ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី ៖ ត្រូវខិតខំដោះស្រាយបាតុកម្ម រវាងកម្មករនិងថៅកែ កុំឲ្យក្លាយជាជំងឺមហារីក និងឡើងតុលាការ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានស្នើឲ្យអភិបាលរាជធានី-ខេត្តដែលម្ចាស់ទឹកដីត្រូវតែខិតខំដោះស្រាយបញ្ហាបាតុកម្ម រវាងកម្មករនិងថៅកែរោងចក្រ ធ្វើយ៉ាងណាងកុំឲ្យជម្លោះក្លាយជាជំងឺមហារីករហូតដល់ឡើងតុលាការ។

សម្តេចតេជោបានថ្លែងក្នុងពិធីសំណេះសំណាលជាមួយកម្មករ នៅកំពង់ឆ្នាំង នាព្រឹកថ្ងៃ៨ មិថុនាថា «ម្ចាស់ទឹកដីអភិបាលខេត្ត អភិបាលរង ត្រូវយកចិត្តទុកដាក់ដោះស្រាយបញ្ហាបាតុកម្ម កុំឲ្យវាក្លាយជាជំងឺមហារីក ។ ពីដើមគេមិនធ្វើបាតុកម្មទេ តែវាបានរុញបើកទ្វារឲ្យធ្វើបាតុកម្ម ឥឡូវហ្នឹងអាមេរោគ(សម រង្ស៊ី) វាទៅបាត់ហើយ ឲ្យវាព្រាត់ប្រាស់ទៅ អាហ្នឹងថៅកែបាតុកម្ម មួយជីវិតវាធ្វើតែបាតុកម្ម»។

សម្តេចតេជោថា តើការធ្វើបាតុកម្មអាចដោះស្រាយបញ្ហាអ្វីពិតប្រាកដ ពេលមុនអ្នកបាតុកម្មមានត្រឹម៥០នាក់ ហើយកម្មករមាន២ពាន់នាក់ តែម្នាក់នោះបានទៅរារាំងកុំឲ្យគេចូលធ្វើការ។ សម្តេចគូសបញ្ជាក់ថា «ចាប់ពីថ្ងៃនេះតទៅ អត់ឲ្យមានទេអាធុនធ្វើបាតុកម្មនឹងត្រូវតែមកសម្របសម្រួលដោះស្រាយជាមួយគ្នា ហើយកុំឲ្យបញ្ហានេះឡើងដល់តុលាការអីត្រូវខិតខំដោះស្រាយជាមួយគ្នា។ ថៅកែ និងកម្មករគឺជាដៃគូជាមួយគ្នាដោយមិនអាចខ្វះមួយណាបានទេ»។

សម្តេចបានស្នើឲ្យកម្មករ និងដៃគូរពាក់ព័ន្ធត្រូវតែខិតខំ ធ្វើផលិតកម្មនៅកម្ពុជា ដើម្បីក្លាយជាផលិតកម្មដែលបំពេញតម្រូវក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស ៕

To Top