ នៃច្បាប់បោះឆ្នោត មិនឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត ក្រោយគ្មានវត្តមានគណបក្សភ្លើងទៀន ។

គ.ជ.ប បញ្ជាក់យ៉ាងច្បាស់ ទៅមនុស្សមួយចំនួនដែលចេញយុទ្ធនាការ តាមរយៈខិតបណ្ណ រូបភាព ឬស្ប៉តឃោសនានានា តាមបណ្តាញសង្គមហ្វេសប៊ុក ឲ្យពលរដ្ឋគូសសន្លឹកឆ្នោតចោល និងមិនឲ្យទៅបោះឆ្នោតនោះ គឺថា គ.ជ.ប បដិសេធចំពោះគណបក្សភ្លើងទៀន ដោយអនុវត្តទៅតាមច្បាប់ប៉ុណ្ណោះ ៕

To Top